អន្តរជាតិ
ឥណ្ឌា សាកល្បងយន្តហោះចម្បាំង Rafale លើតំបន់ព្រំដែនមានជម្លោះជាមួយចិន ឥណ្ឌាបើកសាកល្បងយន្តហោះចម្បាំង Rafale។ រូបភាព៖ AFP
× ឥណ្ឌា បានសាកល្បងហោះហើរយន្តហោះចម្បាំង Rafale របស់ខ្លួនដែលទើបទទួលបានពីបារាំង នៅលើតំបន់ជម្លោះនៅតាមព្រំដែនជាមួយចិន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌានៅថ្ងៃទី២១ ខែកញ្ញា។ ឥណ្ឌា ទំនងចង់សម្ញែងអានុភាពថ្មីរបស់ខ្លួនដាក់ចិន ខណៈដែលភាពតានតឹងនៅព្រំដែនហាក់ធូរស្រាលបន្តិច។
តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌា យន្តហោះចម្បាំង Rafale ត្រូវបានបើកសាកល្បងនៅលើតំបន់ក្បែរព្រំដែនជាមួយចិន រួមទាំងតំបន់ Ladakh ដែលជាតំបន់ប្រទាញប្រទងគ្នាផងដែរ។ ការសាកល្បងនេះ គឺជាពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសឥណ្ឌា ដើម្បីធ្វើឲ្យថ្នឹកដៃជាមួយយន្តហោះចម្បាំងថ្មីនេះ។
ការប៉ះទង្គិច ដែលបង្កឲ្យទាហានឥណ្ឌាស្លាប់ជាង ២០នាក់ និងរបួស កាលពីពេលថ្មីៗនេះ កើតឡើងនៅក្នុងតំបន់Ladakh នេះ ហើយការប្រឈមមុខរបស់យក្សនុយក្លេអ៊ែរអាស៊ីទាំងពីរ និងឈានដល់ការបាញ់បោះព្រមានគ្នាទៅមកក្នុងពេលថ្មីៗនេះ ក៏កើតឡើងនៅក្នុងតំបន់នេះដែរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កងទ័ពអាកាសឥណ្ឌា មិនបានប្រកាសពីការហោះហើរនេះឡើយ ប៉ុន្តែវាត្រូវបានឃើញដោយអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានមួយនេះនៅលើទីក្រុង Leh ក្នុងតំបន់ Ladakh ផ្ទាល់។ ក្រោយមកមន្ត្រីកងទ័ពឥណ្ឌា ក៏បានបញ្ជាក់ពីការហោះហើរនេះមែន។
យន្តហោះចម្បាំង Rafale ចំនួន៥គ្រឿងដំបូង ដែលទើបនាំមកពីបារាំង ត្រូវបានឥណ្ឌាដាក់បញ្ចូលឲ្យប្រើប្រាស់ ក្នុងកងទ័ពអាកាសរបស់ខ្លួនតាំងពីថ្ងៃទី១០ ខែកញ្ញាមកម្លេះ។ ក្នុងអំឡុងពេលដាក់ឲ្យប្រើប្រាស់នេះ ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំងRafale បានហោះហើរ និងសាកល្បងរួចហើយ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែឥណ្ឌា មិនបានបញ្ជាក់ពីតំបន់ ដែលបានហោះហើរឡើយ។
នៅក្នុងថ្ងៃឥណ្ឌាដាក់បញ្ចូលRafale ក្នុងកងទ័ពអាកាសរបស់ខ្លួន ប្រមុខការទូតរបស់ប៉េកាំង និងញូវដែលី បានជួបគ្នាដោយផ្ទាល់នៅរុស្ស៊ី។ ក្នុងជំនួបនេះ ភាគីចិន និងឥណ្ឌា យល់ព្រមបន្ធូរបន្ថយភាពតានតឹង និងដកទ័ពចេញពីតំបន់ព្រំដែនជម្លោះ។
សូមបញ្ជាក់ថា ឥណ្ឌា បានកម្មង់ទិញ Rafale របស់បារាំងចំនួន ៣៦គ្រឿង តាំងពីឆ្នាំ២០១៦មកម្លេះ ក្នុងទំហំទឹកប្រាក់ប្រមាណ ៩,៤ពាន់លានដុល្លារ។ យន្តហោះទាំងនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិឥណ្ឌាចាត់ទុកថា គឺជា «សារដ៏ខ្លាំង» សម្រាប់សត្រូវរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com