ជាតិ
សង្គមជាតិ
ធ្លាក់ភ្លៀងប៉ុន្មានថ្ងៃ ធ្វើឲ្យផ្ទះ៣៧ខ្នង នៅប៉ៃលិន ត្រូវជន់លិច
21, Sep 2020 , 2:10 pm        
រូបភាព
ផ្ទះពលរដ្ឋនៅឃុំស្ទឹងត្រង់់កំពុងជន់លិចដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី២១កញ្ញា ២០២០។ (រូបពីក្រសួងធនធានទឹក និងឧតុនិយម)
ផ្ទះពលរដ្ឋនៅឃុំស្ទឹងត្រង់់កំពុងជន់លិចដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី២១កញ្ញា ២០២០។ (រូបពីក្រសួងធនធានទឹក និងឧតុនិយម)
ភ្នំពេញ៖ ផ្ទះពលរដ្ឋ៣៧ខ្នង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្តប៉ៃលិន។



លោក អ៊ុន ប៊ុនលី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១កញ្ញានេះថា រាល់ឆ្នាំ តំបន់ស្ទឹងត្រង់តែងតែលិចដោយជំនន់ទឹកភ្លៀង។ លោកបន្ថែមថា ស្ថានភាពជន់លិចនេះ គឺមានរយៈពេលខ្លីមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយ។

លោក និយាយថា៖«ស្ថានភាពទឹកលិចក្នុងខេត្តធូរស្រាលហើយ ព្រោះនៅព្រឹកនេះរលឹមតិចៗ មិនភ្លៀងធ្លាក់ខ្លាំងដូចប៉ុន្មានថ្ងៃមុន។ ហើយស្ថានភាពទឹកលិចនេះ បើគ្មានភ្លៀងធ្លាក់បន្ត មិនយូរទេប៉ុន្មានថ្ងៃទៀតអាចនឹងស្រក់វិញអស់ហើយ»។

លោក បន្ថែមថា ប្រឡាយជាង២០០ម៉ែត្រ និងផ្លូវលំជាង៥០០ម៉ែត្រ ក្នុងឃុំស្ទឹងត្រង់ក៏រងការលិចទឹកដែរ។ ជាមួយគ្នាដែរ នាយករដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅអំឡុងពេលមេឃភ្លៀងនិងទឹកជន់លិចបែបនេះ។

សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១៨-២០កញ្ញា កម្ពុជា បានទទួលរងឥទ្ធិពលព្យុះទី១១ ឈ្មោះ នូល (NOUL) ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែកញ្ញា។ ឥទ្ធិពលព្យុះនេះ បង្កឲ្យ តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក រួមទាំងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕

Tag:
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com