អន្តរជាតិ
ស្វ៊ីស នឹងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋលើគម្រោងទិញយន្តហោះចម្បាំងថ្មី
21, Sep 2020 , 11:29 pm        
រូបភាព
ដោយ:

 ប្រទេស ស្វ៊ីស ដែលចាត់ទុកជាប្រទេសអព្យាក្រឹត ហើយបច្ចុប្បន្នគ្មានសត្រូវនៅចំពោះមុខ មានគម្រោងចាយរាប់ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំងថ្មី។ គម្រោងនេះ ត្រូវរិះគន់ធ្ងន់ៗពីប្រជាជន និងអ្នកនយោបាយស្វ៊ីស ខណៈប្រជាមតិមួយនឹងរៀបចំនៅចុងសប្ដាហ៍នេះ ដើម្បីឲ្យប្រជាជនបញ្ចេញមតិរបស់ខ្លួន។


 «តើនរណាជាសត្រូវរបស់យើង។ តើនរណាកំពុងវាយប្រហារប្រទេសតូច និងអព្យាក្រឹតមួយនេះ ដែលហ៊ុមព័ន្ធដោយសមាជិកនៃអង្គការណាតូ?»។ អ្នកស្រី Priska Seiler Graf សមាជិកសភាស្វ៊ីស បានចោទសំណួរត្រង់ៗបែបនេះ ដោយសង្កត់ធ្ងន់ថា នេះគឺជារឿងដែលមិនសមហេតុសមផលសោះ។

 ក្រៅពីអ្នកនយោបាយស្វ៊ីសមួយរូបនេះ ប្រជាជនស្វ៊ីសមួយចំនួនធំក៏មាននិន្នការប្រឆាំងគម្រោងទិញយន្តហោះចម្បាំងរបស់រដ្ឋាភិបាលផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ពួកគេ អះអាងថា ប្រទេសអព្យាក្រឹតនេះមិនត្រូវការយន្តហោះសង្គ្រាមទំនើបៗ ដើម្បីការពារប្រទេសដែលមានភូមិសាស្រ្តហ៊ុមព័ទ្ធការពារដោយជួរភ្នំខ្ពស់ៗឡើយ ហើយម្យ៉ាងទៀត អៀរឡង់ ម៉ាល់ត៍  និងលុចសំបួរដែលនៅទ្វីបអឺរ៉ុបដែរ គ្មានយន្តហោះចម្បាំងឡើយ ដែលការណ៍នេះធ្វើឲ្យគម្រោងតម្លៃជាង៦,៦ពាន់លានដុល្លាររបស់ស្វ៊ីស ត្រូវមើលឃើញថា ជាការខ្ជះខ្ជាយលុយ។

 យោបល់ជំទាស់នេះ លេចឡើងមុនស្វ៊ីសរៀបចំការធ្វើប្រជាមតិមួយនៅថ្ងៃទី ២៧ ខែកញ្ញា ដើម្បីសម្រេចថា រដ្ឋាភិបាលបន្តឬបញ្ឈប់គម្រោងទិញយន្តហោះចម្បាំងនាឆ្នាំក្រោយ។ បើសិនជាទទួលបានភ្លើងបៃតងពីការបោះឆ្នោតប្រជាមតិនេះ រដ្ឋាភិបាលស្វ៊ីស នឹងសម្រេចរើសទិញយន្តហោះចម្បាំងក្នុងចំណោមយន្តហោះដូចជា Eurofighter ផលិតដោយក្រុមហ៊ុន Airbus, Rafale របស់បារាំង,  F/A-18 Super Hornet របស់់ Boeing  ឬក៏ F35-A Lightning II របស់ Lockheed Martin

យន្តហោះចម្បាំង ដែលស្វ៊ីសគ្រោងទិញនេះ នឹងជំនួសយន្តហោះចាស់ៗ សេរ៊ី F/A-18 Hornets ៣០គ្រឿង ដែលនឹងប្រើលែងកើតនាឆ្នាំ២០៣០ខាងមុខ។ បើតាម Reuters អ្នកស្រី Seiler Graf ស្នើឲ្យរដ្ឋាភិបាលពិចារណាទិញយន្តហោះចម្បាំងមានតម្លៃថោកៗជំនួសវិញ។

យ៉ាងណាមិញ សមាជិកសភាស្វ៊ីសម្នាក់ទៀត លោក Thomas Hurter ដែលជាអតីតយោធានៃកងទ័ពជើងអាកាស  អះអាងថា ប្រទេសស្វ៊ីស ត្រូវតែការពារខ្លួនឯង ដោយពុំចាំបាច់ពឹងពាក់ប្រទេសដទៃ។ ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«ប្រសិនបើយើងមិនជំនួសយន្តហោះចាស់ៗទាំងនោះទេ នេះមានន័យថា យើងគ្មានកងទ័ពជើងអាកាសឡើយ។ យើងគ្មានអ្វីទៅការពារប្រទេស ហើយយើងនឹងមិនបំពេញតាមរដ្ឋធម្មនុញ្ញយើងឡើយ»

សូមបញ្ជាក់ថា ប្រជាជនស្វ៊ីស កាលពី៦ឆ្នាំមុន បានបោះឆ្នោះបដិសេធគម្រោងទិញយន្តហោះចម្បាំងសេរ៊ី Gripen ពីស៊ុយអែត  ហើយក្នុងឆ្នាំ១៩៨៩ សេចក្តីស្នើមួយដែលលុបបំបាត់ទាហានស្វ៊ីសទាំងស្រុង ទទួលការគាំទ្រពីប្រជាជន ប្រមាណ ៣៥ភាគរយ៕



Tag:
 ស្វី​ស​
  យន្តហោះ​ចម្បាំង​
  ប្រជាមតិ
© រក្សាសិទ្ធិដោយ thmeythmey.com