ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ចៀសផុត​បញ្ហា​អតុល្យភាព​អ័រម៉ូន គួរ​ទទួលទាន​អ្វីខ្លះ​?
23, Sep 2020 , 6:59 am        
រូបភាព
​ការរក្សាបាន​នូវ​តុល្យភាព ឬ​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន គឺ​សំខាន់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​សម្រស់​ស្រស់ស្អាត​។ អ័រម៉ូន​ដើរតួនាទី​ចាំបាច់​ទាំង​ក្នុងការ​គ្រប់គ្រង​អារម្មណ៍ រក្សា​ទម្ងន់​ត្រឹមត្រូវ ទប់ស្កាត់​បញ្ហា​សុខភាព​បន្ត​ពូជ និង​រក្សា​ដំណើរការ​មុខងារ​ប្រក្រតី​របស់​រាងកាយ​ចៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ដូច្នេះហើយ​ទើប​ការរក្សាបាន​នូវ​តុល្យភាព​អ័រម៉ូន​ជា​អ្វីដែល​អ្នក​មិនគួរ​ធ្វេស​ប្រហែល​មើលរំលង​ឡើយ​។ ប៉ុន្តែ​ធ្វើយ៉ាងណា​ទើប​អាច​រក្សា​តុល្យភាព​អ័រម៉ូន​បាន​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​អាហារ​ដែល​ជួយ​គ្រប់គ្រង​ការផលិត ក៏ដូចជា​តុល្យភាព​នៃ​អ័រម៉ូន ៖

 
១. ប្រេងដូង​
 
​មាន​ផ្ទុក​អាស៊ីត lauric ដែល​អាចជួយ​ព្យាបាល​ស្បែក​និង​ផ្ដល់​អត្ថប្រយោជន៍​រក្សា​តុល្យភាព​អ័រម៉ូន​។ ម្យ៉ាងវិញទៀត​ប្រេងដូង​ក៏មាន​លក្ខណៈសម្បត្តិ​សម្លាប់​បាក់តេរី​និង​ពពួក​វីរុស​ផ្សេងៗ​ក្នុង​រាងកាយ ហើយ​ជួយ​បង្កើន​កម្រិត​ថាមពល សម្រួល​ការរំលាយ​អាហារ និង​ការដុត​រំលាយ​អាហារ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។​
 
២. គ្រាប់​អាល់​ម៉ុ​ន​
 
​ប្រសិន​ស្បែក​របស់​អ្នក​ឡើង​មុន ឬ​ជាំ​ជា​ញឹកញាប់ ចូរ​ព្យាយាម​រួមបញ្ចូល​គ្រាប់​អាល់​ម៉ុ​ន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ នេះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​នេះ​បង្កើន​អ័រម៉ូន adiponectin ក្នុង​រាងកាយ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដូច្នេះ​កម្រិត​អាំង​ស៊ុយ​លីន​នឹងមាន​ស្ថេរភាព​។​
 
៣. ឈើអែម​
 
​គ្រឿងទេស​នេះ​អាចជួយ​ឱ្យ​ស្បែក​ភ្លឺរលោង​ស្រស់ថ្លា រក្សា​តុល្យភាព​អ័រម៉ូន បង្កើន​ភាព​មានកូន​បាន និង​ថែមទាំង​ជួយ​ឱ្យ​អារម្មណ៍​មាន​ស្ថេរភាព​ទៀតផង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រួមបញ្ចូល​ឈើអែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៤. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ គឺមាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​អាចជួយ​ក្នុងការ​ផលិត​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ចាំបាច់​នៅពេល​សំយោគ​អ័រម៉ូន​។ ហើយ​ការ​សំយោគ​អ័រម៉ូន គឺ​ជួយ​ធ្វើអោយ​ចរន្តឈាម​រត់​មាន​ភាពល្អប្រសើរ ព្រមទាំង​កម្រិត​ការបញ្ចេញ​អ័រម៉ូន​ផ្សេងៗ​។ លើសពីនេះទៅទៀត ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន E អាស៊ីត​ហ្វូ​លិ​ក ជាតិ​ស​សៃ ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន B ដែល​ចាំបាច់​ក្នុងការ​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន​ផងដែរ​។​
 
៥. បន្លែ​បៃតង​
 
​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា​បន្លែ​បៃតង​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​រក្សា​តុល្យភាព​អ័រម៉ូន​។ ហើយក៏​ព្រោះតែ​វា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ព្រមទាំង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បន្ថយ​ស្ត្រេ​ស ការទទួល​ទាន​បន្លែ​បៃតង​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន cortisol និង​តុល្យភាព​នៃ​អ័រម៉ូន estrogen៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com