COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា ឲ្យ​ប្រជាជន​ទីក្រុង​យ៉ាំង​ហ្គោ​ន​ស្នាក់​នៅផ្ទះ ក្រោយ​ករណី​ឆ្លង COVID-19 ហក់​ឡើង​
21, Sep 2020 , 2:32 pm        
រូបភាព
ស្រ្តីមីយ៉ាន់ម៉ាបីកូនរង់ចាំការធ្វើតេស្តរកជំងឺ COVID-19 ក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព Xinhua
ស្រ្តីមីយ៉ាន់ម៉ាបីកូនរង់ចាំការធ្វើតេស្តរកជំងឺ COVID-19 ក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព Xinhua
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានចេញ​បញ្ជា​ស្នាក់​ផ្ទះ​សម្រាប់​ប្រជាជន​ទីក្រុង​យ៉ាំង​ហ្គោ​ន ក្រោយ​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​មួយ​នេះ ហក់​ឡើង​ខ្លាំង​។ មី​យ៉ាន់​ម៉ា​ដែល​ស្ងប់ស្ងាត់​ករណី​ឆ្លង​ក្នុងស្រុក​នៅ​ជាច្រើន​ខែ កំពុង​ញាំញី​ដោយ​ករណី​ឆ្លង​ច្រើន​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។​

 
​នៅ​ថ្ងៃទី​២០ ខែកញ្ញា ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​ពី​ករណី​ឆ្លង​ប្រចាំថ្ងៃ​ចំនួន​៦៧១​នាក់ ដែលជា​តួលេខ​ច្រើន​បំផុត​ក្នុងប្រទេស​មួយ​នេះ តែ​មិនបាន​បញ្ជាក់​កន្លែង​មាន​ករណី​ឆ្លង​ឡើយ​។ ចំនួន​អ្នក​ឆ្លង​សរុប​មាន​៥៥៤១​នាក់ និង​ស្លាប់​៩២​នាក់​។ 
 
​ទីក្រុង​យ៉ាំង​ហ្គោ​ន ដែលជា​បណ្ដុំ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​មី​យ៉ាន់​ម៉ា រង​ការ​វិធានការ​រឹតត្បិត​កាន់តែខ្លាំង ក្រោយ​ករណី​ឆ្លង​នៅ​ទីក្រុង​នេះ​មាន​ច្រើន​។ ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ប្រជាជន​ក្នុង​ទីក្រុង​នេះ ត្រូវអនុវត្ត​បញ្ជា​ស្នាក់​នៅផ្ទះ សំដៅ​កាត់បន្ថយ​ការឆ្លង​ថ្មី​បន្ថែមទៀត​។ ជាមួយ​បទបញ្ជា​នេះ បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ ត្រូវធ្វើ​ការ​ពី​ផ្ទះ​វិញ​។ សាលារៀន​ក្នុង​ទីក្រុង ត្រូវបាន​បញ្ជា​ឲ្យ​បិទ​រួចស្រេច​ទៅហើយ​ក្រោម​វិធាន​ការលើក​មុន​។​
 
​ករណី​ឆ្លង​ថ្មី​នៅ​មី​យ៉ាន់​ម៉ា ហក់​ឡើងដល់​ខ្ទង់រយ​នាក់​ក្នុង​មួយថ្ងៃ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ករណី​ឆ្លង ងើបឡើង​វិញ​នៅ​រដ្ឋ​រ៉ា​ក់​ឃី​នភា​គ​ខាងលិច​ប្រទេស​។ ករណី​ឆ្លង​ក្នុងចំណោម​ជនភៀសខ្លួន បានក្លាយ​ជា​រឿង​ឈឺក្បាល​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ខណៈ​ការបោះឆ្នោត​កាន់តែ​ជិត​ដល់​ហើយ​នោះ​។ ការផ្ទុះ​ករណី​ឆ្លង​ថ្មីៗ ក៏​បង្ខំ​ឲ្យ​ជើងហោះហើរ​ក្នុងស្រុក​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ដែរ​។​
 
​ជាមួយគ្នានេះ យុទ្ធនា​ការឃោសនា​រប​ស់​បក្សនយោបាយ​នានា​ដែល​ធ្លាប់តែ​គគ្រឹកគគ្រេង អ៊ូអរ​ពេញ​ដង​ផ្លុ​វ ក៏​ប្រែជា​ស្ងប់ស្ងាត់​ខ្លះ​វិញ ហើយ​ត្រូវបាន​រាំងស្ទះ ព្រោះ​តំបន់​ជាច្រើន ត្រូវ​កំណត់​ជា​កន្លែង​ហាមឃាត់​។ ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន​ម៉ា នឹងធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com