អន្តរជាតិ
តៃវ៉ាន់ ព្រមាន​ចិន​ថា យោធា​ខ្លួន​មាន​សិទ្ធិ​វាយបក​វិញ​
21, Sep 2020 , 10:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​យោធា​តៃវ៉ាន់ មាន​សិទ្ធិ​ការពារ​ខ្លួន និង​វាយបក​ត្រលប់​វិញ ក្នុងអំឡុងពេល​សត្រូវ​បំពាន ឬ​គំរាម​តៃវ៉ាន់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួងការពារជាតិ​តៃវ៉ាន់ នៅ​ថ្ងៃទី​២១ ខែកញ្ញា​។ ការព្រមាន​របស់​តៃវ៉ាន់ ចង់​សំដៅទៅ​ចិន ដែល​កន្លងមក បាន​បញ្ជា​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង ឲ្យ​ហោះចូល​ដែនអាកាស​របស់​កោះ​មួយ​នេះ​។



 
​មួយរយៈ​ចុងក្រោយ​នេះ ចិន បានធ្វើ​សមយុទ្ធ​យោធា​ជាច្រើនលើក​នៅក្បែរ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅ​ភាគខាងត្បូង​តៃវ៉ាន់ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។ តាមរយៈ​សមយុទ្ធ​យោធា យន្តហោះ​ចម្បាំង​ចិន ជាច្រើន​គ្រឿង បាន​ហោះចូល​ដែនអាកាស​តៃវ៉ាន់ គោលបំណង​ព្រមាន​ទីក្រុង​តៃប៉ិ និង​ថ្នាក់ដឹកនាំ​អាមេរិក ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ដែន​កោះ​មួយ​នេះ​។ ជាការ​ឆ្លើយតប តៃវ៉ាន់ បាន​ប្រាប់​ចិន​ថា អាច​នឹងមាន​ការប៉ះទង្គិច​ជាមួយគ្នា​ណាមួយ​កើតឡើង​។ 
 
​ក្រសួងការពារជាតិ​តៃវ៉ាន់ នៅ​ថ្ងៃទី​២១ ខែកញ្ញា បានចេញ​សេចក្តីថ្លែងការណ៍​ជាថ្មីទៀត ដោយ​ព្រមាន​ទីក្រុង​ប៉េកាំង​ពី​សកម្មភាព​បំពាន​ម្ដង​ហើយ​ម្ដងទៀត​នេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការពារជាតិ បាន​លើកឡើងថា តៃវ៉ាន់ បានកំណត់​នីតិវិធី​ឆ្លើយតប​យ៉ាងច្បាស់​លាស់​មួយចំនួន ស្របពេល​មានការ​បំពាន និង​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​សំណាក់​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​របស់​សត្រូវ​នៅក្នុង​ឆ្នាំ​២០២០​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​ដដែល តៃវ៉ាន់ បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់ៗ​ថា ខ្លួន​មាន​សិទ្ធិ​ក្នុង​ការពារ​ខ្លួន និង​វាយបក​ត្រលប់​វិញ ដើម្បី​ការពារ​សកម្មភាព​បំពាន​មួយចំនួន​។ តៃវ៉ាន់​ចាត់ទុក​ការតបត​ណាមួយ​របស់ខ្លួន ជាការ​គោរព​តាម​វិធានការ «​មិន​រីកសាយ​នៃ​ជម្លោះ និង​មិន​បង្ក​ឧប្បទ្ទវហេតុ​»​។ ទន្ទឹមនេះ តៃវ៉ាន់ បាន​អះអាងថា ខ្លួន​នឹងមិន​បង្កជម្លោះ​ណាមួយ​ឡើយ ហើយ​ខ្លួន​ក៏​មិន​ខ្លាច​សត្រូវ​ដែរ​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​១៨ ខែកញ្ញា​កន្លងទៅ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ១៨​គ្រឿង បូក​រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផ្សេងទៀត​ចូលមកក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​ព្រមាន​អាមេរិក និង​តៃវ៉ាន់ ស្របពេល​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​តៃប៉ិ​។ 
 
​រឿង​តៃវ៉ាន់​នេះ ចិន​បានប្រកាស​ប្រាប់​ប្រទេស​ទាំងអស់​ថា តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន តាមរយៈ​គោលនយោបាយ «​ចិន​តែមួយ​»​។ ផ្ទុយទៅវិញ តៃវ៉ាន់ មិនបាន​ទទួលស្គាល់​ចិន​ឡើយ និង​ចាត់ទុក​ខ្លួនឯង​ថា គឺជា​រដ្ឋ​ដាច់ដោយឡែក​មួយ​ពី​ចិន ហើយ​ជំហរ​ផ្ដាច់ខ្លួន​នេះ បាន​កើនឡើង​យ៉ាង​រហ័ស​ក្រោម​អាណត្តិ​លោកស្រី Tsai Ing-wen ខណៈ​ចិន​ក៏​ព្រមាន​ហើយ​ថា ខ្លួន​មិន​រអា​នឹង​កម្លាំងបាយ​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​ឡើយ​៕ 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com