សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន នឹង​ផ្ដល់​លុយ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មីថ្មោង ដើម្បី​ជំរុញ​កំណើន​អត្រាកំណើត​ទារក​
22, Sep 2020 , 8:59 am        
រូបភាព
ដោយ:
​គូ​ស្វាមីភរិយា​ជប៉ុន​ដែល​រៀបការ​ចាប់ពី​ខែមេសា ឆ្នាំ​២០២១​តទៅ នឹងមាន​លទ្ធភាព​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​រហូតដល់ ៦០​ម៉ឺន​យេន (​ជាង​៥៧៥៣​ដុល្លារ​) ដើម្បី​ចែត​ចាត់ការ​ចំណាយ​ផ្សេងៗ ខណៈ​ពួកគេ​ត្រៀម​ចាប់ផ្ដើម​ជីវិត​គ្រួសារ​។ លុយ​ឧបត្ថម្ភ​នេះ ស្ថិតក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី​គាំទ្រ​អ្នក​រៀបការ​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​អត្រាកំណើត​ទាប​របស់​ប្រជាជាតិ​អាស៊ី​មួយ​នេះ​។

 
​ជប៉ុន កំពុង​ជួបប្រទះ​បញ្ហា​អត្រាកំណើត​ទាប ដែល​បង្កឡើង​មួយផ្នែកធំ​ដោយ​និន្នាការ​ប្រជាជន​ជប៉ុន ដែល​រៀបការ​យឺត ឬ​សម្រេច​មិន​រៀបការ​តែម្ដង​។ ដោយ​មើលឃើញ​ពី​បញ្ហា​ចាក់ឫស​ជ្រៅ​ក្នុងសង្គម​ជប៉ុន​បែបនេះ រដ្ឋាភិបាល​ជប៉ុន នឹង​ព្យាយាម​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្លួន​រៀបការ ដោយ​ការដាក់ចេញ​កម្មវិធី​ឧបត្ថម្ភ​គាំទ្រ​ដល់​អនាគត​គូ​ស្វាមីភរិយា​ជប៉ុន ។ នេះ​បើតាម​យោងតាម​ប្រភព​រដ្ឋាភិបាល​ជប៉ុន ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo នៅ​ថ្ងៃទី​២០ ខែកញ្ញា ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ដើម្បី​មាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ ទាំង​ប្ដី និង​ប្រពន្ធ​ជនជាតិ​ជប៉ុន ត្រូវតែមាន​អាយុ​តិចជាង ៤០​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ចុះឈ្មោះ​រៀបការ​។ លក្ខខណ្ឌ​មួយទៀត គឺ អ្នក​ទាំងពីរ ត្រូវមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សរុប​ចូលគ្នា​ទាប​ជាង ៥,៤​លាន​យេន ឬ​ជាង​៥​ម៉ឺន​ដុល្លារ​។ 
 
​យ៉ាងណាមិញ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២០ ការអនុវត្ត​កម្មវិធី​គាំទ្រ​ហិរញ្ញវត្ថុ​នេះ ពុំទាន់​ត្រូវបាន​ធ្វើឡើង​ទូទាំងប្រទេស​នៅឡើយ​ទេ ពោលគឺ​មានតែ​១៥​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​ទីក្រុង​សរុប​របស់​ប្រទេស​ជប៉ុន​។ ហេតុផល​នោះ​គឺ ទីក្រុង​ទាំងនេះ ត្រូវ​បង់​ពាក់កណ្ដាល​នៃ​ការចំណាយ​ក្នុង​កម្មវិធី​នេះ​។ 
 
​ក៏ប៉ុន្តែ រដ្ឋាភិបាលកណ្ដាល​ជប៉ុន នឹង​ចេញថ្លៃ​ចំណាយ​រហូតដល់​២​ភាគ​៣​នៃ​ការចំណាយ​សរុប​ក្នុង​កម្មវិធី​នេះ​វិញ ដែល​នឹង​យក​ចេញពី​កញ្ចប់​ថវិកាជាតិ ឆ្នាំ​២០២១ ខាងមុខ​។ នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ទីក្រុង​ជប៉ុន​ច្រើន​ថែមទៀត​អនុវត្ត​កម្មវិធី​គាំទ្រ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​។ 
 
​សូមបញ្ជាក់ថា កម្មវិធី​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​អត្រាកំណើត​ទាប​ក្នុងប្រទេស ខណៈ​មាន​ទារក​ទ​ត្រឹម ៨៦៥ ០០០​នាក់ ប៉ុណ្ណោះ ចាប់កំណើត​ក្នុង​ឆ្នាំ​២០១៩ ដែលជា​តួលេខ​ទាប​បំផុត​។ 
 
​ការផ្ដល់​លុយ​ឧបត្ថម្ភ​បែបនេះ គឺជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ក្នុងការ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​រៀបការ ព្រោះថា បុរស​ជប៉ុន​នៅ​លីវ​អាយុ​ចន្លោះ​២៥-៣៤​ឆ្នាំ ប្រមាណ​២៩​ភាគរយ និង​ស្ត្រី​ជប៉ុន​នៅ​លីវ​ប្រមាណ​១៧,៨​ភាគរយ បានលើកឡើង​ពី​បញ្ហា​ខ្វះខាត​លុយកាក់​ជា​មូលហេតុ​ដែល​ពួកគេ​សម្រេច​មិន​រៀបការ​។ នេះ​បើតាម​ការស្ទង់មតិ​ក្នុង​ឆ្នាំ​២០១៥ ដោយ​វិទ្យាស្ថាន​ជាតិ​សន្តិសុខ​សង្គម​និង​ប្រជាជន​ជប៉ុន​៕ 
 
 

Tag:
 ជប៉ុន​
  អាពាហ៍ពិពាហ៍​
  អត្រាកំណើត​ទាប
© រក្សាសិទ្ធិដោយ thmeythmey.com