ជាតិ
សង្គមជាតិ
ស្ត្រី​វៀតណាម​ម្នាក់ ជាប់ទោស​មួយជីវិត ដោយសារ​នាំចូល​គ្រឿងញៀន​៤​គីឡូក្រាម​ពី​កម្ពុជា​
21, Sep 2020 , 10:19 pm        
រូបភាព
រូបពី Zing News
រូបពី Zing News
​តុលាការខេត្ត An Giang ប្រទេស​វៀតណាម បានប្រកាស​សាលក្រម កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ដាក់ទោស​ពលរដ្ឋ​ខ្លួន​ម្នាក់​ឈ្មោះ Do Nhu Y ភេទ​ស្រី អាយុ​២៨​ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោយ​រកឃើញថា នាង បាន​នាំ​គ្រឿង​៤​គីឡូក្រាម​ពី​កម្ពុជា ចូលទៅ​វៀតណាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Zing News របស់​វៀតណាម​។

 
 
​បើតាម Zing News ស្ត្រី​ឈ្មោះ Do Nhu Y សារភាពថា នាង​ពិតជា​បាន​នាំ​គ្រឿង​ញៀត​៤​គីឡូក្រាម​ពី​កម្ពុជា ចូលទៅ​វៀតណាម​មែន ប៉ុន្តែ នាង អះអាងថា នាង មិនមែនជា​អ្នកជួញដូរ​ខ្លួនឯង​ទេ គឺ​នាង ត្រូវបានគេជួលក្នុងតម្លៃ៥០០ដុល្លារ ឲ្យនាំ​គ្រឿងញៀន​៤​គីឡូក្រាម​នោះ ពី​កម្ពុជា ចូលទៅ​វៀតណាម។ រូបភាព ដែល​ថត​ក្នុង​បន្ទប់​សវនាការ បង្ហាញថា នាង បាន​យំ ពេល​ចៅក្រម ប្រកាស​សាលក្រម​ដាក់ទោស​មួយជីវិត​។ 
 
ប៉ូលិស បាន​ចាប់​នាង នៅ​ច្រកព្រំដែន ក្នុង​ឃុំ Khanh An ស្រុក An Phu ខេត្ត An Giang ​កាលពីដើម​ខែមិថុនា ឆ្នាំ​២០២០។ ពេលនោះ នាង​និង​បុរស​ពីរ​នាក់​ទៀត កំពុងធ្វើដំណើរ​តាម​ព្រំដែន ចូលទៅ​វៀតណាម​។ ប៉ូលិស ចាប់​បានតែ​នាង​ប៉ុណ្ណោះ ឯ​បុរស​ពីរ​នាក់​ទៀត ដែលសង្ស័យថាពាក់ព័ន្ធនឹងគ្រឿងញៀនដែរនោះ បាន​រត់គេចខ្លួន​។ 
 
​វៀតណាម ត្រូវបាន​ចាត់ទុកជា​ប្រទេសមួយ ដែល​ដាក់ទោស​ធ្ងន់ធ្ងរ​លើ​ជនល្មើស​គ្រឿង​ញៀន។ មិន​ត្រឹមតែ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ទេ វៀតណាម ​មានទាំងទោស​ប្រហារជីវិត​ថែមទៀត ចំពោះ​ជនល្មើស​គ្រឿងញៀន​៕  

Tag:
 ​វៀតណាម​
  គ្រឿងញៀន​
  ទោស​មួយជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com