ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​ចាញ់កូន​ខ្លាំង​? កុំ​រំលង​អត្ថបទ​នេះ​
25, Sep 2020 , 6:59 am        
រូបភាព
​ជាធម្មតា​អាកា​រៈ​ចាញ់កូន​កើតឡើង​ក្នុង​កំឡុង​សប្តាហ៍​ទី ៦ ឬ ទី​៧ នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ធ្វើទុក្ខ​ខ្លាំង​នៅ​សប្តាហ៍​ទី ៨ និង​ទី​៩​។ ក្រៅពី​ការទទួល​ទាន​ថ្នាំពេទ្យ អាកា​រៈ​ចាញ់កូន​ក៏​អាច​ធូរស្បើយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ផងដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​សម្រាល​អាកា​រៈ​ចាញ់កូន​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. បរិភោគ​ឱ្យបាន​ទៀងទាត់​
 
​ការ​ទទួលទាន​អ្វីមួយ​រៀងរាល់​ពី ២ ទៅ ៣ ម៉ោង​អាចជួយ​រក្សា​ស្ថេរភាព​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ទប់ស្កាត់​អាកា​រៈ​ចាញ់កូន​មិនឱ្យ​ធ្វើទុក្ខ​ឡើង​។ អ្នក​អាច​ទទួលទាន​អាហារសម្រន់​បន្តិចបន្តួច​រាល់​ចន្លោះពេល​អាហារ​ប្រសិនបើ​ចង់ ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​ជ្រើសរើស​ទទួលទាន​អាហារសម្រន់​សុខភាព​ល្អ​ដោយ​គួរ​ចៀសឱ្យផុត​ពី​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ឬ​ខ្លាញ់​ខ្ពស់​។​
 
២. ទទួលទាន​តែ​ខ្ញី​
 
​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ផ្សេងៗ​ដែល​បង្ក​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ លើសពីនេះទៅទៀត ខ្ញី​ក៏​ជា​ប្រភព​នៃ​សារធាតុ gingerol ដែលមាន​ឥទ្ធិពល​យ៉ាង​ប្រសើរ​លើ​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ស​សៃ​ប្រសាទ​កណ្ដាល​ជួយ​សម្រាល​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​, ឈឺពោះ រាគ ព្រមទាំង​ជំងឺ​មួយចំនួន​ផ្សេងទៀត​ពាក់ព័ន្ធ​ជាមួយ​ការរំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ដើម្បី​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​ឆាប់ ចូរ​ទទួលទាន​តែ​ខ្ញី​មួយ​ពែង ឬ​អ្នក​អាច​ទំពារ​ខ្ញី​មួយ​ចំណិត​ទាំង​ឆៅ​តែម្ដង​ក៏បាន​។​
 
៣. កុំ​រំលង​ជី​អង្កាម​
 
​ជី​អង្កាម គឺជា​ឱសថ​បែប​ធម្មជាតិ​មួយទៀត​ដែល​ជួយ​សម្រួល​សាច់ដុំ​ក្រពះ​បំបាត់​អាកា​រៈ​ចង្អោរ និង​ក្អួត​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ជី​អង្កាម ឬ​ហិត​ប្រេង​ជី​អង្កាម​ជាការ​ស្រេច​។​
 
៤. សាកល្បង​ទទួលទាន​ទឹកក្រូច​ឆ្មារ​
 
​រសជាតិ​ជូរ​នៃ​ក្រូចឆ្មារ​អាចជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​យ៉ាង​ប្រសើរ​។ គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​បន្តិច​ជាមួយ​តែ​ខ្ញី​រួច​ទទួលទាន​ជាការ​ស្រេច​។ អ្នក​ក៏​អាច​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ធម្មតា​បានដែរ​។​
 
៥. ក្រេបទឹក​ត្រជាក់​
 
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ប្រឈមមុខ​នឹង​អាកា​រៈ​ក្អួត គឺ​ត្រូវ​ប្រាកដថា​បានទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​វិញ​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​។ ហើយ​ការ​ទទួលទាន​ទឹក​ត្រជាក់​នៅពេល​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត ឬ​រកកលនឹង​ក្អួត​ពិតជា​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។​
 
៦. ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ជួយ​កាត់បន្ថយ​ឥទ្ធិពល​នៃ​អាកា​រៈ​ចាញ់កូន​បាន​យ៉ាង​ឆាប់រហ័ស​គួរអោយកត់សម្គាល់​។ ទោះជា​យ៉ាងណា នេះ​មិនមែន​មានន័យថា អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​អ្វី​ឡើយ គឺ​គ្រាន់តែ​ដើរ ឬ​ហែល​ទឹក​ក៏​អាច​សម្រាល​អាកា​រៈ​ចាញ់​ដែរ​។​
 
៧. សម្រាក​ឱ្យបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​អ្នក​កំពុងមាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត ឬ​វិលមុខ​ត្រូវ​ប្រាកដថា​អ្នក​ផ្អែក​ខ្លួន​ហើយ​សម្រាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com