រថយន្ត
អន្តរជាតិ
នារីម្នាក់នៅអង់គ្លេសធ្លាក់ពីលើរថយន្ត ពេលថតវីដេអូដើម្បីបង្ហោះលើបណ្តាញសង្គម
21, Sep 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
ស្ត្រីវ័យក្មេងម្នាក់ បានធ្លាក់ពីលើរថយន្តដែលកំពុងបើកនៅលើផ្លូវមួយនៅភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បន្ទាប់ពីគាត់បានបើកបង្អួច ហើយថតវីដេអូដើម្បីបង្ហោះលើបណ្តាញសង្គម Snapchat។ នេះបើតាមការផ្សាយរបស់ CNN។

 
អង្គភាពប៉ូលិសចរាចរណ៍ប្រចាំក្រុង Surrey (RPU-Roads Policing Unit) បានសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញាថា ស្ត្រីដែលអង្គុយនៅកៅអីខាងមុខរូបនោះ មានសំណាងខ្លាំងណាស់ ដែលបានរួចផុតពីគ្រោះថ្នាក់នៅលើផ្លូវ M25 ដ៏មមាញឹក។ 
 
«សំណាងតែមួយគាត់ ដែលគាត់មិនរងរបួសធ្ងន់ធ្ងរ ឬឈានទៅដល់ស្លាប់»។ នេះជាការលើកឡើងរបស់អង្គភាពប៉ូលិស RPU អមដោយ Hashtag #nowords ដែលមានន័យថា គ្មានពាក្យថ្លែង ជាមួយនឹងរូបថតមួយសន្លឹកក្នុងរថយន្តដែលគ្មានមនុស្ស។
 
តាមរបាយការណ៍របស់ Journal of Family Medicine and Primary Care មនុស្សប្រមាណ២៦០នាក់ហើយនៅលើពិភពលោក ដែលបានស្លាប់ចន្លោះពីឆ្នាំ២០១១ និងឆ្នាំ២០១៧ ដោយសារតែការថតសែលហ្វី ខ្វះការប្រុងប្រយ័ត្ន។ ចំនួនដែលរងគ្រោះថ្នាក់ច្រើនជាងគេ គឺស្ថិតនៅប្រទេសឥណ្ឌា បន្ទាប់មករុស្ស៊ី សហរដ្ឋអាមេរិក និងប៉ាគីស្ថាន។
 
ក្នុងចំណោមជនរងគ្រោះ បុរសមានប្រមាណ៧២ភាគរយ ដែលមានអាយុតិចជាង៣០ឆ្នាំ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com