ជាតិ
រដ្ឋមន្ត្រីព័ត៌មាន ព្រមានដកទីប្រឹក្សាម្នាក់ដែលចូលចិត្តបង្ហោះរឿងឯកជនអ្នកដទៃជាមួយពាក្យពេចន៍ឡែបខាយ
× លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា នេះ បានសរសេរសារព្រមានបណ្តេញទីប្រឹក្សាម្នាក់របស់ក្រសួង ដែលបានប្រព្រឹត្តទង្វើនាំឲ្យខូចឈ្មោះក្រសួង។ តាមរូប Capture នៅលើហ្វេសប៊ុក លោក ព្រំ សាន្ត បានបង្ហោះរឿងរ៉ាវហិង្សាដ៏ល្បីខ្ទរខ្ទ័រពេញបណ្តាញសង្គម ដោយស្ត្រីម្នាក់រងការវាយដំពីសង្សារបស់ខ្លួន។ ជាមួយគ្នានោះ ទីប្រឹក្សារូបនេះ ក៏បានសរសេរក្លែមពាក្យឡែបខាយដាក់ស្ត្រីរងគ្រោះផងដែរ។
«សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំឲ្យខូចឈ្មោះក្រសួង ។ បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ»។ នេះជាសារព្រមានរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។
កាលពីវេលាម៉ោង៩ និង២៥នាទីយប់ លោក ព្រំ សាន្ត ដែលជាទីប្រឹក្សាម្នាក់ក្នុងចំណោមទីប្រឹក្សារាប់រយនាក់របស់ក្រសួងព័ត៌មាន បានបង្ហោះរូបថតជាច្រើននៅលើហ្វេសប៊ុករបស់ខ្លួន ទាក់ទងស្ត្រីម្នាក់ដែលរងអំពើហិង្សាពីសង្សា។ ក្នុងទាំងនោះ មានសំណេរថា ប្តីទី១ ប្រុសស្នេហ៍ទី២ និងខ្លឹមសារឆ្លើយឆ្លងមួយចំនួន។ ជាមួយគ្នានោះ លោកថែមទាំងសរសេរពាក្យពេចន៍ឡែបខាយឌឺដង ថា៖ «ចែឯងសំបូរប្រុសក្មេងហើយឌឺប្តីចឹងបានត្រូវប្តីវៃ! បើខ្ញុំវិញ មិនវៃទេ អោយនាងទៅចុះ ហើយក៏មិនយកវិញដែរ
ហឹង្សាគឺខុសច្បាប់ មិនមែនជាដំណោះស្រាយទេ»។
នេះមិនមែនជាលើកដំបូងនោះឡើយ ដែលលោក ខៀវ កាញារីទ្ធ បង្ហោះសារព្រមាន និងរិះគន់មន្ត្រីខ្លួនជាសាធារណៈនៅលើបណ្តាញសង្គម។ លោកក៏ធ្លាប់រិះគន់មន្ត្រីដែលទៅធ្វើការយឺត និងមន្ត្រីដែលសួរតែពីប្រាក់ខែ ប៉ុន្តែស្ទក់នឹងការងារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com