កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះ Italian Open លើកទី៥ និងជាពាន Masters លើកទី៣៦
× Novak Djokovic កំពូលអ្នកវាយកូនបាល់លេខ ១ ពិភពលោកឈ្នះពានរង្វាន់ Italian Open ជាលើកទី ៥ តាមរយៈការផ្តួលកីឡាករអាហ្សង់ទីន Diego Schwartzman នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាពានកម្រិត ATP Masters ដែលកីឡាករសញ្ជាតិស៊ែប៊ីឈ្នះជាកំណត់ត្រាលើកទី ៣៦ របស់ខ្លួន។
Djokovic ដែលទើបបានដកចេញពីការប្រកួត
US Open ដោយសារវាយបាល់ចំកអាជ្ញាកណ្តាលកន្លងទៅ បានយកឈ្នះ Schwartzman ក្នុងលទ្ធផល ៧-៥ និង ៦-៣ នាជំនួបផ្តាច់ព្រ័ត្រ នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃទី២១ ខែកញ្ញា។ ជ័យជម្នះ ក៏ធានារូបគេឈានទៅកាន់ការប្រកួតពានរង្វាន់ French Open កម្រិត Grand Slam នៅសប្តាហ៍ក្រោយនេះផងដែរ។
កីឡាករវាយកូនបាល់លេខ១ពិភពលោក ដែលមានវ័យ ៣៣ ឆ្នាំរូបនេះ បានឈរលើគូប្រជែង Rafael Nadal ដែលឈ្នះពានកម្រិត Masters នេះចំនួន៣៥លើក ខណៈរូបគេឈ្នះលើសគេចំនួន៣៦លើក។
ក្រោយជ័យជម្នះនេះ Djokovic បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង។ រូបគេនិយាយថា៖ «នេះជាសប្តាហ៍ដ៏អស្ចារ្យនិងជាសប្តាហ៍ដ៏លំបាកមួយ។ ខ្ញុំមិនគិតថាខ្ញុំបានលេងកីឡាវាយកូនបាល់ដ៏ល្អបំផុតរបស់ខ្ញុំនៅសប្តាហ៍នេះទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំបានរកឃើញកីឡាវាយកូនបាល់ដ៏ល្អបំផុតរបស់ខ្ញុំនៅក្នុងពេលវេលាដ៏សំខាន់នេះ។ ខ្ញុំពិតជាមានមោទកភាពណាស់ដែលខ្ញុំទទួលបានពាន Italian Open ជាលើកទី ៥ នៅពេលដែលខ្ញុំកំពុងត្រូវការ»។
កីឡាករវាយកូនបាល់កម្រិតពិភពលោកចំនួន៥រូបដែលឈ្នះពាន ATP Masters នេះ ច្រើនជាងគេបំផុត ក្នុងនោះរួមមាន Djokovic (៣៦លើក), Nadal (៣៥លើក), Roger Federer (២៨លើក), Andre Agassi (១៧លើក) និង Andy Murray (១៤លើក)៕
Tag:
Novak Djokovic
Italian Open
© រក្សាសិទ្ធិដោយ thmeythmey.com