សង្គមអន្តរជាតិ​
អន្តរជាតិ
ប៉ូលិស​ក្រុង​ញូវយ៉ក​ម្នាក់ ត្រូវ​ចាប់ខ្លួន​និង​ចោទប្រកាន់​ពីបទ​ធ្វើ​ចារកិច្ច​ឲ្យ​ចិន​
22, Sep 2020 , 11:29 pm        
រូបភាព
រថយន្តប៉ូលិសទីក្រុងញូវយ៉ក។ រូបភាព AFP
រថយន្តប៉ូលិសទីក្រុងញូវយ៉ក។ រូបភាព AFP
​អាជ្ញាធរ​អាមេរិក បាន​ចោទ ជនជាតិ​ទី​បេ​ម្នាក់​ដែលជា​មន្ត្រីប៉ូលិស​នៅក្នុង​ទីក្រុង​ញូវយ៉ក ពីបទ​ធ្វើ​ចារកិច្ច​ឲ្យ​ទីក្រុង​ប៉េកាំង​។ ក្នុង​ដីកា​ចេញផ្សាយ​ថ្ងៃទី​២១ ខែកញ្ញា រូបគេ​ធ្វើ​សកម្មភាព​ចាប់ពី​ឆ្នាំ ២០១៨ ដល់​២០២០​។


​ជនជាតិ​ទី​បេ​ម្នាក់ ដែលមាន​អាយុ ៣៣​ឆ្នាំ និង​ជា​មន្ត្រីប៉ូលិស​នៅក្នុង​សង្កាត់ Queens នៃ​ទីក្រុង​ញូវយ៉ក ត្រូវបាន​អាជ្ញាធរ​អាមេរិក ចាប់ខ្លួន​ពីបទ​ប្រមូល​ព័ត៌មាន​នៅក្នុង​សហគមន៍​ទី​បេ និង​ប្រភពព័ត៌មាន​សំខាន់ៗ​មួយចំនួន​ឲ្យ​បក្សកុម្មុយនិស្ត​ចិន​។ បើតាម​ដីការ​ចោទប្រកាន់​របស់​អាជ្ញាធរ​អាមេរិក បុរស​រូបនេះ គឺ​ធ្វើតាម​បញ្ជា​របស់​សមាជិក​ម្នាក់​នៃ​កុងស៊ុល​ចិន ប្រចាំ​ទីក្រុង​ញូវយ៉ក​។ 
 
​ជាមួយគ្នានេះ ដីកា​ចោទ​ដដែល បាន​បញ្ជាក់ថា ជនជាតិ​ទី​បេ​រូបនេះ បានអនុញ្ញាត​ឲ្យ​មន្ត្រី​កុងស៊ុល​ចិន ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​ផងដែរ​។ តាមរយៈ​កិច្ចការ​ចារកិច្ច ប៉ូលិស​ក្រុង​ញូវយ៉ក​រូបនេះ ត្រូវបាន​ចិន​ផ្តល់ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។
 
​ក្រៅ​ពីបទ​ចារកិច្ច បុរស​រូបនេះ រង​បទចោទប្រកាន់​ផ្សេងទៀត​ដូចជា ការបម្រើ​បរទេស​នៅលើ​ទឹកដី​អាមេរិក ការរារាំង​ប្រតិបត្តិការ​សេវាសាធារណៈ និង​ការបោកប្រាស់​ជាដើម​។ 
 
​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​ញូវយ៉ក ជនជាតិ​ទី​បេ​រូបនេះ ត្រូវបាន​គេ​បញ្ជូនទៅ​តុលាការ​ហើយ និង​កំពុង​ស្ថិតក្នុង​បន្ទាប់​ឃុំខ្លួន​បណ្តោះអាសន្ន​។ ចំណែក​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​វិញ បាន​អះអាងថា ប៉ូលិស​ដែល​ចោទ​ពីបទ​ចារកិច្ច​នេះ ត្រូវបាន​ព្យួរការងារ និង​មិន​ទទួលបាន​ប្រាក់បៀវត្ស​ឡើយ​។​
 
​សូមបញ្ជាក់ថា បុរស​ទី​បេ​រូបនេះ បានកើត​នៅក្នុង​ប្រទេស​ចិន ដែល​ក្រោយមក​បានទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អាមេរិក ក្រោម​ហេតុផល​ថា​អាជ្ញាធរ​ចិន បានធ្វើ​ទណ្ឌកម្ម​លើ​រូបលោក​ព្រោះ​ជា​ជនជាតិភាគតិច​ទី​បេ​។ ប៉ុន្តែ ការស៊ើបអង្កេត​មួយ​បាន​បង្ហាញថា ឪពុកម្តាយ​រប​ស់បុរ​ស​នេះ គឺជា​សមាជិក​បក្សកុម្មុយនិស្ត​ចិន​៕

Tag:
 ចិន​
  ញូវយ៉ក
© រក្សាសិទ្ធិដោយ thmeythmey.com