COVID-19
អន្តរជាតិ
ស្ថានភាព COVID-19 ធូ​ស្រាល​, នូ​វែ​ល​សេ​ឡង់ បន្ធូរ​ការ​រឹតត្បិត​ទូទាំងប្រទេស លើកលែង​ក្រុង Auckland
21, Sep 2020 , 6:00 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង​
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី Jacinda Ardern នៅ​ថ្ងៃទី​២១ ខែកញ្ញា បាន​ទម្លាក់​កម្រិត​ឆ្លើយតប​ជំងឺ COVID-19 នៅ​ទូទាំងប្រទេស ក្រោយ​ចំនួន​ការឆ្លង​ថ្មី​បាន​ថយចុះ​ដល់​កម្រិត​មួយ​ដែល​លែង​បារម្ភ​។ យ៉ាងណាមិញ ទីក្រុង Auckland ដែលជា​ចំណុច​រងគ្រោះ​ដោយសារ​រលក​ទី​ពីរ នៅតែ​បន្ត​ស្ថិតក្រោម​ការ​រឹតត្បិត​មួយរយៈ​ពេល​ទៀត​។​

 
​តំបន់​ទាំងឡាយ​របស់​នូ​វែ​ល​សេ​ឡង់ នឹង​អនុវត្ត​ការឆ្លើយតប​នឹង​ជំងឺ COVID-19 ត្រឹម​កម្រិត​ទីមួយ​ដែលជា​កម្រិត​ទាប​បំផុត​ក្នុងចំណោម​កម្រិត​ឆ្លើយ​ចំនួន​៤ ខណៈ​ទីក្រុង Auckland នៅ​ស្ថិត​កម្រិត​ទី​បី​។ ការទម្លាក់​កម្រិត​ឆ្លើយតប​នេះ ជា​លទ្ធផល​នៃ​ការធូរស្រាល​ករណី COVID-19 នៅ​នូ​វែ​ល​សេ​ឡង់​។ 
 
​បើតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​និយាយថា ទីក្រុង Auckland ដែលជា​ទីក្រុង​ធំ​បំផុត​របស់​នូ​វែ​ល​សេ​ឡង់ ត្រូវការ​ពេលវេលា​បន្ថែមទៀត​មុនពេល​វិធានការ​ទប់ស្កាត់​ទាំងអស់ អាច​ត្រូវបាន​ដកចេញ​វិញ​។ ទោះ​ត្រូវ​ស្ថិតក្រោម​វិធានការ​រឹតត្បិត​ទៀត​ក្ដី ទីក្រុង Auckland នឹងមិន​រង​ការ​រឹតបន្តឹង​ខ្លាំង​ឡើយ​ដោយ​ការប្រមូលផ្តុំ​មនុស្ស​រហូតដល់ ១០០​នាក់ នឹងត្រូវ​បានអនុញ្ញាត​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២១ ខែកញ្ញា លោកស្រី​នាយករដ្ឋមន្ត្រី​លើកឡើងថា​៖« សកម្មភាព​រួមគ្នា​រប​ស់​ពួកយើង​បាន​គ្រប់គ្រង​វីរុស​បាន​យ៉ាង​ល្អ​។ ទីក្រុង Auckland ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះឡើង​ហើយ​នេះ​ជា​មូល​ហេតុដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្លាំង​នៅទីនេះ​»​។​
 
​នូ​វែ​ល​សេ​ឡង់​ដែលជា​ប្រទេសមួយ​មាន​ប្រជាជន ៥ លាន​នាក់ បាន​បញ្ឈប់​ការឆ្លង​រាលដាល​ជំងឺ COVID-19 នៅ​ដំណាក់​ដំបូង​ដែល​រាប់​តាំងពីរ​ដើមឆ្នាំ​នេះ​។ ប៉ុន្តែ​ការផ្ទុះ​ឡើង​ថ្មី​នៅ​ទីក្រុង Auckland ក្នុង​ខែសីហា​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​បិទ​ទីក្រុង​នេះ​ឡើងវិញ និង​អនុវត្ត​វិធានការ​តឹងរ៉ឹង​នៅ​ផ្នែក​ឯទៀត​របស់​ប្រទេស​។ វិធានការ​រ​តឹងរ៉ឹង អមដោយ​ការចូលរួម​របស់​ប្រជាជន ដោយ​រក្សា​ចំនួន​ករណី​ឆ្លង​សរុប​ត្រឹម ១៤៦៤​នាក់ និង​ដោយមាន​អ្នកស្លាប់ ២៥​នាក់​៕
 
 

Tag:
 អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com