ជាតិ
​ដាក់​រូបអង្គរ​សម្គាល់​វៀតណាម​! ទីភ្នាក់ងារ​ទេសចរណ៍​អូស្ត្រាលី​ថា​ជា​កំហុស​បច្ចេកទេស ហើយ​បាន​សុំទោស និង​កែសម្រួល​
22, Sep 2020 , 3:29 pm        
រូបភាព
ដោយ:
​ទីភ្នាក់ងារ​ទេសចរណ៍​អូស្ត្រាលី «Wendy Wu Tours» ដ៏​ល្បី​របស់​អូស្ត្រាលី បាន​បង្កកំហុស​មួយ​ដ៏​ធំ ដោយបាន​ផ្សព្វផ្សាយ​ពី​ប្រទេស​វៀតណាម (Vietnam) ប៉ុន្តែ​បែរជា​ដាក់​រូប​ប្រាសាទអង្គរវត្ត និមិត្តរូប​របស់​កម្ពុ​ជា​ទៅវិញ​។ ពាក់ព័ន្ធ​ករណីនេះ មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ បាន​សម្តែង​ប្រតិកម្ម កាលពី​ថ្ងៃទី​២១ ខែកញ្ញា ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​សូម​អភ័យទោស និង​យល់ព្រម​កែសម្រួល​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងទេសចរណ៍​។​

 
​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រសួងទេសចរណ៍ បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា ក្រសួង​បាន​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ Wendy Wu Tours ដើម្បី​កែសម្រួល​ចំពោះ​ការយក​រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ទៅ​ភ្ជាប់​ជាមួយ​ពាក្យ​សម្គាល់​ប្រទេស​វៀតណាម​។ ក្រុមហ៊ុន​បាន​រក្សាទុក​រូបអង្គរ​ដដែល ប៉ុន្តែ​បាន​ប្តូរ​ពាក្យ​ពី VIETNAM ទៅជា SOUTHEAST ASIA ។ ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​នោះ គឺ​ក្រុមហ៊ុន​ចង់​ទាក់ទាញ​ទេសចរណ៍​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​គោលដៅ​ទេសចរណ៍ ២០២១-២០២២ ដែលមាន ដូចជា កោះ Borneo, កម្ពុជា​, ឥណ្ឌូណេស៊ី​, ឡាវ​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, ថៃ និង​វៀតណាម​។​
 
​បើតាម លោក តុ​ប សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ក្រុមហ៊ុន Wendy Wu Tours បាន​ទទួលស្គាល់ថា វា​ជា​កំហុស​បច្ចេកទេស​ក្នុងការ​រចនា (Design) ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក្រសួង​ចង់​ឲ្យ​មានការ​សុំទោស​ជា​សាធារណៈ ខណៈ​ក្រុមហ៊ុន​បរទេសមួយ​នេះ មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ស្ថាប័ន​កម្ពុជា​នោះឡើយ​។​
 

ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍​កត់សម្គាល់ថា ភ្នាក់ងារ «Wendy Wu Tours» បានរួម​ចំណែក​ផ្សព្វផ្សាយ​ពី​កន្លងមក មុន​នឹងមាន​កំហុសឆ្គង​អ​ចេតនា​មួយ​នេះ​។ ក្រសួង​បាន​បញ្ជាក់ថា មូល​ហេតុដែល​ទីភ្នាក់ងារ Wendy Wu Tours មិន​ប្ដូរ​មកជា CAMBODIA វិញ​នោះ ក៏​ដោយសារ​ក្រុមហ៊ុន​ចង់​បង្ហាញថា «​ប្រាសាទអង្គរវត្ត​រប​ស់​កម្ពុជា​» ជា​និម្មិត​រូបតំណាង​ឱ្យ​តំបន់​អា​ស៉ី​អាគ្នេយ៍​លើ​នៅ​គេហទំព័រ​របស់ខ្លួន ពីព្រោះ​ប្រាសាទអង្គរវត្ត​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ដែល​ពិភពលោក​ស្គាល់​ច្រើនជាងគេ​។​
 
​ទោះបីជា​ទីភ្នាក់ងារ Wendy Wu Tours បាន​កែសម្រួល​នៅលើ​ទំព័រមុខ​នៃ​គេហទំព័រ​របស់ខ្លួន​រួចហើយ​ក្ដី ប៉ុន្តែ​នៅមាន​មួយកន្លែង​ទៀត​ដែល​ក្រុមហ៊ុន​មិនទាន់បាន​កែសម្រួល​អស់ គឺ​នៅពេល​ចូលទៅក្នុង​ផ្ទាំង Brochures គេ​នៅ​ឃើញ​មាន​រូប​ប្រាសាទអង្គរវត្ត​ដែល​ដាក់ពាក្យ VIETNAM នៅ​ពីលើ​នៅឡើយ​។ ត្រង់ចំណុច​នេះ ក្រសួងទេសចរណ៍ បន្ត​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​ដើម្បី​សម្រួល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​៕

Tag:
 អង្គរវត្ត​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com