ជាតិ
សង្គមជាតិ
ពលរដ្ឋ​រស់នៅ​ភូមិ​ចម្លង​គោ ខេត្តកោះកុង នៅតែ​បារម្ភ​ការបណ្តេញចេញ​ដោយ​ក្រុមហ៊ុន​ចិន UDG ដែល​រង​ទណ្ឌកម្ម​ពី​អាមេរិក​
22, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ សំណង់​សណ្ឋាគារ​មួយ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន UDG ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៩​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
​រូប​ឯកសារ​៖ សំណង់​សណ្ឋាគារ​មួយ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន UDG ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៩​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
ដោយ: VOA
​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​តំបន់​«​កៀន​ទឹក​»​ក្នុងភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង នៅតែ​បារម្ភ​ការបណ្តេញចេញ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group (UDG)​ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​ដោយ​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​។​

 
​កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​មុន​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន UDG​ក្រោម​ហេតុផល​នៃ​ការ​រឹបអូស​យក​ដីធ្លី និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​កម្ពុជា នៅ​ខេត្តកោះកុង ដែល​ក្រុមហ៊ុន​អះអាងថា ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍ធម្មជាតិ​ឈ្មោះ​«​តារា​សាគរ​» ដែលមាន​ទឹកប្រាក់​ប្រមាណ​៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​សហរដ្ឋអាមេរិក​ក៏បាន​ចោទ​ក្រុមហ៊ុន​UDG ថា  មាន​ជាប់​ពាក់ព័ន្ធ​រដ្ឋ​ចិន និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ចោទប្រកាន់ថា ទីកន្លែង​នេះ​អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​របស់​ចិន​ទៀតផង​។​ក៏ប៉ុន្តែ​ក្រុមហ៊ុន​UDG បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​
 
​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​ចប់​នៅឡើយ​ទេ​។  ប្រជាជន​ជាង​២០​គ្រួសារ​ក្នុងភូមិ​ចម្លង​គោ ស្រុក​បុ​ទុម​សាគរ នៅតែ​បន្ត​ប្រឆាំងនឹង​ការបណ្តេញចេញ ដោយ​ពួកគេ​សព្វថ្ងៃ​រស់នៅ​លើដី​ដែល​ក្រុមហ៊ុន​នៅតែ​បន្ត​ចង់បាន​។  ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​មានបំណង​បង្កើត​«​ផែ​ទឹក​ជ្រៅ​»​នៅ​ទីនោះ​។​
 
​លោក ហួត ហាក់ អាយុ​៣៨​ឆ្នាំ​គឺជា​អ្នកនេសាទ​ម្នាក់​ក្នុងភូមិ​ដាច់ស្រយាល​នេះ ។​លោក​បាន​ថ្លែងប្រាប់​VOA​មុនពេល​ចុះទៅ​ប្រមូល​ផល​នេសាទ​នៅក្នុង​សមុទ្រ​ថា​លោក​នៅតែ​ព្រួយបារម្ភ​បាត់បង់​ការរស់នៅ​ទីនេះ ដោយសារ​អាជ្ញាធរ​មិនទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​រូបលោក​ដែលមាន​ដី​ប្រមាណ​កន្លះ​ហិកតា ហើយ​ក្រុមហ៊ុន​នៅតែ​ចង់បាន​ដី​នៅ​តំបន់​ដែល​លោក​រស់នៅ​រាប់សិប​ឆ្នាំ​មកហើយ​។​
 
​លោក​ហួត ហាក់ ដែលមាន​កូន​២​នាក់ មានប្រសាសន៍ថា​៖«​អាជ្ញាធរ​ក៏​អត់​ទទួលខុសត្រូវ​។​គេ​អត់​មាន​ដឹងឮ​ឲ្យ​ពួក​ខ្ញុំ​ផង​។​ខ្ញុំ​រាល់ថ្ងៃនេះ​ប្រៀបដូចជា​មនុស្ស​អត់​មាន​ក្បាល មាន​ក្រសៃ​អ៊ីចឹង​។​យើង​ចង់​បានជា​កម្ម​សិទ្ធ​ក៏​អត់​បានដែរ រស់​បានតែ​រស់នៅ​ហ្នឹង​»​។​
 
​លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​នៅតែ​ចង់បាន ។ គេ​នៅតែ​ដាក់​សមត្ថកិច្ច ប៉ូលិស​ទាហាន​។​គេ​ចុះ​ចល័ត​ល្បាត​។  មួយអាទិត្យ  ដប់​ថ្ងៃ ឬក៏​កន្លះ​ខែ ទាហាន​មក​បួនដប់​១០​នាក់ មាន​អាវុធ មានអី​ជារឿយៗ​អ៊ីចឹង​ហ្មង​»​។​
 
​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​រូបលោក លោក ហួត ហាក់​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ត្រេកអរ​។  ខ្ញុំ​គិតថា​គួរតែ​ធ្វើ​អ៊ីចឹងទៅ​(​ដាក់ទណ្ឌកម្ម​)​ព្រោះ​អី​វា​ធ្វើបាប​ប្រជាពលរដ្ឋ​ច្រើន​មកហើយ​កន្លងមក តាំងពី​ឆ្នាំ​២០០៨  (​ឆ្នាំ​)២០០៩​។  វា​ដូច​អត់​មានការ​ដោះស្រាយ​។  ហើយ​វា​អត់​មាន​ចំណុច​ណាមួយ​(​ធ្វើ​ឲ្យ​)​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត កក់ក្តៅ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ផង​។​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​កើតទុក្ខ​ក្តៅក្រហាយ យំ បាត់​ដី បាត់​ធ្លី រក​ផ្ទះ រក​សម្បែង​នៅ​អត់​ឃើញ​ផង​ហ្នឹង​»​។​
 
​ប្រជាជន​ជាង​២០​គ្រួសារ​ក្នុងភូមិ​ចម្លង​គោ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ មានទំនាស់​ជាមួយ​ក្រុមហ៊ុន​UDG អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​។ តំបន់​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​លើដី​ទំហំ​៤៥.០០០​ហិកតា​ក្នុងស្រុក​ចំនួន​ពីរ​ក្នុង​ខេត្តកោះកុង គឺ​ស្រុក​បុ​ទុម​សាគរ និង​គិរីសាគរ ដែល​ក្រុមហ៊ុន​ទទួលបាន​ដី​ពី​រដ្ឋាភិបាល​។​គម្រោង​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០៨ មានការ​សាងសង់​កាស៊ី​ណូ សណ្ឋាគារ កន្លែង​វាយកូនគោល តំបន់​កម្សាន្ត​តាម​ឆ្នេរ ព្រលានយន្តហោះ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ជាដើម​។  គម្រោង​នេះ​លាតសន្ធឹង​លើ​បណ្តោយ​ឆ្នេរសមុទ្រ​កម្ពុជា​ចំនួន​២០​ភាគរយ​ផងដែរ​។​
 
​លោក ហួត ហាក់ អ្នកនេសាទ​នៅទីនេះ មានប្រសាសន៍ថា​លោក​អាច​ប្រក​បរបរ​នេសាទ​ចិញ្ចឹម​កូន​ទាំងពីរ​នាក់ ហើយ​លោក​មិន​ចង់​ចាក​ចេញពី​ទីតាំង​បន្សល់ទុក​ពី​ដូនតា​របស់លោក​នោះទេ​។​
 
​កង្វល់​របស់លោក​ត្រូវ​ចែករំលែក​ដោយ​អ្នកភូមិ​ដទៃទៀត​។​
 
​លោក ប៉ាវ ឌៀប អាយុ​៥៤​ឆ្នាំ ក៏​កំពុងតែ​ព្រួយបារម្ភ​បាត់​ដី​របស់លោក​ប្រមាណ​៤​ហិកតា ដែលមាន​ដើម​ដូង​រាប់រយ​ដើម​។​
 
​លោក​មានប្រសាសន៍ថា​៖ «​រស់នៅ​ចេះតែ​រស់នៅ​អ៊ីចឹងទៅ​។​គេ​ថា​ដី​របស់​យើង​ហ្នឹង​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​គេ​អត់​ចេញ​ប្លង់​ឲ្យ​យើង​ទេ​។​អា​រឿង​ព្រួយបារម្ភ​យើង​បាន​ត្រឹម​ម៉ា​ព្រួយ​ហ្នឹង​។​ឥឡូវ​យើង​ធ្វើ​ម៉េច​បាន​? បានត្រឹមតែ​ម៉ា​ព្រួយ​ហ្នឹង​»​។​
 
​ជា​បន្តបន្ទាប់ នៅលើ​កូន​ជ្រោយ​ឈ្មោះ «​កៀន​ទឹក​» ជាប់​ឆ្នេរសមុទ្រ​ដាច់ស្រយាល​នៃ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង  អ្នកភូមិ​បារម្ភ​ដោយសារ​មាន​ក្រុម​យោធា​បាន​ចុះទៅ​ចរចា​ទិញ​ដី​លំនៅដ្ឋាន​របស់​ពួកគេ​ឲ្យ​ក្រុមហ៊ុន​ចិន​UDG​។  ហើយ​ពួកគេ​អាច​នឹង​ប្រឈម​នឹង​ការបណ្តេញចេញ​ឬ​ការចាកចេញ​ពី​លំនៅដ្ឋាន​ដ៏​សុខសាន្ត​របស់​ពួកគេ​។  ប៉ុន្តែ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​រដ្ឋាភិបាល​បានសម្រេច​ឲ្យ​ក្រុមហ៊ុន​កាត់​ឆ្វៀល​ដី​មួយចំនួន​នៃ​ឃុំ​ថ្ម​ស សម្រាប់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង​។  ប៉ុន្តែ​សេចក្តីសម្រេច​មិនបាន​បញ្ជាក់​អំពី​ទំហំ​ដី និង​ចំនួន​ប្រជាជន​ដែល​ត្រូវ​ទទួល​ដី​នោះទេ​។​
 
​មេឃុំ​ថ្ម​សលោក អិ​ក គួ​ន ប្រាប់​VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ប្រជាពលរដ្ឋ​ប្រមាណ​២៨​គ្រួសារ​មានផ្ទះ​នៅ​ទីនោះ​។  លោក​បន្តថា មិនទាន់មាន​ដំណោះស្រាយ​អ្វី​នោះទេ  ហើយ​លោក​ក៏​រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់លើ​ដែរ​។​លោក​បន្តថា ប្រជាពលរដ្ឋ​បានដាក់​តម្លៃ​ដី​ខ្ពស់ ដោយសារ​ពួកគេ​មិន​ចង់​ចាក​ចេញពី​តំបន់​នេះ​។​
 
​អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង មានប្រសាសន៍ថា  ម្ចាស់​ដី​មិនអាច​ទទួលយក​តម្លៃ​ដែល​ក្រុមហ៊ុន​ដាក់​ឲ្យ ហើយ​ពួកគាត់​ដាក់​តម្លៃ​«​ខ្ពស់​ពេក​» ដែល​មិនទាន់​អាច​ចរចា​ត្រូវ​។​
 
​លោកស្រី​ថ្លែងប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «​គាត់​យក​តម្លៃ​ខ្ពស់ជាង លើសពី​អ្វីដែល​គួរតែ​ដោះស្រាយ​ដែរ​។​អ៊ីចឹង​ត្រូវ​ការចរចា​បន្ថែម​។​នេះ​ជា​កម្រិត​អន្តរក្រសួង​គាត់​ជា​អ្នក​ដោះ​។ ខ្ញុំ​អាច​ថា មិនទាន់មាន​លទ្ធភាព​ដឹង​រឿង​ហ្នឹង​ច្រើនជាង​ហ្នឹង​ទៀត​ទេ​»​។​
 
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ដែលជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុ​ជា​លើកឡើង​ក្នុង​សេចក្តី​ប្រតិកម្ម​មួយ​ចុះ​ថ្ងៃទី​២០ ខែកញ្ញា ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ថា​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​មិន​ស្របទៅនឹង​ឯកសារ​របស់​ក្រុមហ៊ុន​UDG​តម្កល់ទុក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ​។ ក្រុមប្រឹក្សា​លើកឡើងថា​UDG​ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ​។​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពន្យល់​ថា ច្បាប់​ភូមិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ទទួលបាន​ដី​សម្បទាន​លើសពី​១​ម៉ឺន​ហិកតា​ឡើយ  ប៉ុន្តែ​គម្រោង​របស់​ក្រុមហ៊ុន​UDG​នេះ​ពុំមែន​ជា​ករណី​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​។​
 
​ក្រុមប្រឹក្សា​បញ្ជាក់ថា​៖ «​ករណីនេះ​ជាការ​ជួល​ដី​ទីតាំង​ដែល​ពុំមាន​ច្បាប់​ណាមួយ​កំណត់​ពី​ទំហំ​អតិបរមា​ឡើយ​។​ដូចនេះ​ការជួល​ទីតាំង​ឲ្យ​ក្រុមហ៊ុន​UDG​ក្នុង​ទំហំ​លើសពី​១​ម៉ឺន​ហិកតា​នេះ​ពុំមែន​ជាការ​អនុវត្ត​ខុសច្បាប់​ទេ​»​។​
 
​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ទីតាំង​វិនិយោគ​របស់​ក្រុមហ៊ុន គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​ដោយ​ផ្នែក​តាមច្បាប់  ទីតាំង​ឧទ្យាន​ជាតិ​នេះ​ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​និង​អាស្រ័យ​ផល​នៅលើ​ទីតាំង​ដែល​ត្រូវបាន​ជួល​ឲ្យ​ក្រុមហ៊ុន​UDG​វិនិយោគ​។ ដូចនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់ឃើញ​ថា ការដាក់ទណ្ឌកម្ម​រប​ស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​នេះ នឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​UDG​ប៉ុណ្ណោះ​ទេ  តែ​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​ដល់​ការងារ​ប្រជាជន​ស្លូតត្រង់​ជាច្រើន ក៏​ដូច​ដល់​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​ទាំងមូល​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​UDG​នេះ ត្រូវបាន​សហរដ្ឋអាមេរិក​សង្ស័យថា មាន​គម្រោង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​អាច​ក្លាយជា​មូលដ្ឋាន​យោធា​របស់​ប្រទេស​ចិន​។​ហើយ​ព្រលានយន្តហោះ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ស្ថាបនា និង​ជិត​បញ្ចប់ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ចុះចត​របស់​យន្តហោះ​យោធា​។​
 
​តំណាង​ក្រុមហ៊ុន​UDG  និង​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ជា​បន្តបន្ទាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com