សង្គមអន្តរជាតិ​
អន្តរជាតិ
កាសែត​រដ្ឋ​ចិន​៖ ប៉េកាំង​ទំនង​មិន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង TikTok និង​ក្រុមហ៊ុន​អាមេរិក​
22, Sep 2020 , 10:29 pm        
រូបភាព
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនByteDance របស់ចិន
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនByteDance របស់ចិន
ដោយ:
​កាសែត​រដ្ឋ​ចិន Global Times នៅ​ថ្ងៃទី​២២ កញ្ញា​បានចេញ​ផ្សាយ​វិចារណកថា​មួយ ដោយ​លើកឡើងថា កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Oracle Walmart និង ByteDance ដើម្បី​បន្ត​ប្រតិបត្តិការ​កម្មវិធី​វីដេអូ​កម្សាន្ត TikTok នៅ​អាមេរិក ទំនងជា​នឹងមិន​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ចិន​ឡើយ​។

 
​នៅ​ថ្ងៃទី​១៩ កញ្ញា​ក្រុមហ៊ុន ByteDance ដែល​គ្រប់គ្រង​កម្មវិធី TikTok បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Oracle និង Walmart របស់​អាមេរិក​ដើម្បី​បន្ត​ប្រតិបត្តិការ​នៅ​អាមេរិក​។ កិច្ចព្រមព្រៀង​នេះ ក៏​ទទួល​ការយល់ព្រម​ជាគោលការណ៍​ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែរ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​គេ​មើលឃើញថា ស្របទៅនឹង​អ្វីដែល​លោក​ត្រាំ​ចង់បាន ត្បិត​អី​លោក​ធ្លាប់​គំរាម​មិន​ឲ្យ​ទាញយក​TikTok ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​។​
 
​កិច្ចព្រមព្រៀង​នេះ នឹង​បង្កើត​ក្រុមហ៊ុន​ចំណុះ​មួយ​ដែលមាន​ឈ្មោះ TikTok Global  ដោយ Oracle នឹង​ក្លាយជា​អ្នកផ្ដល់​បច្ចេកវិទ្យា​ឲ្យ TikTok ហើយ Walmart នឹងធ្វើ​ការ​លើ​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ថ្មី​។ ក្រុមហ៊ុន Oracle និង Walmart ក៏មាន​ចំណែក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ថ្មី​នេះដែរ​។ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ខាងលើ​អាចអនុវត្ត​ទៅបាន ការយល់ព្រម​ពី​សំណាក់​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​អាមេរិក ជា​រឿង​ចាំបាច់​ផងដែរ​។​
 
​ចំពោះ​កិច្ចព្រមព្រៀង​ខាងលើ កាសែត​រដ្ឋ​ចិន Global Times បាន​លើកឡើងថា លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ គឺជា​របៀប​នៃ​ការធ្វើ​បាប​របស់​រដ្ឋាភិបាល​អាមេរិក​។ កាសែត​នេះ បន្ថែមថា លក្ខខណ្ឌ​ខាងលើ ប៉ះពាល់​ទៅដល់​កិត្តិយស ផលប្រយោជន៍ និង​សន្តិសុខ​ជាតិចិន​។​
 
​ក្នុង​បទ​វិចារណកថា​របស់ខ្លួន កាសែត​មួយ​នេះ បង្ហាញ​ការជំទាស់​ដាច់ខាត ទៅនឹង​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន TikTok Global ដែល​តម្រូវ​ឲ្យ មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​៤​រូប​ជា​ជនជាតិ​អាមេរិក និង​តែមួយ​រូប​ប៉ុណ្ណោះ​ជា​ជនជាតិ​ចិន​។ បន្ថែម​ពីនេះ តំណែង​នាយក​ទទួលបន្ទុក​សន្តិ​សុខ​របស់ TikTok Global ក៏ត្រូវ​ទទួល​ការយល់ព្រម​ពី​អាមេរិក​ផងដែរ​។​
 
​លើសពីនោះ បើតាម​កិច្ចព្រមព្រៀង​ខាងលើ ក្រុមហ៊ុន Oracle របស់​អាមេរិក ក៏​ជា​អ្នកផ្គត់ផ្គង់​បច្ចេកវិទ្យា ឯ ByteDance ត្រូវ​បង្ហាញ​ប្រភព​កូដ និង​ផ្តាច់ការ​គ្រប់គ្រង​TikTok និង​កម្មវិធី​មួយទៀត​ឈ្មោះ Douyin ចេញពី​គ្នា​។ Douyin គឺ​ដូចគ្នា​ទាំងស្រុង​ទៅនឹង TikTok តែ​ត្រូវបាន​ប្រើប្រាស់​ក្នុងប្រទេស​ចិន​ប៉ុណ្ណោះ​។​
 
​ត្រង់ចំណុច​នេះ Global Times អះអាងថា អាមេរិក នឹង​ដឹង​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Douyin ព្រោះ​អី TikTok និង Douyin មាន​ប្រភព​កូដ​តែមួយ​។ បទ​វិចារណកថា​នេះ សង្កត់ធ្ងន់ថា បើសិនជា​ទម្រង់​បែប​កិច្ចព្រមព្រៀង​ខាងលើ ត្រូវបាន​ទទួលស្គាល់​ជា​គំរូ​នៃ​ការធ្វើ​ពាណិជ្ជកម្ម នោះ​មានន័យថា នៅពេលដែល​ក្រុមហ៊ុន​ចិន​ពង្រីក​ខ្លួន​ចូល​ទីផ្សា​អាម​រិ​ក រួច​ក្លាយជា​គូប្រជែង​ក្រុមហ៊ុន​អាមេរិក ក្រុមហ៊ុន​ចិន​នោះ​នឹង​ក្លាយជា​គោលដៅ​របស់​អាមេរិក ដែល​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ដូចគ្នា​ដើម្បី​គ្រប់គ្រង​ដែរ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ កិច្ចព្រមព្រៀង​ខាងលើ ត្រូវបាន​ក្រុមហ៊ុន ByteDance និង Oracle បកស្រាយ​ផ្សេងៗ​ពីគ្នា​។ ByteDance អះអាងថា TikTok Global គឺជា​ក្រុមហ៊ុន​ចំណុះ​របស់ខ្លួន ហើយ​ByteDance នឹង​កាន់កាប់​ភាគហ៊ុន​៨០​ភាគរយ ប៉ុន្តែ​ក្រុមហ៊ុន Oracle របស់​អាមេរិក​វិញ​អះអាងថា ភាគហ៊ុន​របស់ ByteDance នឹងត្រូវ​គ្រប់គ្រង​ដោយ​អ្នកវិនិយោគ​អាមេរិក ហើយ ByteDance នឹងមិន​កាន់កាប់​ភាគហ៊ុន​អ្វី​ទាំងអស់​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com