ជាតិ
សង្គមជាតិ
សូម​ប្រយ័ត្ន​៖ កម្ពស់​ទឹក​នៅ​អាងទឹក​តា​ម៉ុក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​
21, Sep 2020 , 6:29 pm        
រូបភាព
កម្ពស់ទឹកហក់ឡើងនៅអាងទឹក​តាម៉ុក ក្នុងខេត្ត​ឧត្តរមានជ័យ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម​
កម្ពស់ទឹកហក់ឡើងនៅអាងទឹក​តាម៉ុក ក្នុងខេត្ត​ឧត្តរមានជ័យ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម​
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ទទួលរង​ឥទ្ធិពល​ព្យុះ​នូ​ល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក តំបន់​មួយចំនួន​នៅ​កម្ពុជា ត្រូវ​ជន់​លិច ហើយ​កម្ពស់​ទឹក​នៅតាម​តំបន់​មួយចំនួន ក៏​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ផងដែរ​។  បើតាម​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ កម្ពស់​ទឹក​នៅ​អាងទឹក​តា​ម៉ុក​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្រក​មក​ត្រឹម​៣,៨២​ម៉ែត្រ​ហើយ​។ ប៉ុន្តែ​កម្ពស់​ទឹក​នេះ គឺ​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន (៤,២០​ម៉ែត្រ គឺជា​កម្រិត​ប្រកាសអាសន្ន​)​។

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា កម្ពស់​ទឹក​នៅ​អាងទឹក​តា​ម៉ុក បាន​ហក់​ឡើងដល់​៣,៩៦​ម៉ែត្រ​។ រហូតដល់​ថ្ងៃទី​២១ ខែកញ្ញា​នេះ បាន​ស្រក​ចុះ​០,១៤​ម៉ែត្រ​វិញ​។  
 
​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា កម្ពស់​ទឹក​៣,៨២​ម៉ែត្រ​នេះ គឺ​លើសពី​កម្ពស់​ទឹក​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ហើយ ហើយ​កម្ពស់​ទឹក​ដែល​ប្រកាសអាសន្ន​៤,២០​ម៉ែត្រ​។ 
 
​ក្រសួង​ធនធានទឹក​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​អន្លង់ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសផុត​ពី​ការគ្រោះថ្នាក់​កើតឡើង​ជាយ​ថា​ហេតុ​។ 
 
​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក បង្ហាញថា កម្ពស់​ទឹក​នៅតាម​ដង​ទន្លេមេគង្គ​នានា​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខនេះ នឹង​បន្ត​ហក់​ឡើង​ទៀត​។ ក្នុង​ខេត្តក្រចេះ​នឹង​ហក់​ឡើងដល់​៧,៤៥​ម៉ែត្រ កម្រិត​ប្រកាសអាសន្ន​១០,៧០​ម៉ែត្រ​, ខេត្តក្រចេះ​ហក់​ឡើងដល់​១៦,៥២​ម៉ែត្រ កម្រិត​ប្រកាសអាសន្ន​២២​ម៉ែត្រ​, ខេត្តកំពង់ចាម​ហក់​ឡើងដល់​១១,០៣​ម៉ែត្រ កម្រិត​ប្រកាសអាសន្ន​១៥,២០​ម៉ែត្រ​, ទន្លេបាសាក់ ចតុមុខ ហក់​ឡើងដល់​៧,១៣​ម៉ែត្រ កម្រិត​ប្រកាសអាសន្ន​៧,៥០​ម៉ែត្រ​, ទន្លេ​អ្នក​លឿង ហក់​ឡើងដល់​៥,៣៥​ម៉ែត្រ កម្រិត​ប្រកាសអាសន្ន​៧,៤០​ម៉ែត្រ​,​និង​ទន្លេ​កោះ​ខែល ៦,០១​ម៉ែត្រ កម្រិត​ប្រកាសអាសន្ន​៧,៤០​ម៉ែត្រ​៕
 
 

Tag:
 ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com