កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី​៖ អាជ្ញាកណ្តាល​-​ចៅក្រម ត្រូវ​ដកខ្លួន បើ​មាន​បងប្អូន ឬ​កូនសិស្ស​ប្រកួត​
23, Sep 2020 , 8:29 pm        
រូបភាព
 លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, រូបភាពពីសហព័ន្ធ
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, រូបភាពពីសហព័ន្ធ
ដោយ:
​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ចាត់ទុក​អាជ្ញាកណ្តាល​ចៅក្រម​ជា​កត្តា​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF ដ្បិត​ការកាត់ក្តី​របស់​ពួកគេ​អាច​ផ្តល់​កម្លាំងចិត្ត ឬ​បាក់​ទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​។ ទន្ទឹមនឹងនេះ លោក បន្ត​ដាស់តឿន​អាជ្ញាកណ្តាល​ចៅក្រម​ឲ្យ​ប្រកាន់​ភ្ជាប់​វិជ្ជាជីវ​ក្នុងការ​ដាក់ពិន្ទុ ឬ​កាត់ក្តី ហើយ​ចៀសវាង​ប្រកាន់​បក្ខពួក​។

 
​អាជ្ញាកណ្តាល​ចៅក្រម​ត្រូវសុំ​ដកខ្លួន ឬ​ផ្លាស់ប្តូរ​ចេញ បើសិន​ក្នុង​ការប្រកួត​មួយ​មាន​កីឡាករ​កីឡាការិនី​ត្រូវជា​បងប្អូន កូនសិស្ស​ឬ​សាច់ញាតិ​របស់ខ្លួន​។ នេះ​ជាការ​ដាស់តឿន​របស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​«​ក​»​កីឡា​តេ​ក្វាន់​ដូ ITF កាលពី​ថ្ងៃទី​២១ ខែកញ្ញា​។​


 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​សិក្ខាកាម​លោក កែវ រ៉េមី បាន​ដាស់​ក្រើនរំលឹក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់បាន​ណែនាំ​ហើយ​ថា បើ​អាជ្ញាកណ្តាល​ចៅក្រម ពេលដែល​ខ្លួន​កំពុង​អង្គុយ​ដាក់ពិន្ទុ មាន​ប្អូនប្រុស​ឡើង​ប្រកួត គឺ​យើង​ត្រូវ​ដឹងខ្លួន​ឡើងឈ​ភ្លាម​ប្រកាសប្រាប់​ទៅ​អ្នកទទួលខុសត្រូវ​សុំ​ដូរ ថា​ក្នុង​ការប្រកួត​នេះ ខ្ញុំ​សុំ​អត់​ធ្វើ​ចៅក្រម​អាជ្ញាកណ្តាល សុំ​ដកខ្លួន​»​។  
 
​ប្រធាន​សហព័ន្ធ​រូបនេះ​យល់ថា ការដាក់​ពិន្ទុ ឬ​កាត់ក្តី​របស់​អាជ្ញាកណ្តាល​ចៅក្រម​អាចជា​ចលករ​ជួយ​ជំរុញ​លើកទឹកចិត្ត​កីឡាករ​ឲ្យ​ខិតខំ​ហ្វឹកហាត់​កាន់តែខ្លាំង បើ​ពួកគេ​កាត់ក្តី​ត្រឹមត្រូវ​។ ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត ឬ​បោះបង់​ការហ្វឹកហាត់ បើ​ពួកគេ​កាត់ក្តី​មិន​ត្រឹមត្រូវ​។ សម្រាប់​លោក កែវ រ៉េមី ភាពត្រឹមត្រូវ និង​យុត្តិធម៌​ក្នុងការ​កាត់ក្តី​របស់​អា​ជ្ញា​កណ្តាល​ចៅក្រម ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF នៅ​កម្ពុជា​។     


 
​លោក​បាន​បន្ថែមថា​៖«​ដើម្បី​ឲ្យ​ផ្តល់​យុត្តិធម៌ និង​ឲ្យ ITF រីកចម្រើន ទាល់តែ​ពឹង​ផ្អែកលើ​អាជ្ញាកណ្តាល​ចៅក្រម​ដាក់ពិន្ទុ បើសិនជា​យើង​នៅតែ​ប្រកាន់ របៀប​ថា បក្ខពួកនិយម ចេញមក​អានេះ​កូនសិស្ស​អញ អញ​ត្រូវ​ដាក់ពិន្ទុ​ឲ្យ​វា​ឈ្នះ អា​នឹង​ចោលម្សៀត​! អា​នឹង​ចប់​»​។ 
 
​ទន្ទឹមនឹងនេះ លោក ជំរុញ​ឲ្យ​សិក្ខាកាម​ទាំង​៣០​រូប​ដែល​ចូលរួម​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ យកចិត្តទុកដាក់​រៀន​សូត្រ និង​ខិតខំ​ព្យាយាម​ស្វែងរក​ចំណេះដឹង​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ លោក​រំពឹងថា តាមរយៈ​បណ្តុះបណ្តាល​នេះ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF នឹងមាន​ធនធាន​កាន់តែច្រើន និង​អាច​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 


 
​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២១-២៦ ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​សិក្ខាកាម​៣០​រូប​មកពី​១១​ក្លិប​សមាគម​រាជធានី​ខេត្ត​ចូលរួម​។ គ្រូឧទ្ទេស​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​រួមមាន​លោក រី ឆុ​ល​ណាំ អ្នកជំនាញ​មកពី​កូរ៉េខាងជើង ដែលមាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៨​ដាន់ និង​លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្រិត​ខ្សែក្រវាត់​ខ្មៅ​៧​ដាន់​៕
 





Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com