ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់កម្ចីចំនួន២៩,៣៥លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB នាថ្ងៃទី២៣ ខែកញ្ញា។
ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា ក្នុងចំណោមកម្ចីទាំងជិត៣០លានដុល្លារនេះ មាន ២០លានដុល្លារ សម្រាប់គាំទ្រដល់វិធីសាស្ត្រ ដើម្បីពង្រឹងផែនការ គោលនយោបាយ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ ក្នុងការអភិវឌ្ឍផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈដែលបានធ្វើវិមជ្ឈការរួម។
រីឯ កម្ចី៩,៣៥លានដុល្លារទៀតនោះ គឺសម្រាប់អនុវត្តគម្រោង កសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្ត្រីរាជរដ្ឋាភិបាលក្នុងតំបន់។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី ការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ហិរញ្ញប្បទានចំនួន ១,៧លានដុល្លារ ផងដែរ។
កម្ចីសម្រាប់អនុវត្តគម្រោងនេះ គឺជាកម្មវិធីទី២របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយជួយបំពេញបន្ថែមលើកម្មវិធីទី១ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ សម្រាប់ការធ្វើវិមជ្ឈការ ដែលកំពុងតែដំណើរការ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា គម្រោងនេះ នឹងជួយពង្រឹងការសម្របសម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីទទួលបានការផ្តល់សេវាកម្មដែលឆ្លើយតប នឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវ ដែលរួមបញ្ចូល នូវការពង្រឹងផែនការថវិកា សវនកម្ម និងមុខងារអ្នកស៊ើបអង្កេត ជាយុទ្ធសាស្ត្រ។ លើសពីនេះ នឹងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងចំណូលនិង ចំណាយ ដើម្បីឆ្លើយតបនឹង តម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេល វែង របស់មន្ត្រីរដ្ឋបាលមូលដ្ឋាន។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងនេះនឹងគាំទ្រដល់ការសាងសង់និងដំណើរការនៃសាលារដ្ឋបាល មូលដ្ឋានជាតិថ្មី ដែលនឹងផ្តល់នូវការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធ សម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋាន។
លោកស្រី Jhelum Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំង ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋាន ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជន ផងដែរ។
«គម្រោងនេះចាំបាច់ណាស់ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យពលរដ្ឋមួយចំនួន បានផ្លាស់ទី ពីទីក្រុងទៅជនបទ»។ នេះការលើកឡើងរបស់អ្នកស្រី Jhelum Thomas ដោយបានអះអាងដូច្នេះ៖«ប្រការនេះ នឹងនាំសម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចំបាច់ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនណើន ប្រកបដោយបរិយាប័ន្ន និងសមធម៌»។
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ដល់កំណែទម្រង់វិមជ្ឈការរបស់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២។ ដូចជា ការគាំទ្រដល់កំណែទម្រង់ច្បាប់ គោលនយោបាយ និង ស្ថាប័ន។ ចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០១២ ការចូលរួមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តោតលើ ការពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់ និងការពង្រីកសេវាកម្មនៅតាមតំបន់ជនបទ។
ចាប់តាំងពីឆ្នាំ២០១២មក ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រឹង ការសម្របសម្រួលការងារ របស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងការកំណត់តួនាទីនិងភារកិច្ចក្នុងការផ្តល់សេវា។ គម្រោងថ្មីនេះ គឺស្របទៅនឹងអាទិភាព ដែលបានដាក់ក្នុងយុទ្ធសាស្ត្រភាពជាដៃគូ របស់ADB សម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បើតាមADB ៕