កីឡាអន្តរជាតិ
អន្តរជាតិ
Rakitic ដែល​ជួយ​ឱ្យ​ក្រូ​អាស៊ី ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018 សម្រេចចិត្ត​ចូល​និវត្តពីជម្រើសជាតិ​
22, Sep 2020 , 4:41 pm        
រូបភាព
​អតីត​ខ្សែបម្រើ​ក្រុម Barcelona កីឡាករ Ivan Rakitic សម្រេចចិត្ត​ចូល​និវត្ត​ពី​ជម្រើសជាតិ​ក្រូ​អាស៊ី កាលពី​ថ្ងៃទី​២១ កញ្ញា​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Channel News Asia​។​



«​ខ្ញុំ​សូម​លា​ហើយ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​! ហើយ​វាជា​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត​នៅក្នុង​អាជីព​បាល់ទាត់​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ពេលនេះ​ជា​ពេល​មួយ​ដែល​ខ្ញុំ​ត្រូវ​ចាកចេញ ហើយ​ធ្វើការ​សម្រេចចិត្ត​»​។ នេះ​ជា​ពាក្យសម្តី​របស់​ខ្សែបម្រើ​វ័យ​៣២​ឆ្នាំ នៃ​អតីត​ក្រុម Barcelona ។​
 
Rakitic បាន​ចូលរួមចំណែក​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2018 ដែល​រៀបចំឡើង​នៅ​ប្រទេស​រុស្ស៊ី​។ ក្រូ​អាស៊ី បាន​ត្រឹម​រងជើង​ឯក​ប៉ុណ្ណោះ ក្រោយ​ចាញ់ បារាំង ដោយ​លទ្ធផល​៤​ទល់​២​។​
 
​ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ បាន​រៀបរាប់ថា​៖«​ខ្ញុំ​រីករាយ​គ្រប់ការ​ប្រកួត​ជាមួយ​ការលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ខ្ញុំ​។ ហើយ​អ្វីដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​នោះ គឺ​ការប្រកួត World Cup ដែល​វា​នឹង​ស្ថិតនៅក្នុង​ចិត្ត​និង​ការចងចាំ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​តែង​ជឿជាក់ថា ពួកយើង​នៅតែ​ជា​ក្រុម​អស្ចារ្យ ក្នុងការ​បន្តដំណើរ​ទៅមុខ​ជាមួយនឹង​អនាគត​ត្រចះត្រចង់​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​មិត្តភក្តិ ក៏ដូចជា​មិត្ត​រួម​ក្រុម​ទាំងអស់ សំណាង​គ្រប់​ទីកន្លែង សម្រាប់​ការប្រកួត​ដែល​នឹងត្រូវ​មកដល់​នាពេល​ខាងមុខនេះ​»​។​
 
Rakitic បាន​លើកយក​ការសម្រេចចិត្ត​ចូល​និវត្ត​នេះ ទៅ​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុម​ជម្រើស Luka Modric និង​គ្រូបង្វឹក Zlatko Dalic រួមទាំង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ក្រូ​អាស៊ី Davor Suker រួចហើយ​។​Rakitic បានបង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ១០៦​លើក រក​គ្រាប់​បាល់​បាន​១៥​គ្រាប់​។​
 
​បច្ចុប្បន្ននេះ Rakitic បាន​ចុះ​កុងត្រា​រួមរស់​ជាមួយ​ក្លិប​ចាស់ Sevilla ខ្លួន​វិញ​ហើយ ក្រោយ​ចាក​ចេញមក​ជ្រក​ទ្រនំ​ជាមួយ​ក្លិប​អ្នកបុណ្យ Barcelona អស់​រយៈពេល​៦​ឆ្នាំ​៕

Tag:
 បាល់ទាត់​
  Rakitic
© រក្សាសិទ្ធិដោយ thmeythmey.com