ជាតិ
សង្គមជាតិ
តំណាងពលរដ្ឋមកពីខេត្តចំនួន៤ ទាមទារជួបរដ្ឋមន្រី្តរៀបចំដែនដី ដើម្បីដោះស្រាយរឿងដីធ្លី
21, Sep 2020 , 12:16 pm        
រូបភាព
ភ្នំពេញ៖ តំណាងពលរដ្ឋចំនួន១,៩៩៦គ្រួសារមកពីខេត្តកោះកុង កណ្តាល ត្បូងឃ្មុំ និងខេត្តស្វាយរៀង បាននាំគ្នាទៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃចន្ទ ទី២១កញ្ញានេះ ដើម្បីទាមទារជួប លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឱ្យកំណត់ពេលវេលាជាក់លាក់ណាមួយ ក្នុងការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។


 
លោក ឈឹម សាផាន តំណាងពលរដ្ឋ៧៤៣គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន កោះកុងស៊ូហ្គេ័រ និងកោះកុងផ្លេនថេសិនអិនដាស់ស្ទ្រី ខមផេនី របស់លោកលី យ៉ុងផាត់  បាននិយាយថា ការទាមទារជួបលោកជា សុផារ៉ា នេះ គឺដើម្បីចង់ដឹងថាតើក្រសួងពាក់ព័ន្ធមួយណានឹងដោះស្រោយរឿងដីធ្លីរបស់ពួកគេ ដែលអូសបន្លាយអស់រយ់ពេលជាង១០ឆ្នាំមកនេះ ។ 

 
បើតាមលោក សាផាន សហគមន៍៧៤៣គ្រួសារ បានដាក់ញ្ញាតិ្តទៅ ព្រទ្ធឹសភា រដ្ឋសភា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ ផ្សេងទៀតជាច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយដដែល។ លោក ឈឹម សាផាន  បាននិយាយដូច្នេះ៖«ខ្ញុំមកថ្ងៃនេះ[ទាមទារជួបលោក ជា សុផារ៉ា] គោលបំណងតែមួយគត់ គឺតើឱ្យក្រសួងពាក់ព័ន្ធមួយណាដោះស្រាយដីឱ្យខ្ញុំ? ពេលណា?ថ្ងៃណា? ដោយអ្នកណា?»។  

 
 
ជាមួយគ្នានេះ អ្នកស្រីដេត ហ៊ួ តំណាងសហគមន៍១៩៧គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានអះអាងថា សម្រាប់ការទាមទារឱ្យមានដំណោះស្រោយរឿងដីធ្លីនេះ បើមិនបានជួបលោកជា សុផារ៉ា ទេ  ប្រជាសហគមន៍ទាំង១៩៧គ្រួសារ គឺមិនត្រឡប់ទៅវិញឡើយ។ «យើងនៅទីនេះ នៅរង់ចាំរហូតដល់មានដំណោះស្រោយ ពីព្រោះពួកយើងទៅមកច្រើនលើកច្រើនសារមកហើយ តែមិនដែលមានសដំណោះស្រោយសោះ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដេត ហ៊ួ ។
 
មកដល់ម៉ោង១២ថ្ងៃត្រង់នេះ មិនទាន់មានមន្ត្រីក្រសួងរៀបចំដែនដីណាមួយ ចេញមកដំណោះស្រាយជាមួយពលរដ្ឋរងគ្រោះដីធ្លីឡើយ។ នេះបើតាមលោក ឈឹម សាផាន តំណាងពលរដ្ឋ៧៤៣គ្រួសារមកពីខេត្តកោះកុង ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីនេះនៅឡើយទេ។ 
 
សារព័ត៌មានថ្មីៗ នឹងលម្អិតព័ត៌មាននេះ បន្ថែមទៀត។
 




 

Tag:
 ដីធ្លី
  កោះកុង
 កណ្តាល
  ឃ្មុំត្បូង
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com