ជាតិ
សង្គមជាតិ
ទំនួល​ខុសត្រូវ និង​ការអត់ឱន ដ៏​គម្រូ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​!
24, Sep 2020 , 10:51 am        
រូបភាព
​ខ្ញុំ​ត្រូវ អ្នកឯង​ខុស​! ទូរ​សព្ទ​សុំ​អន្តរាគមន៍​! នេះ​ជា​ទង្វើ​ដែល​កើត​ឡើងជា​ញឹកញាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ក៏មាន​វប្បធម៌​នៃ​ការយោគយល់​គ្នា​ផងដែរ​។ សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ករណី​គំរូ​មួយ​ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sara Vuth ដែល​បាន​អះអាងថា ខ្លួន​បាន​ធ្វេសប្រហែស​បើករថយន្ត​ជ្រុល​ទៅ​កៀរ​បុរស​ម្នាក់​ដួល​បាក់ឆ្អឹង​ដងកាំបិត​។ គាត់​បាន​ដឹក​ជនរងគ្រោះ​ទៅ​ពេទ្យ ហើយ​ជនរងគ្រោះ និង​ក្រុមគ្រួសារ សុទ្ធតែ​មានការ​យោគយល់​ចំពោះ​គាត់​។ 

 
«​បន្ទាប់ពី​យក​ឡាន​ទៅ​ជួសជុល​រួច​ខ្ញុំ​ក៏បាន​យក​ឡាន​នោះ​ទៅ​សា​កនៅ​ផ្លូវ​៦០​ម៉ែត្រ ដោយសារ​ការ​ធ្វេស​ប្រ​ហេស​របស់ខ្ញុំ ខ្ញុំ​ក៏បាន​កៀរ​បងប្រុស​ម្នាក់​បណ្តាល​ឲ្យ​ដួល​បាក់ដង​កាំបិត និង​ប្រះ​ឆ្អឹង​ប្រអប់ជើង​បន្តិច​»​។ នេះ​ជាការ​រៀបរាប់​ដំណើររឿង​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Sara Vuth ដោយ​អះអាងថា ជា​លើកដំបូង​ហើយ​ដែល​គាត់​ជួប​បញ្ហា​បែបនេះ​។​
 
​ក្រោយ​រថយន្ត​ជ្រុល​ហួស​ទៅមុខ​ប្រមាណ​៣០០​ម៉ែត្រ លោក Sara Vuth ក៏បាន​ត្រឡប់​ទៅ​មើល​ជនរងគ្រោះ​វិញ ដោយ​ឃើញ​គាត់​រលាត់​ដៃជើង ហើយ​ក្រោយមក​គាត់​មាន​អារម្មណ៍​ថា បាក់ដៃ​ស្តាំ​។ «​ខ្ញុំ​ក៏​សុំ​គាត់​ថា បង​ចាំ​យើង​ដោះស្រាយ​គ្នា​តាម​ក្រោយ​បាន​អត់ សំខាន់​ខ្ញុំ​ចង់យក​បង​ទៅ​ពេទ្យ​សិន គាត់​ក៏​ព្រម​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​យក​ទូរ​សព្ទ​ពី​គាត់​ថត​សកម្មភាព​កន្លែងកើតហេតុ​នោះ​ទុក​ឲ្យ​គាត់ ហើយ​ប្រញាប់​ជូន​គាត់​ទៅ​មន្ទីរពេទ្យ​»​។​
 
​ក្រោយ​ការលាង​របួស និង​ថត X-Ray ជនរងគ្រោះ​បាន​បាក់ដង​កាំបិត​ជា​បី​បំណែក​ផ្សេងគ្នា និង​ប្រះ​ឆ្អឹងកែងជើង​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Sara Vuth បាន​អះអាងថា​បន្ថែមថា ខ្លួន​បាន​ប្រាប់​ហេតុការណ៍​ត្រួសៗ ទៅ​សាច់ញាតិ​ជនរងគ្រោះ​។ លោក​បាន​រៀប​រាប់ទាំង​អារម្មណ៍​រំភើប​ថា​៖ «​អ្វីដែល​ខ្ញុំ​ហួសចិត្ត​នោះ គឺ​បងប្រុស​ដែល​រងគ្រោះ និយាយ​ទៅ​សាច់ញាតិ​គាត់​ថា កុំ​ឲ្យ​រករឿង​ខ្ញុំ​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​គាត់​ក៏​ធ្វើការ​វះកាត់​រួច ខ្ញុំ​ក៏​ដើរទៅ​ជិត​គ្រួសារ​របស់គាត់​ហើយ​សំពះសុំទោស​គាត់​ម្តងទៀត​»​។​


 
​ក្រោយ​ការ​សូម​អភ័យទោស លោក Sara Vuth បាន​ពិភាក្សា​រក​ដំណោះស្រាយ ប៉ុន្តែ​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​និ​យា​ទៅកាន់​គាត់​ថា កុំ​បន្ទោស​ខ្លួនឯង ព្រោះ​គ្រោះថ្នាក់​មើលមិនឃើញ​នោះទេ ដោយ​ពួកគាត់​សុំ​ឲ្យ​ចេញ​តែ​ថ្លៃ​ព្យាបាល និង​មិន​ទាមទារ​សំណង​អ្វី​ឡើយ​។ «​ខ្ញុំ​គាំង​មួយសន្ទុះ ខ្ញុំ​និយាយ​អី​អត់​ចេញ ដែល​មកជួប​មនុស្ស​ចិត្ត​ព្រះ​ដូចជា​គ្រួសារ​គាត់​។ ភ្លាមនោះ​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា​ខ្ញុំ​ជំពាក់​គាត់​ហើយ​។ ក្រោយមកទៀត​ពួក​យើង​ក៏​ចាប់ផ្តើម​និយាយ​គ្នា​លេង រហូតដល់​ខ្ញុំ​លែង​សូវ​មាន​សម្ពាធ ទៅជា​កក់ក្តៅ​ទៅវិញ »​។​
 
​ក្រោយ​ការរៀបរាប់​របស់ខ្លួន Sara Vuth បាន​លើកឡើងថា ការទទួលខុសត្រូវ​គឺ​ធំធេង​ខ្លាំងណាស់ មិនមែន​លុយ​អាច​ដោះស្រាយ​អ្វី​គ្រប់យ៉ាង​បាន​នោះទេ​។ បង្ហោះ​បាន​ជាង​៥​ម៉ោង Status មួយ​នេះ ទទួលបាន​ការ​ចុច Like និង Share ក្នុង​រង្វង់​១៥០០ ដោយ​ភាគច្រើន រីករាយ​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​របស់​អ្នកបង្ក​ហេតុ និង​ការយោគយល់​ពី​សំណាក់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com