ជាតិ
សង្គមជាតិ
បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ជាង​១១​ម៉ឺន​នាក់
22, Sep 2020 , 8:29 pm        
រូបភាព
 ទិដ្ឋភាពសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសាមគ្គី ចូលរៀន​នៅក្នុងថ្នាក់រៀនជាមួយនឹងគ្រូវិញ ក្រោយពីសាលាបិទទ្វារអស់រយៈពេល៦ខែ​មក​ហើយ​ ដោយសារការរាតត្បាតជំងឺកូវីដ-១៩​
ទិដ្ឋភាពសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសាមគ្គី ចូលរៀន​នៅក្នុងថ្នាក់រៀនជាមួយនឹងគ្រូវិញ ក្រោយពីសាលាបិទទ្វារអស់រយៈពេល៦ខែ​មក​ហើយ​ ដោយសារការរាតត្បាតជំងឺកូវីដ-១៩​
ដោយ:
​ភ្នំពេញ​៖ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំនេះ ចំនួន​១១១,០២៥​នាក់ (​ស្រី​៥៤០២១​នាក់​)​។ ចំនួន​នេះ មានការ​ធ្លាក់ចុះ បើ​ធៀប​នឹង​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំមុន ចំនួន​១១៥, ២០៦​នាក់ (​ស្រី​៥៩ ៧៣២​នាក់​)​។ នេះ​បើតាម​តួលេខ​បឋម ដែល​ផ្ដល់​ដោយ​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា ក្នុងចំណោម​បេក្ខជន​ប្រឡង​ទាំងអស់នេះ គឺមាន​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ ចំនួន ៣២,០១៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៣,៧៨១​នាក់​។ បើតាម​លោក វាចា ក្រសួង​បាន​ត្រៀម​មណ្ឌល​ប្រឡង​ឆ្នាំនេះ ចំនួន​២៤១​មណ្ឌល ដោយ​ស្មើ ៤,៨៨៥ បន្ទប់​។ ក្នុងនោះ មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៨៦​មណ្ឌល ស្មើ ១, ៦៦៩​បន្ទប់​។​
 
​បើតាម​លោក រស់ សុ​វាចា ចំនួន​បេក្ខជន និង​មណ្ឌល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មិនទាន់​ជា​តួលេខ​ផ្លូវការ​នៅឡើយ​ទេ ពោលគឺ​អាចមាន​ការប្រែប្រួល​បន្ថែមទៀត​។​
 
​ដើម្បី​ឲ្យ​ដំណើរ​ប្រឡង​បាក់​ឌុប​ប្រព្រឹត្ត​ទៅដោយ​រលូន គឺ​ក្រសួង​អប់រំ​នឹង​អនុវត្តតាម​គោលការណ៍​ចំនួន​៤ គឺ​រក្សា​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​ជូនទៅ​បេក្ខជន មាតាបិតា អាណាព្យាបាល គណៈមេប្រយោគ គណៈកម្មាការ និង​សាធារណជន​។ ទាក់ទង​នឹង​ការរៀបចំ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​នឹង​បន្ត​រៀបចំ​ដូចនឹង​ឆ្នាំមុនៗ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែម​ដូច្នេះ​ថា​៖«​គោលបំណង​នៃ​ការរក្សា​គុណភាព​នៃ​ការប្រឡង ដើម្បី​បន្ត​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​»​។ 
 
​ក្រសួង​អប់រំ បាន​បង្គាប់​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ក្រុង ខណ្ឌ ភូមិ ស្រុក ទូទាំងប្រទេស រួមគ្នា​សហការ​ជាមួយនឹង​មន្ទីរអប់រំ​តាម​តំបន់​របស់ខ្លួន រៀបចំ​រក្សា​សុវត្ថិភាព​ទាំង​មុន​ដំណើរការ​ប្រឡង រហូតដល់​ក្នុងការ​ប្រកាស​លទ្ធផល​ប្រឡង​។ 
 
​ពេល​ជិត​កៀក​ថ្ងៃ​ប្រឡង​បាក់​ឌុប ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ក្រុង ខណ្ឌ ភូមិ ស្រុក ចាត់ចែង​ឲ្យ​មាន​អ្នក​ចុះ​សម្របសម្រួល​ជាមួយនឹង​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ កុំ​ដំឡើងថ្លៃ​ដល់​បេក្ខជន​ប្រឡង និង​គណៈមេប្រយោគ​។ នា​ថ្ងៃ​ប្រឡង​មកដល់ ក្រសួង​អប់រំ​ណែនាំ​ឲ្យ​គ្រប់​មណ្ឌល​ប្រឡង​នីមួយៗ​សម្រួល​ដល់​ការផ្ញើ​កង់ ម៉ូតូ​របស់​បេក្ខជន​ប្រឡង និង​គណៈមេប្រយោគ​។ 
 
​ក្នុង​ដំណើរ​ការប្រឡង ក្រសួង​អប់រំ​បាន​ចាត់ចែង​ឲ្យ​មាន​មន្ត្រី​សុខាភិបាល និង​ស​.​ស​.​យ​.​ក គ្រប់​រាជធានី​ខេត្ត គណៈកម្មការ​អប្បមាទ គណៈមេប្រយោគ ប្រចាំការ​សម្រាប់​ជួយ​សម្រួល​ដល់​សិស្ស​ដែលមាន​បញ្ហា​សុខភាព និង​ត្រួតពិនិត្យ​រាល់​ដំណើរ​ការប្រឡង​។ 
 
​ការប្រឡង​បាក់​ឌុប​ឆ្នាំ នឹង​ចាប់​នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០​។ បើតាម​ក្រសួង​អប់រំ លទ្ធផល​ប្រឡង​បាក់​ឌុប​នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ សម្រាប់​ខេត្ត​ដទៃ​នឹង​ប្រកាស​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១៕  
 
 

Tag:
 បាក់​ឌុប​
 ​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com