អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អាន់​វ៉ា អ៊ីប្រាហ៊ីម អះអាងថា ខ្លួន​មាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​
23, Sep 2020 , 4:46 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម អំឡុងពេលធ្វើសន្និសិទព័ត៌មាន នៅថ្ងៃទី ២៣ ខែកញ្ញា ។ រូបភាព៖ សារព័ត៌មាន Malay Mail
លោក អាន់វ៉ា អ៊ីប្រាហ៊ីម អំឡុងពេលធ្វើសន្និសិទព័ត៌មាន នៅថ្ងៃទី ២៣ ខែកញ្ញា ។ រូបភាព៖ សារព័ត៌មាន Malay Mail
ដោយ:
​មេដឹកនាំ​បក្សប្រឆាំង​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាស​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​ថា លោក​ប្រមែរ​ប្រមូលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សមាជិកសភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។ លោក​អះអាងថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​បាន​ដួលរលំ​ហើយ​។ 

 
​អំឡុង​សន្និសីទ​ព័ត៌មាន លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលជា​ប្រធាន​សម្ព័ន្ធភាព​បក្សប្រឆាំង Pakatan Harapan បានប្រកាសថា លោក​ទទួលបាន​សំឡេងគាំទ្រ​ជិត​២​ភាគ​៣​នៃ​សមាជិកសភា​សរុប​រប​ស់​ម៉ាឡេស៊ី​ដែលមាន​២២២​នាក់​។ លោក​សង្កត់ធ្ងន់ថា ការទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សំណាក់​សមាជិកសភា​ម៉ាឡេស៊ី​បែបនេះ មានន័យថា រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បាន​ដួលរលំ​ហើយ​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក អាន់​វ៉ា បញ្ជាក់ទៀតថា សមាជិកសភា​ជាច្រើន​មកពី​បក្ស​ផ្សេងៗ​គ្នា ដែល​មិន​សប្បាយ​ចិត្តនឹង​ការដឹកនាំ​របស់លោក មូ​ហ៊ី​ឌី​ន បានមក​ជួប​លោក និង​បង្ហាញ​ការគាំទ្រ​ចំពោះ​លោក​។ យ៉ាងណាមិញ លោក បដិសេធ​បញ្ចេញ​បញ្ជី​ឈ្មោះ​សមាជិកសភា​ដែល​គាំទ្រ​លោក​ទាំងនោះ ដោយ​ឆ្លើយតប​ថា លោក​នឹង​បង្ហាញ​នៅពេល​ចូលគាល់​ស្ដេច​។ 
 
«​ខ្ញុំ​បាន​រំពឹងថា​ចូលគាល់​ព្រះមហាក្សត្រ​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​អង្គារ តែ​ជំនួប​នេះ​ត្រូវបាន​ពន្យារពេល​វិញ ព្រោះតែ​ព្រះអង្គ​ប្រឈួន​»​។ លោក អាន់​វ៉ា ដែល​រួមដៃគ្នា​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ បញ្ជាក់​បែបនេះ មុននឹង​បន្ថែមថា លោក​បាន​ជជែក​ជាមួយ​មហាក្សត្រ​ម៉ាឡេស៊ី​តាម​ទូរ​សព្ទ​កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា​រួចហើយ​។​
 
​សូមបញ្ជាក់ថា លោក Muhyiddin បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ខែមីនា ក្រោយ​ជាប់គាំង​នយោបាយ​មួយ​សប្តាហ៍​ពេញ នៅពេល​លោក មហា​ធៀ បានសម្រេច​លាលែង​ពី​តំណែង​។ កាលនោះ លោក មហា​ធៀ បានសម្រេច​ដើរចេញ​បែបនេះ ក្រោយ​លោក​មិន​ពេញ​ចិត្តនឹង​អ្នកនយោបាយ​ក្នុង​សម្ព័ន្ធភាព Pakatan Harapan ដែល​បាន​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ជាមួយ UMNO ដែលជា​អតីត​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ឆ្នាំ​២០១៨ របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ៕

Tag:
 ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com