ជាតិ
ប្រព័ន្ធផ្លូវទឹកបុរាណ ជួយបញ្ចៀសការជន់លិចនៅតំបន់អង្គរ និងស្តុកទឹកភ្លៀងទុកប្រើនៅខែប្រាំង
× ក្រុមអ្នកជំនាញទឹក នៃនាយកដ្ឋានគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចៀសការជន់លិចរមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប ខណៈបណ្ដាខេត្តមួយចំនួននៃកម្ពុជា កំពុងជួបបញ្ហាទឹកជំនន់ ដោយសារឥទ្ធិពលព្យុះ «នូល» ។ ក្រៅពីបញ្ចៀសការជន់លិចនៅតំបន់អង្គរ ទឹកភ្លៀងទាំងនេះ នឹងត្រូវស្តុកទុកដើម្បីប្រើនៅខែប្រាំងផងដែរ។
ទឹកភ្លៀង ពីឥទ្ធិពលព្យុះនូល បានបណ្តាខេត្តមួយចំនួននៅកម្ពុជារងការជន់លិច។ ខេត្តសៀមរាបឯណោះវិញ អ្នកជំនាញទឹករបស់នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ក៏បានប្រឹងប្រែងទប់ស្កាត់ការជន់លិចក្រុងសៀមរាប និងរមណីយដ្ឋានអង្គរដែរ។
តាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា អ្នកជំនាញ បានបានចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះ តាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត។
ទឹកដែលត្រូវបង្វែរទៅស្តុកក្នុងបារាយណ៍នានានោះ ក៏នឹងក្លាយប្រភពដ៏សំខាន់ សម្រាប់ប្រើប្រាស់ នៅរដូវប្រាំងផងដែរ សម្រាប់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្ម ខណៈដែលរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់យឺតយ៉ាវ ហើយមានបរិមាណតិចតួច ធ្វើឲ្យការប្រមូលទឹកចូលក្នុងអាងស្តុកមានការលំបាកផងនោះ៕
Tag:
តំបន់អង្គរ
ផ្លូវទឹកបុរាណ
ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com