ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក អឿ ណារិទ្ធ ត្រូវបានដោះលែងវិញ ក្រោយរកមិនឃើញថា បានរួមគំនិតក្បត់ជាតិ
× លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលភ្នំពេញ អះអាងថា តុលាការ បានដោះលែងលោក អឿ ណារិទ្ធ សកម្មជនអតីតគណបក្សប្រឆាំងវិញ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ លោក លើកឡើងថា ការសម្រេចដោះលែងនេះ គឺទំនងជាតុលាការ រកភស្តុតាងមិនឃើញ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា អ្នកនាំពាក្យនគរបាលភ្នំពេញ ថ្លែងដូច្នេះថា៖«ជាទូទៅ ចាប់ គឺដោយសារតែមានភស្តុតាងដាក់បន្ទុក តែបើគ្មានភស្តុតាងអ្វីដាក់បន្ទុកទេ គឺដោះលែងវិញហើយ»។
អ្នកនាំពាក្យនគរបាលរូបនេះ និយាយជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃម្សិលមិញ (២១កញ្ញា) ថា លោក អឿ ណារិទ្ធ រងការសង្ស័យពីការផ្តល់ថវិកាដល់សកម្មជនដទៃនៃអតីតគណបក្សប្រឆាំង ដើម្បីជាជំនួយពួកគេ ក្នុងការចូលរួមនឹងផែនការក្បត់ជាតិនិងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យដដែល បន្តថា កម្លាំងសមត្ថកិច្ច ទទួលបញ្ជាពីព្រះរាជអាជ្ញា ឲ្យចាប់លោក អឿ ណារិទ្ធ ពីបទរួមគំនិតក្បត់ [ជាតិ]។
លោក អឿ ណារិទ្ធ ដែលធ្លាប់ជាជំនួយការរបស់អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២០ ខែកញ្ញា ហើយត្រូវបញ្ជូនទៅតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com