ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
«ចង្រ្កាន»ដែលចម្អិនអាហារប្រកបដោយសុវត្ថិភាព!
22, Sep 2020 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុងតំបន់ទន្លេមេគង្គ ចាប់តាំងពីឆ្នាំ២០១៥មក អង្គការ SNV បានបង្កើតទីផ្សារសម្រាប់ការចម្អិនអាហារដែលស្អាតតាមរយៈកម្មវិធីជីវឧស្ម័នថ្នាក់ជាតិ និងការអន្តរាគមលើការចម្អិនអាហារដោយប្រើអុស និងធ្យូងក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា។ ជាលទ្ធផល មនុស្សរាប់លាននាក់មានលទ្ធភាពទទួលបានថាមពលដែលមានភាពប្រសើរឡើង និងស្អាតសម្រាប់ការចម្អិនអាហារតាមរយៈការងាររបស់ពួកយើង និងជាមួយដៃគូ និងម្ចាស់ជំនួយរបស់យើង ដូចជា៖ អង្គការអភិវឌ្ឍន៍ថាមពល (Energizing Development) ដែលគ្រប់គ្រងដោយ អង្គការ GIZ ជាដើម។ ខាងក្រោមនេះ គឺជាសំណួរចម្លើយរៀបចំជាមួយលោក Bastiaan Teune នៃអង្គការ SNV។ បច្ចុប្បន្ន លោក Bastiaan Teune គឺជាអ្នកដឹកនាំផ្នែកវិស័យថាមពលនៅកម្ពុជា និងអ្នកសម្របសម្រួលគម្រោងចង្ក្រានពិភពលោក។ លោក Bastiaan Teune គឺជាអ្នកអនុវត្តដែលមានចំណាប់អារម្មណ៍ការងារផ្តោតទៅលើមនុស្ស ហើយដែលបាននិងកំពុងធ្វើការងារលើគម្រោងចម្អិនអាហារជាមួយអង្គការ SNV តាំងពីឆ្នាំ២០០៥។ លោកបានចូលរួមគាំទ្រយ៉ាងជិតស្និទ្ធក្នុងដំណាក់កាលផ្តួចផ្តើមគំនិត អភិវឌ្ឍន៍ និងផ្សព្វផ្សយរបស់គម្រោង។





ទំនាក់ទំនង៖ គេហទំព័រ LinkedIn និងគេហទំព័រ Twitter៖ Bastiaan Teune
 
សូមអញ្ជើញអានបទសម្ភាសដូចតទៅ៖ 
 
១)-តើលោកអាចណែនាំអំពីអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) របស់លោកបានដែរឬទេ? ហើយទាក់ទងនឹងកម្មវិធីថាមពលរបស់លោក តើលោកកំពុងធ្វើអ្វី ឬកំពុងព្យាយាមសម្រេចអ្វី?
 
លោក Bastiaan Teune៖ អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) មានការិយាល័យកណ្តាលនៅក្នុងប្រទេសហូឡង់ និងមានសកម្មភាពក្នុងប្រទេសចំនួន ២៩ នៅជុំវិញពិភពលោក។ យើងអនុវត្តគម្រោងក្នុងផ្នែកកសិកម្ម ទឹក និងអនាម័យ និងថាមពល ដែលធ្វើឱ្យជីវិតមនុស្សរាប់លាននាក់មានភាពប្រសើរឡើង។ គម្រោងទាំងអស់របស់យើងមានគោលបំណងរួមមួយ គឺដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព តាមរយៈការនាំមកនូវការផ្លាស់ប្តូរជាប្រព័ន្ធរយៈពេលយូរអង្វែង។ ការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធមានន័យថាជាការបង្កើតទីផ្សារ (នៃបច្ចេកវិទ្យាចម្អិនអាហារដែលស្អាត) ដើម្បីទាក់ទាញការវិនិយោគ ផ្តល់ដំបូន្មានដល់រដ្ឋាភិបាលនានាឱ្យអនុវត្តគោលនយោបាយគាំទ្រ និងបង្កើត “ទម្លាប់ថ្មី” មួយ។ 
 
ក្នុងតំបន់មេគង្គចាប់តាំងពីឆ្នាំ២០១៥ អង្គការ SNV បានបង្កើតទីផ្សារសម្រាប់ការចម្អិនអាហារដែលស្អាតតាមរយៈកម្មវិធីជីវឧស្ម័នថ្នាក់ជាតិ និងការអន្តរាគមលើការចម្អិនអាហារដោយប្រើអុស និងធ្យូងក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា។ ជាលទ្ធផល មនុស្សរាប់លាននាក់មានលទ្ធភាពទទួលបានថាមពលដែលមានភាពប្រសើរឡើង និងស្អាតសម្រាប់ការចម្អិនអាហារតាមរយៈការងាររបស់ពួកយើង និងជាមួយដៃគូ និងម្ចាស់ជំនួយរបស់យើង ដូចជា៖ អង្គការអភិវឌ្ឍន៍ថាមពល (Energizing Development) ដែលគ្រប់គ្រងដោយ អង្គការ GIZ ជាដើម។
 
២)-តើអ្វីដែលមានសារៈសំខាន់ខ្លាំងអំពីការចម្អិនអាហារ?
 
លោក Bastiaan Teune៖ សាធារណជនជាច្រើនគិតថា ការចម្អិនអាហារជាសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញមួយ ដែលពាក់ព័ន្ធនឹងតម្រូវការជាមូលដ្ឋានរបស់យើង និងការចង់បាននៃរសជាតិ។ ប៉ុន្តែសម្រាប់ អង្គការ SNV គឺយើងមើលឃើញវាដែលផ្សារភ្ជាប់ទៅលើផ្នែក ជីវភាពរស់នៅ សុខភាពសាធារណៈ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ហើយយើងធ្វើការងារនៅក្នុងកិច្ចប្រឹងប្រែងដោយមានការរៀបចំនានាជាមួយគោលនយោបាយរដ្ឋាភិបាល ការអភិវឌ្ឍវិស័យឯកជន និងការផ្លាស់ប្តូរឥរិយាបថនៃការចម្អិនអាហារនៅកម្រិតគ្រួសារ។ យើងធ្វើតេស្តគំរូចង្ក្រាននានា និងធ្វើការសិក្សាស៊ីជម្រៅអំពីចំហេះ និងការដោះដូរកម្តៅ។ អ្វីដែលលោកអ្នកអាចរៀនសូត្រ និងអ្វីដែលលោកអ្នកអាចសម្រេចបាននៅក្នុងវិស័យថាមពលដែលគួរឱ្យចាប់អារម្មណ៍នេះ គឺវាមិនមានទីបញ្ចប់នោះទេ។
 
ឧទាហរណ៍ ប្រហែលកាលពី២លានឆ្នាំមុន អ្វីដែលមនុស្សជាច្រើនមិនស្គាល់នោះគឺថាជាមួយនឹងការបង្កើតការចម្អិនអាហារ និងការផ្លាស់ប្តូររបបអាហារពីអាហារឆៅទៅជាអាហារឆ្អិន វាបានធ្វើឱ្យអាហារូបត្ថម្ភបន្ថែមនេះផ្តល់ឱ្យខួរក្បាលដើម្បីអភិវឌ្ឍកាន់តែប្រសើរឡើង។ ការចម្អិនអាហារ អាចជាការជំរុញដ៏ខ្លាំងដល់ការវិវត្ត និងសមត្ថភាពរបស់យើងក្នុងការអានអត្ថបទនេះ។
 
ការចម្អិនអាហារបែបប្រពៃណី ក៏មានផលប៉ះពាល់ជាអវិជ្ជមានផងដែរ។ ឧទាហរណ៍ វាប៉ះពាល់ទៅលើការឡើងកម្តៅនៅលើផែនដី ដោយសារការដុតអុសសម្រាប់ចម្អិនអាហារគឺបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ក្នុងទម្រង់ជាកាបូនឌីអុកស៊ីត និងសារធាតុបំពុលបរិយាកាសផ្សេងៗទៀត។ ការបញ្ចេញឧស្ម័នរួមបញ្ចូលគ្នាពីចង្ក្រានតូចៗទាំងអស់នេះនៅក្នុងពិភពលោក មានគ្រោះថ្នាក់ដូចទៅនឹងឧស្សហកម្មអាកាសចរណ៍ទាំងមូលផងដែរ។
 
ការចម្អិនអាហារដោយដុតអុស ក៏បង្កឱ្យមានការបំពុលខ្យល់នៅតំបន់ចង្ក្រានបាយផងដែរ។ដូច្នេះអ្នកចម្អិនអាហារនិងកូនៗរបស់ពួកគេ គឺប្រឈមទៅនឹងផ្សែងដែលស្មើនឹងការជក់បារី ១០ដើមក្នុងមួយថ្ងៃដែរ។ ការបំពុលនេះមានភាពប៉ះពាល់នឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនានា ដូចជា៖ ជំងឺរលាកសួត ជំងឺរបេង និងជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD)។ ក្នុងប្រទេសកម្ពុជា មានគ្រួសារប្រហែល ២.៥លានគ្រួសារដែលនៅតែប្រើប្រាស់ចង្ក្រានចម្អិនបែបប្រពៃណីជាមួយនឹងជីវម៉ាសរឹង ដូចជា៖ អុស ធ្យូង និងសំណល់ពីការធ្វើកសិកម្ម។ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ១១,០០០ នាក់ ក្នុងប្រទេសកម្ពុជាបានស្លាប់មុនអាយុក្នុងមួយឆ្នាំៗ ដោយសារការបំពុលខ្យល់ក្នុងផ្ទះ។ ស្ថានភាពសុខភាពទន់ខ្សោយនេះ ក៏បង្កើនភាពងាយរងគ្រោះទៅនឹងការឆ្លងមេរោគកូវីដ-១៩ផងដែរ។
 
៣)-តើអ្វីដែលគួរធ្វើ ដើម្បីឱ្យស្ថានភាពនៃចម្អិនអាហារមានភាពប្រសើរឡើង? 
 
លោក Bastiaan Teune៖ មានឧបសគ្គមួយចំនួនដែលចាំបាច់ត្រូវជម្នះឱ្យបានដើម្បីបង្កើតតម្រូវការរបស់គ្រួសារទាំងឡាយ និងងាកចេញឱ្យឆ្ងាយពីការចម្អិនអាហារបែបប្រពៃណីឆ្ពោះទៅរកការចម្អិនអាហារស្អាត។ ទីមួយ គឺការយល់ដឹង ដោសារអ្នកចម្អិនជាច្រើនប្រាប់យើងថា គ្រួសាររបស់ពួកគាត់គឺកំពុងចម្អិនអាហារតាមបែបប្រពៃណីនេះអស់រយៈពេលជាច្រើនជំនាន់មកហើយ ហើយមិនធ្លាប់បានគិតដល់ផលវិបាកនោះទេ។ ហេតុដូច្នេះ អង្គការ SNV ផ្តល់ការទាក់ទងបែបផ្លាស់ប្តូរឥរិយាបថក្នុងភូមិនានាក្នុងខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ រួមជាមួយនឹងគណៈកម្មការឃុំសម្រាប់ស្ត្រីនិងកុមារ ដើម្បីពិភាក្សាអំពីបញ្ហានេះនៅក្នុងបរិយាកាសជាក្រុម។ ទីពីរ គឺយើងមានទំព័រហ្វេសប៊ុកដ៏សកម្មមួយ   ដែលយើងធ្វើការផ្សព្វផ្សាយអំពីចង្ក្រានជីវម៉ាសបែបទំនើប និងដើម្បីជំរុញឲ្យមានតម្រូវការកាន់តែច្រើនឡើង៖@Mekongstove។
 
ចំពោះខាងផ្នែកផ្គត់ផ្គង់ អង្គការ SNV គាំទ្រដល់អ្នកផលិតចង្ក្រានអុសដែលត្រូវបានធ្វើតេស្ត និងអនុម័តដោយគម្រោង។ វិធីសាស្រ្តរបស់យើងគឺថា យើងធ្វើតេស្តគំរូចង្ក្រាននានានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយយោងទៅតាមស្តង់ដារអន្តរជាតិ ដើម្បីធានាថាយើងទទួលបាននូវលទ្ធផលវិជ្ជមានទៅលើការសន្សំសំចៃថាមពល និងកាត់បន្ថយបញ្ហាផ្សែងពីការចម្អិនអាហារ។ សម្រាប់គំរូចង្ក្រានទាំងនេះ លោកអ្នកក៏អាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Mekongstove និងអាចបញ្ជាទិញនៅលើទំព័រហ្វេសប៊ុកនោះបានដែរ។
 
កាលពីមុន យើងបានគាំទ្រដល់គំរូចង្ក្រាននាំចូលមួយចំនួន ប៉ុន្តែគំរូចង្ក្រានទាំងនេះ (Prime, ACE1 និង KhmerEco) បច្ចុប្បន្នត្រូវបានផលិត និងដំឡើងក្នុងប្រទេសកម្ពុជា។ ក្រៅពីចង្ក្រានស្អាត យើងក៏ គាំទ្រដល់ការចម្អិនអាហារ ដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពលើចង្ក្រានសេរ៉ាមិចដែល ដុតអុស និងធ្យូងផងដែរ។ អង្គការ SNV គាំទ្រ “សមាគមអ្នកផលិតចង្រ្កានដែលមានប្រសិទ្ធភាពនៅ កម្ពុជា” ឬហៅកាត់ថា “CESPA” ដែលជាអង្គការសមាជិកភាពរបស់អ្នកផលិតចង្ក្រាន ក្នុងការពង្រឹង គុណភាពចង្រ្កានរបស់ពួកគាត់ឲ្យប្រសើរឡើង។ យើងក៏បានពង្រីកជម្រើសបច្ចេកវិទ្យានានាជាមួយនឹងគំរូចង្ក្រានថ្មីៗ និងជាមួយនឹងចង្ក្រានស្អាត ដូចជា៖ ចង្រ្កានអគ្គិសនី និងចង្រ្កានហ្គាស។
 
ក្រៅពីនេះ យើងក៏គាំទ្រដល់ការយល់ដឹងនៅថ្នាក់ជាតិផងដែរ ដើម្បីទាញការចាប់អារម្មណ៍ចំពោះបញ្ហាផ្សែងនៅក្នុងចង្ក្រានបាយ និងដើម្បីពាំនាំយកបញ្ហាទាំងនេះទៅក្នុងគោលនយោបាយសុខភាពទាំងឡាយ ដែលមានបំណងក្នុងការលើកកម្ពស់ជីវភាព សមភាពយេនឌ័រ និងបរិស្ថាន។
 
ចាប់តាំងពីឆ្នាំ២០១៦រហូតមកដល់ពេលនេះ ចង្ក្រានស្អាតជាង១ម៉ឺនចង្ក្រាន ត្រូវបានលក់ចេញ ហើយការលក់នេះនឹងកើនឡើងទ្វេដងនៅក្នុងឆ្នាំខាងមុខ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងសង្ឃឹមថា ប្រជាជននៅទីជនបទកម្ពុជានឹងមានការយល់ដឹង និងអាចងាកចេញពីការចម្អិនអាហារបែបប្រពៃណីឆ្ពោះទៅរកការប្រើប្រាស់ចង្រ្កានចម្អិនបែបបច្ចេកវិទ្យាទំនើបកាន់តែច្រើនឡើង។យើងក៏សង្ឃឹមថា ការងាររបស់យើងគឺចូលរួមចំណែកដល់ការពន្លឿនការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ បរិស្ថាន និងជីវិតរបស់សាធារណជនកាន់តែប្រសើរឡើង៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល SNV តាមរយៈ៖
 
គេហទំព័រ៖ https://snv.org/country/cambodia
ទំព័រហ្វេសប៊ុក៖ @SNVCambodia
លោកអ្នកក៏អាចរកឃើញគំរូចង្ក្រានគ្រប់ប្រភេទដែលមាននៅក្នុងប្រទេសកម្ពុជានៅទំព័រហ្វេសប៊ុកកម្មវិធីរបស់យើង៖ @Mekongstove
 

© រក្សាសិទ្ធិដោយ thmeythmey.com