អន្តរជាតិ
ចៅក្រមអាមេរិក ចេញបញ្ជាឲ្យផ្អាកអនុវត្តបម្រាមក្រសួងពាណិជ្ជកម្មដែលហាមការទាញយក WeChat កម្មវិធីទូរសព្ទ WeChatរបស់ចិន។ រូបភាព៖ AFP
× កម្មវិធីទូរសព្ទ WeChat នៅតែអាចធ្វើប្រតិបត្តិការនៅទឹកដីអាមេរិក បន្ទាប់ពីចៅក្រមមួយរូបនៅរដ្ឋកាលីហ្វ័រញ៉ា បានចេញដីកាជំទាស់បញ្ជារបស់ក្រសួងពាណិជ្ជកម្មអាមេរិក ដែលហាមឃាត់ការទាញយកកម្មវិធីនេះពី App Store និង Play Store ។ ក្រសួងពាណិជ្ជកម្មអាមេរិក បានចេញបម្រាមរបស់ខ្លួនលើកហេតុផលសន្តិសុខជាតិ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិក បានចេញបញ្ជាឲ្យក្រុមហ៊ុន Apple Inc និង Google បិទការទាញយកកម្មវិធីទូរសព្ទ WeChat ចេញពី Store របស់ខ្លួន ចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ។ ក្រសួងពាណិជ្ជកម្មអាមេរិក អះអាងថា ការហាមមិនឲ្យទាញយកកម្មវិធី WeChat គឺដោយសារតែបញ្ហាសន្តិសុខជាតិ។ យ៉ាងណាមិញ អ្នកប្រើប្រាស់WeChat មួយក្រុម បានដាក់ពាក្យប្ដឹងជំទាស់បញ្ជាមួយនេះ។
នៅថ្ងៃទី២០ ខែកញ្ញា ដែលជាថ្ងៃអនុវត្តបញ្ជាហាមឃាត់ ចៅក្រមសហព័ន្ធ Laurel Beeler នៃរដ្ឋកាលីហ្វ័រនីញ៉ាដែលរ៉ាប់រងបណ្ដឹងនេះ ក៏បានចេញដីកាមួយហាមប្រាមការអនុវត្តបញ្ជានេះសិន។ នៅក្នុងដីកាកម្រាស់ ២២ទំព័រ លោកស្រីចៅក្រម Beeler បានលើកឡើងថា មានហេតុផលតិចតួចណាស់ដែលបង្ហាញថា ការហាមមិនឲ្យប្រើប្រាស់ WeChat សម្រាប់ប្រជាជនអាមេរិកទាំងអស់ នឹងដោះស្រាយបញ្ហាសន្តិសុខជាតិ។
បើតាមទូរទស្សន៍ CNN ដីកាខាងលើ បន្ថែមថា បញ្ញត្តិច្បាប់ទាំងឡាយណា ដែលផ្ដាច់បណ្តាញទំនាក់ទំនងណាមួយដោយគ្មានអ្វីមកជំនួសភ្លាមៗ នឹងបង្កើតជាបន្ទុកលើការបញ្ចេញមតិច្រើនជាងផលប្រយោជន៍ដែលរដ្ឋាភិបាលចង់បាន។ លោកស្រីចៅក្រម Beeler បន្តថា៖ «ច្បាស់ណាស់ថា មានវិធីសាស្ត្រដទៃទៀត ក្រៅពីការហាមឃាត់ទាំងស្រុង ដូចជាហាមឃាត់មិនឲ្យប្រើប្រាស់កម្មវិធីWeChat ក្នុងឧបករណ៍ប្រើប្រាស់របស់រដ្ឋាភិបាល។»
ក្រោយការប្រកាសបញ្ជារបស់ក្រសួងក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មដែរ ដោយលើកឡើងថា ការហាមឃាត់របស់ចៅក្រមនេះ បានលុបចោល និងរារាំងការប្រឹងប្រែងរបស់ប្រធានាធិបតីក្នុងការជ្រើសរើសវិធីសាស្ត្រដោះស្រាយបញ្ហាសន្តិសុខជាតិ។ ប៉ុន្តែលោក Michael Bien មេធាវីដើមបណ្ដឹង និយាយការពារវិញថា អាមេរិក មិនដែលបិទបណ្តាញទំនាក់ទំនងចម្បងណាមួយឡើយ សូម្បីតែក្នុងអំឡុងពេលសង្គ្រាម។
ស្របជាមួយគ្នានោះ លោកមេធាវីរូបនេះអះអាងថា ការហាមឃាត់មិនឲ្យប្រើប្រាស់WeChat គឺជាការបំពានវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញអាមេរិក ដែលធានាសិទ្ធិក្នុងការបញ្ចេញមតិ ការបួងសួង ការអាន និងប្រតិកម្មទៅសារព័ត៌មាន ក៏ដូចជាការរៀបចំ និងជួបជុំ។ លោកមេធាវី Bien លើកឡើងទៀតថា បម្រាមក្រសួងពាណិជ្ជកម្មអាមេរិក គឺសំដៅទៅលើសហគមន៍ចិននៅអាមេរិកតែម្ដង។
នៅអាមេរិក មានអ្នកប្រើប្រាស់ WeChat ចំនួន១៩លាននាក់ប្រចាំថ្ងៃ។ កម្មវិធីនេះ ពេញនិយមខ្លាំងក្នុងចំណោមនិស្សិតចិននៅអាមេរិក ពលរដ្ឋអាមេរិកនៅចិន និងពលរដ្ឋអាមេរិក ដែលមានទំនាក់ទំនងការងារនិងផ្ទាល់ខ្លួននៅប្រទេសចិន។ នៅកម្មវិធីនេះ ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជីវិតរស់នៅរបស់ប្រជាជនចិន ដោយមានអ្នកប្រើប្រាស់ច្រើនជាង១ពាន់លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com