ជាតិ
ស្រូវ និង​ដំឡូង​មី ប្រមាណ ៣០០​ហិកតា រង​ប៉ះពាល់​ដោយសារ​ឥទ្ធិពល​ព្យុះ​«​នូ​ល​»
21, Sep 2020 , 3:56 pm        
រូបភាព
(រូបភាពពីក្រសួងធនធានទឹក និងពី ThmeyThmey)
(រូបភាពពីក្រសួងធនធានទឹក និងពី ThmeyThmey)
ដោយ:
​ឥទ្ធិពល​ព្យុះ​ទី​១១ «​នូ​ល​» បានធ្វើ​ឲ្យ​កម្ពុជា​ទទួលរង​នូវ​វិ​សម្ពាធ​ទាប និង​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ប្រជាពលរដ្ឋ និង​ផលដំណាំ​ផ្សេងៗ ប្រមាណ ៣១២​ហិកតា បាន​រង​ផលប៉ះពាល់​ផងដែរ បើ​គិត​ត្រឹម​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ឃុន សុខា អ្នកនាំពាក្យ​អ្នក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២០​។​

 
​បើតាម​អ្នកនាំពាក្យ​រូបនេះ​៖« ខេត្ត​ចំនួន​៨ ដែល​បាន​រងគ្រោះ​ដោយសារ​ឥទ្ធិពល​ព្យុះ «​នូ​ល​» មាន​ខេត្ត​ឧ​ត្ត​មានជ័យ កោះកុង បាត់ដំបង ប៉ៃលិន ព្រះសីហនុ កំពត កែប ពោធិ៍សាត់​។ ហើយ​ខេត្ត​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ខេត្ត​ព្រះសីហនុ​»​។ ដោយឡែក​សម្រាប់​ខេត្ត​ព្រះសីហនុ​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ ១ ៧០១​ខ្នង​រង​ប៉ះពាល់ ធ្វើ​ឲ្យ​មនុស្ស ២​នាក់​បាន​ស្លាប់ និង​ពលរដ្ឋ ៤៧៥​នាក់​ត្រូវបាន​ជម្លៀស​។​
 
​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​យប់​ថ្ងៃទី​២០ កញ្ញា ដំណាំ​ស្រូវ ២១០​ហិកតា ដំណាំ​ដំឡូង​មី ៥៨​ហិកតា និង​ដំណាំ​ផ្សេងៗ ៤៤​ហិកតា នៅក្នុង​ខេត្ត​ទាំង ៨ ខាងលើ បាន​រង​ផលប៉ះពាល់​។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏​មិនទាន់​បញ្ជាក់​ពី​វិធានការ​ទប់ស្កាត់​ការខូចខាត​នៅឡើយ​ទេ​។​
 
​សូមជម្រាបថា កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​១១ ឈ្មោះ នូ​ល »NOUL» ចាប់ពី​ថ្ងៃទី​១៨-២០ ខែកញ្ញា​។ ព្យុះ​នេះ បាន​បង្ក​ឲ្យ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ជួរ​ភ្នំ​ដងរែក រួមទាំង​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕

Tag:
 ​កសិកម្ម​
 ​ព្យុះ​នូ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com