ជាតិ
សង្គមជាតិ
លោក អ៊ឹម ឈុនលឹម ៖ ការវាយតម្លៃ​លើ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ដោយ​ផ្អែកលើ​គុណ​តម្លៃ​ទំនើប នឹង​នាំឱ្យ​កម្ពុជា​រង​ភាពអយុត្តិធម៌​
23, Sep 2020 , 5:36 pm        
រូបភាព
លោក អ៊‌ឹម ឈុនលឹម​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
លោក អ៊‌ឹម ឈុនលឹម​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
​ភ្នំពេញ​៖ ថ្ងៃទី​២៤ កញ្ញា គឺជា​ខួប​២៧​ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​រយៈពេល​២៧​ឆ្នាំនេះ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​មើលឃើញថា ការអនុវត្ត​ជាក់ស្ដែង ជួបប្រទះ​នូវ​ការរអាក់រអួល និង​បញ្ហា​ប្រឈម នៅក្នុង​វិបត្តិ​នយោបាយ ។ នោះ​ក៏​ព្រោះតែ​ការ​បន្សាំ​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​ទំនើប​មក​ក្នុងសង្គម​ខ្មែរ មិនទាន់​ប្រព្រឹត្តិ​ទៅ​ល្អ ដោយ​ត្រូវការ​ពេលវេលា និង​ទាមទារ​ឱ្យ​យល់​ពី​ប្រយោជន៍ និង​គ្រោះ​ថ្នាក់ជាតិ​។​


​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ពហុ​និយម​ដែលមាន​សារធាតុ​ល្បាយ រវាង​គុណ​តម្លៃ​ទំនើប និង​គុណ​តម្លៃ​ប្រពៃណី​របស់​សង្គម​ខ្មែរ​ផ្ទាល់ ដែល​ផ្សាភ្ជាប់​កត្តា​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ ក្នុង​អតីតកាល​ដ៏​យូរលង់​របស់​កម្ពុជា ។​
 
​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម មើលឃើញថា ការដាក់បញ្ចូល​គ្នា​នូវ​គុណ​តម្លៃ​និង​ទស្សនទាន​ធម្មនុញ្ញ​បែប​ទំនើប និង​គុណ​តម្លៃ​ខ្មែរ​និយម​ក្នុង​រដ្ឋធម្មនុញ្ញ ធ្វើឱ្យ​ការអនុវត្ត​រមែង​ជួបប្រទះ ការរអាក់រអួល និង​បញ្ហា​ប្រឈម​ជាក់ស្តែង​មួយចំនួន​ជាពុំខាន​។ ក្នុងន័យនេះ​លោក ឈុនលឹម ចង់​សម្ដៅលើ​បញ្ហា​វិបត្តិ​នយោបាយ ដែល​តែងតែ​កើតឡើង​នៅក្រោយពេល​បោះឆ្នោត​ជាច្រើនលើក​ច្រើនសា​ហើយ​នោះ​។​
 
​មិនតែប៉ុណ្ណោះ ក៏មាន​ការយល់​ខុសគ្នា​ចំពោះ​ការអនុវត្ត​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​នៅ​កម្ពុជា​កន្លងមក ក្នុងចំណោម​តួអង្គ​ពាក់ព័ន្ធ​ខ្លះ ដូចជា​ទ្រឹស្តី វិទូ និង​ប្រតិបត្តិ​ករ​នៅលើ​ទីលាន​សង្គម​កម្ពុជា​ជាក់ស្តែង , មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ទាក់ទង​អំពី​ដំណើរ​អនុវត្ត​ប្រជាធិបតេយ្យ​សេរី ពហុបក្ស អំពី​ការលើកកម្ពស់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ,​ទិដ្ឋភាព​នៃ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​អំណាច​រដ្ឋ​ទាំងបី ,​ការអនុវត្ត​នីតិរដ្ឋ និង​បញ្ហា​មួយចំនួនទៀត ដូចជា​បញ្ហា​ជាប់ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការបកស្រាយ​ច្បាប់​ជាដើម​។ ទាំងនេះ សុទ្ធតែជា​បញ្ហា​នាំឱ្យ​គោលដៅ​នៃ​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​មានការ​រអាករអួល​។ នេះ​បើតាម​លោក អ៊ឹម ឈុនលឹម​។​
 
​ថ្លែង​ក្នុង​សន្និសីទ​អបអរសាទរ​ទិវា​រំលឹក​ខួប ២៧ ឆ្នាំ​នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​កម្ពុជា លោក អ៊ឹមឈុនលឹម បញ្ជាក់ថា​៖«​អាស្រ័យ ដោយមាន​ការយល់​ផ្សេងៗ​ពីគ្នា​ចំពោះ​បញ្ហា និង​ដំណោះស្រាយ​បញ្ហា​ដូចនេះ ទើប​ញ៉ាំង​ឲ្យ​មាន​ការយល់​ស្រពិចស្រពិល​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល ២៧​ឆ្នាំ​មកនេះ​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ 
 
​ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា ដែល​ផ្អែក​តែ​លើ​លក្ខណៈវិនិច្ឆ័យ​មួយ​ជ្រុង​នៃ​គុណ​តម្លៃ​ទំនើប នឹង​នាំ​ឲ្យ​មាន​ភាពអយុត្តិធម៌ ចំពោះ​កម្ពុជា ដែល​បាន​ខិតខំ​សម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន​របស់​ជាតិ​។ រីឯ​ការវាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ផ្អែក​តែ​លើ​គុណ​តម្លៃ​បែប​ខ្មែរ ក៏​នឹង​នាំ​មាន​ចំណោទបញ្ហា​គុណភាព​នៃ​ការអនុវត្ត​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​ដែរ ក្នុង​បរិបទ​ដែល​កម្ពុជា​ស្ថិតក្នុង​សាកលភាវូបនីយកម្ម ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកវិទ្យា នា​យុគសម័យ​ដ៏​ជឿនលឿន​។ នេះ​បើតាម​លោក អ៊ឹម ឈុន​លឺ​ម​។​
 
​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់​ដូច្នេះ​៖«​ដើម្បី​ធ្វើការ​វាស់វែង​ដំណើរការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ឲ្យ​មាន​ភាពយុត្តិធម៌ និង​សមធម៌​សមស្រប​សម្រាប់​សង្គម​ខ្មែរ ចាំបាច់​គេ​ត្រូវ​គិតគូរ​ថ្លឹងថ្លែង​ទៅតាម​ទស្សនទាន​តាមបែប​បស្ចិម​ប្រទេស​ផង​និង​ក៏ត្រូវ​គិត​ទៅដល់​ចរិតលក្ខណៈ​ប្រពៃណី​របស់​ខ្មែរ​ផងដែរ នោះ​ទើប​យើង​អាច មាន​សុទិដ្ឋិនិយម និង​សមានចិត្ត​ទូលំទូលាយ​ក្នុងការ​វាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​»​។​
 
​ត្រង់ចំណុច​នេះ​លោក អ៊ឹម ឈុនលឹម បាន​សង្កត់ធ្ងន់ថា គោលបំណង​ដែល​ចង់ឱ្យ​កម្ពុជា សម្រេច​គោលដៅ​នៃ​គុណ​តម្លៃ​ធម្មនុញ្ញ​និយម ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ គឺអាច​ទៅរួច​ភ្លាមៗ​តាម​ការចង់​បានទេ ព្រោះ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ ឥរិយាបថ​សង្គម និង​នយោបាយ​របស់​ខ្មែរ មាន​លក្ខណៈ​ដោយឡែក​ពី​វប្បធម៌​នយោបាយ​រាប់​សហស្ស​វត្សរ៍​របស់​លោកខាងលិច​។​
 
«​ការ​បន្សាំ​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​ទំនើប​មក​ក្នុងសង្គម​ខ្មែរ ពិតជា​ត្រូវការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កលក្ខណៈ​ឱ្យ​គ្រប់​តួអង្គ​នៅក្នុង​សង្គម​មាន​លក្ខណៈ​សម្បត្តិ និង សមត្ថភាព​យល់ដឹង​ដោយ​ត្រឹមត្រូវ​នូវ​គុណ​តម្លៃ​ទំនើប និង​ស្គាល់​តថភាព​របស់​សង្គម​ខ្លួនឯង ស្គាល់​អ្វី​ជា​ឧ​ត្ត​ម​ប្រយោជន៍ អ្វី​ជា​គ្រោះថ្នាក់​ចំពោះ​ប្រទេសជាតិ ស្គាល់​បន្ទាត់​ដែល​មិនត្រូវ​រំលង​ហួស ដើម្បី​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​ដោយ​សុខដុមរមនា​នូវ​គុណ​តម្លៃ​ធម្មនុញ្ញ និយម​ទំនើប​ឱ្យ​ចាក់ឫស​រឹងមាំ​ក្នុងសង្គម​កម្ពុជា ទន្ទឹមនឹង​ចេះ​សម្រប​ខ្លួន​ជាមួយ​បរិបទ​ខ្មែរ និង​ថែរក្សា​ការពារ​ឱ្យបាន​វប្បធម៌ ប្រពៃណី​ល្អ​របស់​ជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
 
​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ទី​៦ ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ទទួលយក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ទំនើប​តាមបែប​បស្ចិម​លោក ដោយបាន​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​ទំនើប​លើកដំបូង​ក្នុង​ឆ្នាំ​១៩៤៧ ដែល​មានគុណ​តម្លៃ​គ្រឹះ​នៃ​ធម្មនុញ្ញ​និយម រួមមាន ១/ ប្រជាធិបតេយ្យ ,២/ សិទ្ធិមនុស្ស ,៣/ ការបែងចែក​អំណាច និង​៤ នីតិរដ្ឋ ត្រូវបាន​យកមក​ផ្សាំ​ជាមួយ​សង្គម​ខ្មែរ​ចាប់តាំងពី​ពេល​នោះមក​។ ប៉ុន្តែ​ការអនុវត្ត​គុណ​តម្លៃ​ទាំងនោះ ពុំមាន​ស្ថិរភាព​ជាប់​បានយូរ​អង្វែង​ទេ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា ពើបប្រទះ​នឹង​វិបត្តិ​នៃ​ការដូរ​របប​នយោបាយ​ជាច្រើនលើក​ច្រើនគ្រា​។ គិត​មកដល់ពេលនេះ រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបានធ្វើ​វិសោធនកម្ម ចំនួន​៩​លើក​ហើយ​៕

Tag:
 អ៊ឹម ឈុនលឹម​
  រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com