COVID-19
អន្តរជាតិ
ហុងកុង នឹង​បើក​សួន​កម្សាន្ត Disneyland ជាថ្មី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ
24, Sep 2020 , 8:29 am        
រូបភាព
ដោយ៖​កង ម៉េង​ហុង
​ក្រុមហ៊ុន Disneyland របស់​ហុងកុង​បាន​និយាយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ថា សួន​កម្សាន្ត Disneyland នឹង​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​ចាប់ផ្ដើម​បន្ធូរ​វិធានការ​រឹតត្បិត​។ ប៉ុន្តែ វិធាន​សុខាភិបាល នឹងត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​ពេល​ដំណើរការ​សួន​កម្សាន្ត​នេះ​ឡើងវិញ សំដៅ​ទប់ស្កាត់​ការឆ្លង​ថ្មី​។​

 
​បើតាម​ការប្រកាស​រប​ស់ Disneyland ការបើក​ដំណើរការ​ឡើងវិញ​សួន​កម្សាន្ត​ចម្រុះ​ក្នុង​ទីក្រុង​ហុងកុង នឹងត្រូវ​កំណត់​ចំនួន​អ្នក​ចូល​កម្សាន្ត ហើយ​ថ្ងៃ​ចូល​កម្សាន្ត ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។ ភ្ញៀវ​ទាំងអស់ ត្រូវតែ​ពាក់​ម៉ាស ហើយ​ឧទ្យាន​នេះ​នឹងត្រូវ​បិទ​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​។ ចំណែក​ការសម្តែង​ផ្ទាល់​ក្នុង​សាល ក៏​នឹងត្រូវ​ផ្អាក​បន្តទៀត​។​
 
​នេះ​ជាការ​បើក​ដំណើរ​លើក​ពីរ​របស់​សួន​កម្សាន្ត​នេះ​គិត​តាំងពី​ជំងឺ COVID-19 រាតត្បាត​មក​។  Disneyland បាន​បើក​ដំណើរការ​ម្ដង​កាលពី​ខែមិថុនា ពេល​ស្ថានភាព​ជំងឺ​នេះ​ក្នុង​ទីក្រុង​ហុងកុង ធូរស្រាល តែ​ក៏ត្រូវ​បង្ខំចិត្ត​បិទ​ម្ដងទៀត​នៅ​ពាក់កណ្ដាល​ខែកក្កដា ពេលដែល​ករណី​ឆ្លង​ក្នុង​ទីក្រុង​ហក់​ឡើងវិញ​។ សួន​កម្សាន្ត​នេះ នឹង​បើក​ជាថ្មី​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា​ទៅ ជាមួយ​វិធានការ​ដូចខាងលើ​។​
 
​បើតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters ខណៈ​ករណី​ឆ្លង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​នេះ​កាលពី​សប្តាហ៍​មុន​រួមទាំង​ការបើក​សួន​កម្សាន្ត​ឡើងវិញ​។ ហុងកុង​មាន​ករណី​ឆ្លង​សរុប​ចំនួន ៥០៣៩ ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៧០៨​នាក់​ចំណែកឯ​ចំនួន​អ្នក​ស្លាប់មាន ១០៣​នាក់​៕
 
 

Tag:
 ​ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com