ជាតិ
សង្គមជាតិ
ឥទ្ធិពល​ព្យុះ​នូ​ល សម្លាប់​មនុស្ស​ជាង​១០​នាក់ និង​ធ្វើ​ឲ្យ​លិច​ផ្ទះ​ជាង​១៨០០​ខ្នង​នៅ​កម្ពុជា​
21, Sep 2020 , 9:39 pm        
រូបភាព
ទិដ្ឋភាពផ្ទះរបស់ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ជន់លិចដោយសារជំនន់ទឹកភ្លៀង រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ​
ទិដ្ឋភាពផ្ទះរបស់ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ជន់លិចដោយសារជំនន់ទឹកភ្លៀង រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ​
ដោយ:
​ឥទ្ធិពល​ព្យុះ​នូ​ល ដែល​ធ្វើ​ឲ្យ​ធ្លាក់ភ្លៀង​នៅតាម​បណ្តា​ខេត្ត នៃ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​មនុស្ស​ចំនួន​១១​នាក់ បាត់​ខ្លួន​ម្នាក់ និង​លិច​ផ្ទះសម្បែង​ជាង​១៨០០​ខ្នង​។ នេះ​បើតាម​របាយការណ៍​ដែល​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានផ្តល់​ឲ្យ​អ្នកសារព័ត៌មាន ThmeyThmey តាម​តេ​ឡេ​ក្រាម​។

 
​ក្នុង​របាយការណ៍ បាន​បង្ហាញថា ខេត្ត​ចំនួន​៨ បាន​រងគ្រោះ​ទឹកជំនន់ ដោយសារ​ឥទ្ធិពល​ព្យុះ​នូ​ល​។ ក្នុងនោះ​រួមមាន ខេត្ត​ព្រះសីហនុ កោះកុង បាត់ដំបង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កំពត កែប និង​ពោធិ៍សាត់ ។ របាយការណ៍​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ គឺ​រង​ប៉ះពាល់​ខ្លាំងជាងគេ​។ 
 
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ផ្ទះសម្បែង​នៅក្នុង​ស្រុក​ព្រៃនប់ និង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ លិច​ជន់​អស់​ចំនួន​១,៧០១​ខ្នង​, លិច​ផ្លូវ​៣​កន្លែង ស្មើនឹង​៤០០​ម៉ែត្រ​, ផ្លូវលំ​៩​កន្លែង ស្មើនឹង​៣,៤៧០​ម៉ែត្រ​។ ករណី​គ្រោះធម្មជាតិ​ក្នុង​ខេត្ត​នេះ ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ផងដែរ​។ 
 
​ដោយឡែក​ផ្លូវ​៣​ភូមិ​ក្នុងស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង និង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ជន់​លិច និង​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន​១៨ ។ រីឯ​បុរស​ម្នាក់​ដែលជា​អ្នកនេសាទ បាន​លិច​ទូក​នៅ​ភូមិ​ចំការលើ ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្តកោះកុង ត្រូវបាន​ស្លាប់​ហើយ​។ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​


 ទិដ្ឋភាពលិចផ្លូវ​ជាតិលេខ៥៥ ចំណុចស្ពាន់ស្ពង់ ឃុំ​សំរោង ស្រុកក្រវ៉ាញ រូបភាពពីលោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

​របាយការណ៍ បាន​បន្ថែមថា ខេត្តបាត់ដំបង មាន​មនុស្ស​ស្លាប់​៨​នាក់ ដោយសារ​រន្ទះបាញ់ និង​រងរបួស​ចំនួន​៣​នាក់ ប៉ុន្តែ​មិនទាន់មាន​តួលេខ​ផ្ទះ ដែល​ប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​នៅឡើយ​ទេ​។​
 
​ចំពោះ​ផ្ទះសម្បែង​ចំនួន​៩៣​ខ្នង និង​ផ្លូវ​ប្រវែង​៦,៨៣៩​ម៉ែត្រ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​ជន់​លិច​។ រីឯ​ស្រែចម្ការ​ចំនួន​២១០​ហិច​តា និង​ដំឡូង​មី​៥៩​ហិច​តា​រង​ផលប៉ះពាល់​។ ចំណែក​ផ្ទះសម្បែង​នៅ​ខេត្ត​ប៉ៃលិន ប៉ះពាល់​ពលរដ្ឋ ៣១​គ្រួសារ លិច​ផ្លូវ​១៨៥​ម៉ែត្រ ដំណាំ​រួមផ្សំ​៤៤​ហិច​តា ខណៈ​មនុស្ស​ម្នាក់​ត្រូវបាន​បាត់​ខ្លួន​។ 
 
​ផ្ទះសម្បែង​ចំនួន​២២​ខ្នង​ដែល​ស្ថិតនៅក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​កំពង់ត្រាច និង​ស្រុក​ទឹកឈូរ ក្នុង​ខេត្តកំពត ក៏ត្រូវ​បាន​ខូចខាត​ទាំង​ស្រង់​ផងដែរ​។ រីឯ​ផ្ទះសម្បែង​នៅក្នុង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​ក៏ត្រូវ​ខូចខាត​ចំនួន​១៦​ខ្នង​ដែរ​។ ចំណែក​នៅក្នុង​ខេត្តពោធិ៍សាត់ ក៏បាន​ប៉ះពាល់​ដល់​ស្រុក​វាលវែង​ចំនួន​៤​ឃុំ ទឹក​ហូរ​ដាច់​ផ្លូវ​ចំនួន​៦​កន្លែង លិច​ផ្លូវ​ចំនួន​៦០​ម៉ែត្រ និង​ផ្លូវលំ​ចំនួន​២០០​ម៉ែត្រ​។ នេះ​បើតាម​របាយការណ៍​ដដែល​។​
 
អត្ថបទទាក់ទង
 
 
​របាយការណ៍​សរុប​នៃ​តួលេខ​ប៉ះពាល់ និង​ខូចខាត​នោះ បាន​បង្ហាញថា ឥទ្ធិពល​ព្យុះ​នូ​ល បាន​បណ្តាល​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​សរុប​១៨២៥​ខ្នង ក្នុងនោះ​ខូចខាត​ផ្ទះ​ចំនួន​៥៦​ខ្នង ស្រូវ​ចំនួន​២១០​ហិច​តា ដំឡូង​មី​ចំនួន​៥៨​ហិច​តា ដំណាំ​គួបផ្សំ​ចំនួន​៤៤​ហិច​តា ស្លាប់​មនុស្ស​ចំនួន​១១​នាក់ និង​បាត់​ខ្លួន​ម្នាក់​៕
 
 

Tag:
 ទឹកជំនន់​
 ​ផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com