កីឡាអន្តរជាតិ
អន្តរជាតិ
អតីតខ្សែការពារ Evra រិះគន់វិធីសាស្ត្រទិញកីឡាកររបស់ Man Utd អតីតខ្សែការពារ Patrice Evra និងលោក Ed Woodward។
× Patrice Evra អតីតខ្សែការពារឆ្នើមក្រុម Manchester United រៀរាប់ពីការលំបាករបស់ក្លិបនៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ថាលទ្ធផលសម្រេចគឺស្ថិតលើមេធាវី មិនមែនអ្នកកីឡាបាល់ទាត់ជាអ្នកចរចានោះទេ។ Evra ថែមទាំងបានរិះគន់ក្លិបចាស់របស់ខ្លួនមួយនេះថា ទៅចរចាទិញរូបគេពី AS Monaco អាក្រក់ជាង CIA ឬ FBI សួរចម្លើយទៅទៀត។
នៅក្នុងវីដេអូរយៈពេល៥នាទីដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram អតីតកីឡាករអន្តរជាតិបារាំងវ័យ ៣៩ ឆ្នាំរូបនេះ បាននិយាយពីភាពផ្ទុយគ្នារវាងវិធីសាស្ត្របច្ចុប្បន្នរបស់ Man Utd ក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិក្លិបលោក Ed Woodward ជាមួយនឹងរបៀបដឺកនាំរបស់លោក David Gill កាលនៅជានាយកប្រតិបត្តិ និងមានលោក Alex Ferguson ជាអ្នកចាត់ការទូទៅ។
ការលើកឡើងរបស់ Evra បែបនេះ បន្ទាប់ពីបិសាចក្រហមបានចាញ់ Crystal Crystal ៣-១ ក្នុងដី នាការប្រកួតបើកឆាកក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ស្របពេលក្លិបយក្សអង់គ្លេសមួយនេះ ទាក់ទងខ្សែបម្រើ Jadon Sancho ពី Borussia Dortmund ស្ទើពេញអំឡុងទីផ្សារដោះដូររដូវកាលនេះ ប៉ុន្តែពួកគេនៅតែមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងនៅឡើយ។
Evra បាននិយាយពីបទពិសោធខ្លួនជាមួយក្លិប Man Utd ដូច្នេថា៖« នៅពេល Man Utd ត្រូវការកីឡាករណាម្នាក់ ពួកគេនឹងទៅជួបនិយាយទល់មុខគ្នាជាមួយកីឡាករនោះ។ នៅពេលលោក David Gill និង Ferguson មកជួបខ្ញុំនៅ Monaco វាអាក្រក់ជាងការផ្តល់ចម្លើយទៅកាន់ភ្នាក់ងារ CIA ឬ FBI ទៅទៀត។ ក្រោយមកពួកគេបញ្ជូនមេធាវីទៅនិយាយជាមួយខ្ញុំ។ ដូច្នេះមេធាវីនិយាយតែអំពីតួលេខ ពួកគេមិនមែនជាមនុស្សក្នុងពិភពបាល់ទាត់ទេ។ មេធាវីមួយចំនួនមិននិយាយពីរឿងប្រាក់នោះទេ»។
មិនតែប៉ុណ្ណោះ Evra ថែមទាំងរិះគន់លោក Ed Woodward ជុំវិញការផ្ទេរកីឡាករនៅដើមរដូវកាលថ្មីនេះដូចគ្នា។ «បញ្ហាតែមួយគត់ដែលខ្ញុំអាចនិយាយទៅកាន់ Ed Woodward គឺថាគាត់ជឿជាក់លើមនុស្ស ដែលមិនគួរជឿទុកចិត្ត។ Woodward ថែមទាំងជឿជាក់លើអ្នកដទៃមួយចំនួននៅខាងក្រៅក្លិបទៀតផង»។ នេះជាការបន្ថែមរបស់ Evra ដែលលេងឲ្យ Man Utd ពីឆ្នាំ ២០០៦ ដល់ ២០១៤ មុនចាកចេញទៅ Juventus។
រហូតមកដល់ពេលនេះមានតែខ្សែបម្រើ Donny van de Beek ម្នាក់ប៉ុណ្ណោះ ដែលម្ចាស់ពានលីគកំពូលអង់គ្លេស២០សម័យទិញចូលមករួមក្រុមរដូវកាលនេះ៕
Tag:
Patrice Evra
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com