COVID-19
អន្តរជាតិ
តុលាការ​ចិន កាត់ទោស​សេដ្ឋី​ម្នាក់​ដែល​រិះគន់​លោក ស៊ី ឲ្យ​ជាប់គុក​១៨​ឆ្នាំ​ពីបទ​ពុករលួយ​
22, Sep 2020 , 5:29 pm        
រូបភាព
ដោយ:
​លោក Ren Zhiqiang សេដ្ឋី​អចល​ទ្រព្យ និង​ជា​អ្នក​ចេញមុខ​រិះគន់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ត្រូវបាន​តុលាការ​ចិន កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ  ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ សូកប៉ាន់ និង​លួច​បន្លំ​មូលនិធិ​សាធារណៈ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

 
​ជា​សេដ្ឋី​អចលនទ្រព្យ និង​មន្ត្រី​ម្នាក់​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​ចិន លោក Ren Zhiqiang បាន​បាត់​ខ្លួន​ពី​ទីសាធារណៈ​នៅក្នុង​ខែមីនា បន្ទាប់ពី​លោ​កស​សេរ​អត្ថបទ​រិះគន់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​ខ្លាំងៗ​ពាក់ព័ន្ធ​វិធានការ​ទប់ស្កាត់​ជំងឺ COVID-19 ។​លោក Ren ជា​កូនប្រុស​អតីត​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​រាប់​ទសវត្សរ៍ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​កំពូលៗ​ក្នុង​បក្ស​។​
 
​ក្នុង​សវនាការ​នៅ​ថ្ងៃទី​២២ ខែកញ្ញា តុលាការ​ចិន​នៅ​ទីក្រុង​ប៉េកាំង បានចេញ​សាលក្រម​ដាក់គុក​លោករ​យៈ​ពេល​១៨​ឆ្នាំ ដោយបាន​លួច​បន្លំ​ទឹកប្រាក់​សាធារណៈ​ចំនួន​៧,៤ លាន​ដុល្លារ និង​ទទួល​សំណូក ១៨​ម៉ឺន​ដុល្លារ​។ សេចក្តីប្រកាស​របស់​តុលាការ បាន​បញ្ជាក់ថា លោក Ren វ័យ​៦៩​ឆ្នាំ ស្ម័គ្រចិត្ត​សារភាព​រាល់​ទោសកំហុស​ទាំងអស់ ហើយ​មិន​ប្ដឹង​ជំទាស់​ឧទ្ធរណ៍​ឡើយ​។ តុលាការ ក៏​ពិន័យ​ឲ្យ​លោក Ren បង់ប្រាក់​៦២​ម៉ឺន​ដុល្លារ​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ត្រឡប់​ទៅ​ខែមីនា​បន្តិច លោក Ren បាន​បញ្ចេញ​សំណេរ​រិះគន់​លោក​ប្រធានាធិបតី​ស៊ី  លើ​បណ្តាញ​សង្គម​ចិន Weibo ដែល​ក្រោយមក​ត្រូវបាន​អាជ្ញាធរ​ចិន​លុបចោល​។ ក្នុង​សំណេរ​រិះគន់​នោះ លោក​បាន​លើកឡើងថា​ដោយ​សំដៅ​ជំងឺ COVID-19 ថា ៖« ជំងឺឆ្លង​នេះ បានបង្ហាញ​ពី​ការពិត​ដែល​បក្ស និង​រដ្ឋាភិបាល​ចិន​ខ្វល់​តែ​ពី​ការការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ស្តេច​(​ប្រធានាធិបតី​ស៊ី​) ខ្វល់​តែ​ពី​ផលប្រយោជន៍ និង​តំណែង​ប៉ុណ្ណោះ​»​។ 
 
​បក្ស​កុម្មុយនីស្ត​ចិន ក៏បាន​បើក​ការស៊ើបអង្កេត​ទៅលើ​លោក Ren ក្នុង​ខែមេសា​។ លោក​ត្រូវបាន​បក្ស​បណ្តេញចេញ​នៅក្នុង​ខែកក្កដា​។ នៅ​ថ្ងៃទី​១១ ខែកញ្ញា​តុលាការក្រុង​ប៉េកាំង ចាប់ផ្តើម​ជំនុំជម្រះ​រឿងក្តី ដោយមាន​វត្តមាន​ប៉ូលិស​ការពារ​បរិវេណ​អាគារ ខណៈ​ដែលមាន​វត្តមាន​របស់​អ្នកគាំទ្រ​លោក Ren ផងដែរ​។​
 
​អ្នកជំនាញ​សិទ្ធិមនុស្ស បាន​ចោទ​បក្ស​កុម្មុយនីស្ត​ចិន និង​លោក ស៊ី ថា បាន​ប្រើប្រាស់​ការ​បោសសម្អាត​អំពើពុករលួយ​ដើម្បី​បំបិទ​សំឡេង​អ្នកប្រឆាំង​។ តាំងពី​ឆ្នាំ​២០១២ ពេលដែល​លោក ស៊ី ឡើងកាន់​អំណាច​មក រដ្ឋាភិបាល​ចិន បាន​បង្ក្រាប​លើ​ក្រុម​សង្គម​ស៊ីវិល ដោយ​រឹតត្បិត​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ក៏ដូចជា​ឃុំខ្លួន​សកម្មជន និង​មេធាវី​រាប់រយ​នាក់​៕

Tag:
 ​ចិន​
  ស៊ី ជិន​ភីង​
  Ren Zhiqiang
© រក្សាសិទ្ធិដោយ thmeythmey.com