លោក ត្រាំ ប្រាប់​ពិភពលោក​ថា ចិន​ទុក​ឲ្យ COVID-19 រាតត្បាត​ពេញ​ពិភពលោក​
COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ប្រាប់​ពិភពលោក​ថា ចិន​ទុក​ឲ្យ COVID-19 រាតត្បាត​ពេញ​ពិភពលោក​
23, Sep 2020 , 2:13 pm        
រូបភាព
លោក ដូណាល់ ត្រាំ ថ្លែងសារតាមវីដេអូដែលចាក់ផ្សាយក្នុងសាលមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ។ រូបភាព Reuters
លោក ដូណាល់ ត្រាំ ថ្លែងសារតាមវីដេអូដែលចាក់ផ្សាយក្នុងសាលមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ។ រូបភាព Reuters
​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ឆ្នាំ​២០២០​នេះ នៅតែ​ក្តៅគគុក ទោះជា​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏ដោយ​ក្តី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចោទ​ចិន​ថា ទុក​ឲ្យ​ជំងឺ COVID-19 រាតត្បាត​ពេញ​ពិភពលោក ហើយ​ទាមទារ​ឲ្យ UN ចាប់​ចិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ខ្លួន​នេះ​។ ចំណែក ប៉េកាំង បាន​ច្រានចោល​ការទម្លាក់​កំហុស​លោក ត្រាំ មកលើ​ខ្លួន ហើយ​ចោទ​លោក ត្រាំ វិញ ថា កុហក និង​ប្រើ​វេទិកា UN ដោយ​បំពាន​ដើម្បី​បង្ករឿង​ក្តី​ក្រហាយ និង​ការបំបែកបំបាក់​។

 
 
​ក្នុង​វីដេអូ​សុន្ទរកថា​ថត​ទុក​ដែល​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ក្នុង​សាល​មហាសន្និបាត UN លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា អនុញ្ញាត​ឲ្យ​ជំងឺ COVID-19 រាតត្បាត​ពេញ​ពិភពលោក​។ មេដឹកនាំ​រូបនេះ​សង្កត់ធ្ងន់ថា​៖«​អង្គការសហប្រជាជាតិ ត្រូវតែ​ចាប់​ចិន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ពួកគេ​»​។ 
 
​លោក ត្រាំ បាន​ព្យាយាម​បង្វែរ​រលក​រិះគន់​ប្រជាជន​អាមេរិក​លើ​វិធានការ​ទប់ទល់​COVID-19 របស់​រដ្ឋបាល​លោក ដោយ​ទម្លាក់កំហុស​លើ​ចិន​ជំនួស​វិញ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា បើកផ្លូវ​ឲ្យ​ប្រជាជន​ខ្លួន​ចាក​ចេញពី​ប្រទេស​ចិន​នៅ​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​រាលដាល COVID-19 ខណៈ​បិទ​ខ្ទប់​ការធ្វើដំណើរ​ក្នុងស្រុក​។ 
 
«​រដ្ឋាភិបាល​ចិន និង​អង្គការ​សុខភាព​ពិភពលោក ដែល​គ្រប់គ្រង​ដោយ​ចិន បានប្រកាស​ទាំង​ខុសឆ្គង​ថា គ្មាន​ភស្តុតាង​ណាយ​មួយ​ដែល​បង្ហាញ​ពី​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឡើយ​»​។ លោក ដូ​ណា​ល់ ត្រាំ លើកឡើង​បែបនេះ មុននឹង​បន្ថែមថា ក្រោយមក​ពួកគេ​បាន​កុហក​ទៀតថា មនុស្ស​ដែល​គ្មាន​រោគសញ្ញា​ជំងឺ នឹងមិន​ឆ្លង​ជំងឺ​នេះ​ទៅ​អ្នកដទៃ​នោះទេ​។ 
 
​យ៉ាងណាមិញ អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក Zhang Jun បាន​បដិសេធ​ការចោទប្រកាន់់​របស់លោក ត្រាំ ប្រឆាំង​ចិន ដោយ​ចាត់ទុកថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​សង្កត់ធ្ងន់ថា ពាក្យ​កុហក​ដែល​និយាយ​ដដែលៗ​រាប់ពាន់​ដង​នៅតែ​ជា​ពាក្យ​កុហក ហើយ​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា រំលោភបំពាន​វេទិកា UN ដើម្បី​បង្ករឿង​ក្តៅក្រហាយ និង​បង្កើត​ការបែកបាក់​គ្នា​។ 
 
​ដោយឡែក ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​វីដេអូ​ថត​ទុក​មុន​ដែរនោះ បាន​សង្កត់ធ្ងន់​ទៅកាន់​មហាសន្និបាត UN ថា ប្រទេស​ចិន គ្មាន​បំណង​ប្រយុទ្ធ​ទាំង​ក្នុង​សង្គ្រាមត្រជាក់ ឬ​សង្គ្រាម​ក្តៅ​ជាមួយ​ប្រទេស​ណាមួយ​ឡើយ​។ ទន្ទឹមនេះ មេដឹកនាំ​រូបនេះ​ក៏បាន​ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​គោលដៅ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល COVID-19 ។ 
 
​ក្រៅពី​បញ្ហា​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​ជាង​៩៦,៧​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក លោក ត្រាំ ក៏បាន​ប្រាប់​ឲ្យ​អង្គការសហប្រជាជាតិ​ផ្តោតលើ​បញ្ហា​ពិតប្រាកដ​របស់​ពិភពលោក​។  ត្រង់នេះ លោក​បាន​រៀបរាប់​បញ្ហា​ដូចជា អំពើ​ភេរវកម្ម ការគាបសង្កត់​លើ​ស្ត្រី ពលកម្ម​ដោយ​បង្ខំ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​ផ្លូវភេទ​និង​មនុស្ស និង​ការកាត់ទោស​ផ្នែក​សាសនា ជាដើម​។​
 
​ថ្លែង​ទៅកាន់​មហាសន្និបាត UN នេះដែរ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ឲ្យ​បង្កើត​បេសកកម្ម​អន្តរជាតិ​មួយ​ក្រោម​ឆត្រ UN ដើម្បី​ទៅ​ស៊ើបអង្កេត​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​លើ​ជនជាតិ​វី​ហ្ក័​រ​កាន់សាសនា​ឥស្លាម​នៅ​តំបន់​ស៊ីន​ជាំ​ង​។ បើតាម​របាយការណ៍ UN កន្លងមក ជន​ម៉ូ​ស្លី​ម​វី​ហ្ក័​រ ប្រមាណ​១​លាន​នាក់ ត្រូវបាន​ចាប់​ឃុំឃាំង​នៅ​មន្ទីរ​លត់​ដំ​។ 
 
​ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ព្រមាន​ថា ពិភពលោក កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ចន្លោះ​ភាព​តានតឹង​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ លោក​សង្កត់​ធ្ង​ន​ថា​៖«​យើង​ត្រូវ​ប្រឹងប្រែង​កាច់ចង្កូត​ចេញពី​សង្គ្រាមត្រជាក់​ថ្មី​មួយ​នេះ​»៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  COVID-19
  UNGA
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com