អន្តរជាតិ
កម្មវិធី Ellen Show បើក​រដូវ​កាល​ថ្មី ទោះ​រង​ព្យុះ​រិះគន់​រឿង​បរិយាកាស​កន្លែងធ្វើការ​មិនល្អ​
23, Sep 2020 , 7:29 pm        
រូបភាព
ពិធីការនី Ellen DeGeneres
ពិធីការនី Ellen DeGeneres
ដោយ:
​លោកស្រី Ellen DeGeneres នៅ​ថ្ងៃទី ២១ ខែកញ្ញា បាន​បើក​រដូវ​កាល​ថ្មី​ទី​១៨ នៃ​កម្មវិធី​ជជែក​កម្សាន្ត (The Ellen DeGeneres Show) របស់​នាង ទោះបីជា​រង​ព្យុះ​រិះគន់​ខ្លាំងៗ​ប៉ុន្មាន​ខែ​ចុងក្រោយ​ពាក់ព័ន្ធ​រឿង​បរិយាកាស​កន្លែង​ការងារ​មិនល្អ​។ ពីលើ​ឆាក​ផ្ទាល់ Ellen បាន​សុំទោស​ចំពោះ​រឿង​មិនល្អ​ដែល​បានកើត​ឡើង​ក្រោម​ការគ្រប់គ្រង​របស់​នា​ង​។ 

 
«​ខ្ញុំ​ចង់​និយាយថា ខ្ញុំ​សុំទោស​ចំពោះ​មនុស្ស​ដែល​ទទួលរង​ប៉ះពាល់​[​ដោយសារ​បញ្ហា​នេះ​]»​។ Ellen និយាយ​បែបនេះ ដោយ​បន្ថែមថា រូបនាង​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​កម្មវិធី​នេះ ព្រម​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​កើតឡើង​ក្នុង​កម្មវិធី​របស់​នាង​។ 
 
 ម្ចាស់​កម្មវិធី​ទូរទស្សន៍​វ័យ​៦២​ឆ្នាំ​ដ៏​ល្បីល្បាញ​រូបនេះ លើកឡើង​ទៀតថា កម្មវិធី​របស់​នាង បានចាប់ផ្ដើម​ទំព័រ​ថ្មី​ជាមួយ​ការផ្លាស់ប្តូរ​ចាំបាច់​មួយចំនួន ក្រោយ​ការស៊ើបអង្កេត​ផ្ទៃក្នុង​ពី​ក្រុមហ៊ុនមេ Warner Media ។ យ៉ាងណាមិញ Ellen ពុំបាន​លម្អិត​អំពី​បញ្ហា​នេះឡើយ​។ 
 
​ទោះជា​គ្មាន​ការលើកឡើង​ផ្ទា​ល់ពី Ellen មែន ផលិតករ​ជាន់ខ្ពស់​៣​នាក់​ក្នុង​កម្មវិធី​របស់ Ellen ត្រូវ​បញ្ឈប់​ពី​ការងារ​កាលពី​ខែសីហា​។ អ្នក​ទាំងបី គឺមាន​ដូចជា ផលិតករ​ប្រតិបត្តិ Ed Glavin, សហ​ផលិតករ​ប្រតិបត្តិ Jonathan Norman និង​ប្រធាន​ផ្នែក​សរសេរ​កម្មវិធី Kevin Leman​។​
 
​រឿងអាស្រូវ​របស់​ពិធីការនី Ellen DeGeneres បាន​ផ្ទុះឡើង​ក្រោយ​សារព័ត៌មាន​អាមេរិក BuzzFeed​បាន​ចុះផ្សាយ​របាយការណ៍​មួយ​កាលពី​ខែកក្កដា ដោយ​លម្អិត​ពី​ភាពមិនប្រក្រតី​ក្នុង​កន្លែងធ្វើការ​នៃ​កម្មវិធី​របស់ Ellen ។ បុគ្គលិក​ខ្លះ​លើក​កង្វល់​ពាក់ព័ន្ធ​នឹង​ការរើសអើង​ពូជសាសន៍ និង​ការរំលោភបំពាន​ផ្លូវភេទ​ជាដើម​។ 
 
​របាយការណ៍​នេះ ត្រូវបាន​គេ​ចែករំលែក​សុសសាយ​លើ​បណ្ដាញ​សង្គម ហើយ​ពួក​អ្នក​ស្អប់ Ellen ខ្លះ ចេញមក​ជាន់ពន្លិច​ប​ន្ថែ​ម​ថា ពិធីការនី​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នានេះ ពិបាក​នឹងធ្វើ​ការ​ជាមួយ ហើយ​មិនសូវមាន​អាកប្បកិរិយា​ល្អ ដូចដែល​កម្មវិធី​នាង​បង្ហាញ​ឡើយ​។ និយាយ​ឲ្យ​ខ្លី ពួកគេ​និយាយ Ellen ល្អ​តែ​នៅមុខ​កាមេរ៉ា​ប៉ុណ្ណោះ​។ 
 
​ទាក់ទិន​នឹង​ពាក្យ​ចោទប្រកាន់​ខាងលើ អំឡុង​បើក​រដូវ​កាល​ថ្មី​នេះ Ellen ក៏បាន​ចេញមុខ​បកស្រាយ​ថា​៖«​ការពិតទៅ គឺ ខ្ញុំ​ជាម​នុស្ស​ដូចដែល​អ្នកឃើញ​លើ​កញ្ចក់​ទូរទស្សន៍​អ៊ីចឹង​»​។​
 
Ellen DeGeneres ផ្ដើម​មានឈ្មោះ​ល្បី​រន្ទឺ​ខ្លាំង​ក្នុង​វិស័យ​កម្សាន្ត​របស់​អាមេរិក ចាប់តាំងពី​ឆ្នាំ​១៩៩៧ ក្រោយ​នាង​ក្លាយជា​តារា​ទូរទស្សន៍​ដំបូង​គេ​មួយ ដែល​ហ៊ាន​ប្រកាស​ជា​សាធារណៈ​ថា នាង​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​៕ 
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

Tag:
 Ellen DeGeneres
  Talk Show
  Toxic Workplace Culture
© រក្សាសិទ្ធិដោយ thmeythmey.com