ជាតិ
សង្គមជាតិ
អាជ្ញាធរ​រារាំង​ពលរដ្ឋ មិនឱ្យ​សម្រុកចូល​ក្រសួង​រៀបចំ​ដែនដី​
21, Sep 2020 , 3:02 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ដែលមាន​បញ្ហា​ទំនាស់​ដីធ្លី បាននាំគ្នា​សម្រុកចូល​ទៅក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ម៉ោងជាង​២​រសៀល ថ្ងៃទី​២១ កញ្ញា​នេះ ប៉ុន្តែ​ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច រារាំង​មិនឱ្យ​ចូល​ឡើយ​។​


​សមត្ថកិច្ច បានអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំងនោះ អង្គុយ​នៅត្រឹម​បរិវេណ​នៃ​ទីតាំង​តវ៉ា​តែប៉ុណ្ណោះ ពោលគឺ​មិនឱ្យ​ពួកគេ​ចរយាត្រា ឬ​ដង្ហែ​ក្បួន​នោះទេ​។ 
 
​លោក ឈឹម សាផាន តំណាង​ពលរដ្ឋ​៧៤៣​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន កោះកុង​ស៊ូ​ហ្គេ័​រ និង​កោះកុង​ផ្លេ​ន​ថេ​សិន​អិន​ដាស់​ស្ទ្រី ខម​ផេ​នី របស់លោក​លី យ៉ុង​ផាត់  បាន​និយាយថា ការទាមទារ​ជួយ​លោក​ជា សុផារ៉ា នេះ គឺ​ដើម្បី​ចង់ដឹងថា​តើ​ក្រសួង​ពាក់ព័ន្ធ​មួយណា​នឹង​ដោះ​ស្រោ​យ​រឿង​ដីធ្លី​របស់​ពួកគេ ដែល​អូសបន្លាយ​អស់​រយ់ពេល​ជាង​១០​ឆ្នាំ​មកនេះ ។ 
​បើតាម​លោក សាផាន សហគមន៍​៧៤៣​គ្រួសារ បានដាក់​ញ្ញា​តិ្ត​ទៅ ព្រ​ទ្ធឹ​សភា រដ្ឋសភា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ ផ្សេងទៀត​ជាច្រើនលើក ច្រើនសារ​មកហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​។ លោក ឈឹម សាផាន  បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​មក​ថ្ងៃនេះ​[​ទាមទារ​ជួប​លោក ជា សុផារ៉ា​] គោលបំណង​តែមួយគត់ គឺ​តើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​មួយណា​ដោះស្រាយ​ដី​ឱ្យ​ខ្ញុំ​? ពេលណា​?​ថ្ងៃ​ណា​? ដោយ​អ្នកណា​?»​។  
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត បាន​បញ្ជាក់ថា ករណី​តវ៉ា​របស់​ពួកគេ​នេះ ខាង​ក្រសួង​គ្មាន​ដំណោះស្រាយ​នោះទេ បើទោះបីជា​ពួកគេ​នៅ​បន្ត​រងចាំ​ជួប​រដ្ឋមន្ត្រី​ក្តី​។ មិនតែប៉ុណ្ណោះ​លោក សេង ឡូត អះអាងថា ការតវ៉ា​ទាមទារ​របស់​តំណាង​ពលរដ្ឋ​ទាំងនេះ ជា​រឿង​មិន​ត្រឹមត្រូវ​ទៅវិញ​។ លោក សង្កត់ធ្ងន់ថា ការទាមទារ​របស់​ព​ល​រដ្ឋ​នេះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​។​


 
​ថ្លែង​មុន​បិទ​ទូរស័ព្ទ អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា ក្រសួង​នឹង​ចេញ​លិខិត​ស្រាយ​បំភ្លឺ​ជុំវិញ​ករណី​ទាមទារ​របស់​ពលរដ្ឋ​មកពី​ខេត្ត​ទាំង​៤ នៅ​ថ្ងៃ​ទៅ​២១ កញ្ញា​នេះ​។​
 
​តែ​យ៉ាងណា​អ្នកស្រី​ដេ​ត ហ៊ួ តំណាង​សហគមន៍​១៩៧​គ្រួសារ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ​គ្រុប ស្ថិតក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​អះអាងថា បើ​មិនបាន​ជួប​លោក​ជា សុផារ៉ា ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ទេ ប្រជា​សហគមន៍​ទាំង​១៩៧​គ្រួសារ គឺ​មិន​ត្រឡប់​ទៅវិញ​ឡើយ​។ «​យើង​នៅទីនេះ នៅ​រង់ចាំ​រហូតដល់​មាន​ដំណោះ​ស្រោ​យ ពីព្រោះ​ពួកយើង​ទៅមក​ច្រើនលើកច្រើនសារ​មកហើយ តែ​មិនដែល​មា​នស​ដំណោះ​ស្រោ​យ​សោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ដេ​ត ហ៊ួ ។​
 
​ពលរដ្ឋ​ជាង​ប្រមាណ​៤០០​នាក់ តំណាង​ពលរដ្ឋ​ចំនួន​១,៩៩៦​គ្រួសារ មកពី​ខេត្តកោះកុង កំពង់ស្ពឺ ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង បាននាំគ្នា​មក​តវ៉ា​នៅមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី​ពួកគេ ដែល​បានអូសបន្លាយ​ជាង​១០​ឆ្នាំនេះ​៕
 

Tag:
 ​ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com