COVID-19
អន្តរជាតិ
ថៃ បារម្ភពីជនបរទេស និងចំណាកស្រុកខុសច្បាប់មកពីប្រទេសជិតខាងដែលអាចចម្លង COVID-19
×
ដោយ៖កង ម៉េងហុង
ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី២១ ខែកញ្ញា បានអះអាងថា ជនបរទេស ជនចំណាកស្រុកខុសច្បាប់មកពីប្រទេសជិតខាង ក្លាយជាការគំរាមដ៏សំខាន់ដែលអាចបង្កឲ្យមានរលកទីពីរនៃការឆ្លងជំងឺ COVID-19 ។ អ្នកមានផ្ទុកវីរុសដែលបង្កជាជំងឺ COVID-19 ក៏ជាក្ដីបារម្ភធំសម្រាប់រដ្ឋាភិបាលទីក្រុងបាងកកក្នុងការទប់ស្កាត់ករណីឆ្លងក្នុងស្រុកដែរ។
បើតាមកាសែត Bangkok Post លោកវេជ្ជបណ្ឌិត Bancha Kakhong អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខាភិបាលថៃ បានលើកឡើងពីក្ដីបារម្ភចំពោះការហូរចូលជនចំណាកស្រុកខុសច្បាប់មកពីប្រទេសក្បែរខាងចូលទឹកដីថៃ ដែលពួកគេអាចចម្លងជំងឺ COVID-19 ។ លោកបន្តថា ជនបរទេស ដែលមិនធ្វេសប្រហែលក្នុងការអនុវត្តវិធានការពារ និងអ្នកដែលមានជំងឺនេះដែលមិនមានមុខសញ្ញា ក៏ជាមុខសញ្ញាចម្លងផងដែរ។
លោក Bancha និយាយក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែកញ្ញាថា ទោះបីមានការខិតខំក្នុងការគ្រប់គ្រងកត្តាទាំងបីខាងលើយ៉ាងណាក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែមានការព្រួយបារម្ភអំពីការមិនគោរពច្បាប់ក្នុងចំណោមជនបរទេស។ លោកលើកឡើងទៀតថា ចំពោះជនចំណាកស្រុកខុសច្បាប់វិញ អាជ្ញាធរពិតជាពិបាកក្នុងការបិទព្រំដែនទាំងមូល ដូច្នេះរដ្ឋត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការពីនិយោជកដែលទទួលពួកគេឲ្យធ្វើការ។
ទាក់ទងបញ្ហាអ្នកមានផ្ទុកជំងឺប៉ុន្តែមិនមានរោគសញ្ញាវិញ មន្ត្រីក្រសួងសុខាភិបាលថៃខាងលើ អះអាងថា ប្រជាជនត្រូវតែអនុវត្តគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរាលដាលរាប់ទាំងការលាងដៃ និងពាក់ម៉ាស់ជាប្រចាំផង។ លោកបន្តថា៖ «ប្រសិនពួកគេពាក់ម៉ាស់គ្រប់ពេល នៅពេលអ្នកមានជំងឺជជែកជាមួយអ្នកមានសុខភាពល្អ ហានិភ័យការឆ្លងមានតែ១,៥ភាគរយប៉ុណ្ណោះ។»
ក្នុងសន្និសីទសារព័ត៌មានដដែល លោក Bancha ក៏ព្រមានដែរថា លោកមិនអាចទាត់ចោលលទ្ធភាពដែលថា មានអ្នកផ្ទុកជំងឺប៉ុន្តែមិនមានរោគសញ្ញា កំពុងរស់នៅក្នុងចំណោមប្រជាជនទូទៅនោះទេ បើទោះជាស្ថានភាពទូទៅល្អប្រសើរក្ដី។
បើតាមមន្ត្រីថៃដដែល ដើម្បីបងា្ករការផ្ទុះឡើងជំងឺក្នុងស្រុក រដ្ឋាភិបាលថៃកំពុងផ្តោតលើចំណុចចំនួន ៣ គឺ ជំងឺ ប្រជាជន និងទីកន្លែង។ ជំងឺ គឺរដ្ឋាភិបាលព្យាយាមស្វែងរកអ្នកមានវីរុស ដើម្បីទប់ស្កាត់ការរាដាល។ កត្តាប្រជាជន គឺរដ្ឋាភិបាលចង់ឲ្យប្រជាជនប្រកាន់ខ្ជាប់វិធានសុខាភិបាលមានពាក់ម៉ាស់ជាដើម។ ឯទីតាំង រដ្ឋាភិបាលថៃ លុបចោលកម្មវិធីដែលមានអ្នកចូលួមច្រើនដូចជាការហាមឃាត់ការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com