COVID-19
អន្តរជាតិ
លោក Biden បង្ហាញ​ផែនការ​របស់លោក​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​១៩
21, Sep 2020 , 7:59 pm        
រូបភាព
​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត​មាន​មួយ នៅ​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​។​
​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត​មាន​មួយ នៅ​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​ទីក្រុង WILMINGTON រដ្ឋ DELAWARE — 
​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​អ្នកវិទ្យាសាស្ត្រ​ដែល​មិន​ស្ថិតក្រោម​សេត​វិមាន ឲ្យ​ធ្វើជា​អ្នកកំណត់​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ណាមួយ​។​

 
​លោក Biden បាន​និយាយ​នៅក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ថា​៖ « ខ្ញុំ​ទុកចិត្ត​វ៉ាក់សាំង​។ ខ្ញុំ​ទុកចិត្ត​អ្នកវិទ្យាសាស្ត្រ​។ ប៉ុន្តែ ខ្ញុំ​មិន​ទុកចិត្ត​លោក​ប្រធានាធិបតី Donald Trump ទេ​។ ហើយ​នៅពេលនេះ ប្រជាពលរដ្ឋ​អាមេរិកាំង​ក៏​មិនអាច​ទុកចិត្ត​លោក Trump ដែរ​»​។​
 
​ថ្លែង​ទៅកាន់​អ្នកកាសែត​នៅ​រោង​មហោស្រព​មួយ លោក Biden បានបង្ហាញ​ផែនការ​របស់លោក​នៅ ក្នុងការ​ចែកចាយ​វ៉ាក់សាំង ដែល​បង្ហាញ​អំពី​ពេលវេលា​ដែល​ពលរដ្ឋ​អាមេរិកាំង​អាច​រំពឹងថា​នឹង​ទទួលបាន​វ៉ាក់សាំង នៅពេល​ដែលមាន​វ៉ាក់សាំង​នោះ​។​
 
​ជាងនេះទៀត ផែនការ​របស់លោក​ផ្តល់​គោលការណ៍​ណែនាំ​អំពី​ថា តើន​រណា​គួរ​មាន​អាទិភាព​ទទួលបាន​វ៉ាក់សាំង​មុន និង​បាន​រៀបរាប់​អំពី​យន្តការ​សម្រាប់​ការដឹកជញ្ជូន​និង​ស្តុក​ទុក​វ៉ាក់សាំង ក៏ដូចជា​បង្ហាញ​សេចក្តីលម្អិត​អំពី​ដំណើរការ​ទទួលខុសត្រូវ​នៅ​គ្រប់​កម្រិត​ទាំងអស់​របស់​រដ្ឋាភិបាល​។​
 


​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ ១៩ នៅ​សេត​វិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​។​
 
​ក្រោយមក លោក​ប្រធានាធិបតី Trump បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​សេត​វិមាន​ក្នុង​ថ្ងៃ​ដដែល​នោះ​ថា លោក Biden មិនគួរ​ផ្សព្វផ្សាយ​ផែនការ​ចែកចាយ​វ៉ាក់សាំង​ដែល​បាន​បង្កើតឡើង​នៅក្រោម​អាណត្តិ​របស់លោក​នោះទេ​។​
 
​លោក​ប្រធានាធិបតី Trump បាន​និយាយថា​៖ «​យើង​បាន​បង្កើត​វ៉ាក់សាំង​នោះ​។ វ៉ាក់សាំង​នោះ​នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​»​។​
 
​លោក Trump បាន​ប៉ាន់​ស្មានថា វ៉ាក់សាំង​កូ​វីដ​១៩ ដំបូង អាច​មាននៅ​ខែក្រោយ និង​បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រៀម​ចែកចាយ​វ៉ាក់សាំង​នេះ​ឲ្យ​បាន​យ៉ាងតិច​ក៏ ១០០ លាន​ដូ​ស​ដែរ​នៅត្រឹម​ចុងឆ្នាំ ២០២០ នេះ​។​
 
​ប៉ុន្តែ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ថា វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ អាចមាន​ជាទូទៅ​សម្រាប់​សាធារណជន​អាមេរិកាំង​នៅ​ត្រីមាស​ទី ២ ឬ​ទី ៣ នៃ​ឆ្នាំក្រោយ ដោយ​អ្នក​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចជា មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែលមាន​ជំងឺ​ផ្សេងៗ​ជាប់​ខ្លួន​ស្រាប់ រួមទាំង​បុគ្គលិក​សុខាភិបាល គឺជា​អ្នក​ដែលមាន​អាទិភាព​ទទួលបាន​វ៉ាក់សាំង​នេះ​មុនគេ​។​
 
​លោក Trump បានបង្ហាញ​យ៉ាងច្បាស់​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​មិន​ពេញចិត្ត​ចំពោះ​ការលើកឡើង​របស់លោក Redfield អំពី​ពេលវេលា​ដូចនេះ​ទេ​។​
 
​លោក Trump បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា លោក Redfield ច្រឡំ​នៅពេលដែល​លោក​បាន​និយាយ​ដូច្នោះ​។ នោះ​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​នោះទេ​។ វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ នឹងមិន​មាន​យឺត​ពេល​ដូច​លោក​វេជ្ជបណ្ឌិត Redfield លើកឡើង​នោះឡើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com