COVID-19
ជាតិ
Lancet៖ កម្ពុជា​ជាប់​លេខ​៤​ក្នុងចំណោម​៩១​ប្រទេស​ដែល​ទប់ស្កាត់ COVID-19 ជោគជ័យ​នៅ​ខែសីហា​
24, Sep 2020 , 11:42 am        
រូបភាព
ស្ត្រីខ្មែរម្នាក់នៅភ្នំពេញ ពាក់ម៉ាស ការពារ COVID19។ រូបថត AFP
ស្ត្រីខ្មែរម្នាក់នៅភ្នំពេញ ពាក់ម៉ាស ការពារ COVID19។ រូបថត AFP
​កម្ពុជា បានទទួល​ចំណាត់ថ្នាក់​ទី​៤ ក្នុងចំណោម​ប្រទេស​ចំនួន​៩១ ដែល​អាច​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​បាន​យ៉ាង​ជោគជ័យ​នៅក្នុង​ខែសីហា​។ នេះ​បើតាម​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​អន្តរជាតិ Lancet  ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​។


​តាមរយៈ «​សេចក្តីថ្លែងការណ៍​គណៈកម្មការ​COVID-19 ក្នុងឱកាស​នៃ​កិច្ចប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​» Lancet បាន​វាយតម្លៃ​លើ​ការទប់ស្កាត់ និង​បង្ក្រាប​COVID-19 នៅក្នុង​ប្រទេស​ចំនួន​៩១ សម្រាប់​ខែសីហា ដោយ​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ 
 
​ក្នុងការ​វាយតម្លៃ​នេះ Lancet បានផ្តល់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​៤ ក្នុង​ខែសីហា ដែល​បាន​ទប់ស្កាត់​COVID-19 បាន​យ៉ាង​ជោគជ័យ​។ ដែនដី និង​ប្រទេស ដែល​ស្ថិតនៅលើ​កម្ពុជា​មានដូចជា តៃវ៉ាន់ (​លំដាប់​ទី​១), ថៃ​(​លំដាប់​ទី​២), និង​ឡាវ (​លំដាប់​ទី​៣)​។ ចំណែក​ប្រទេស​អាស៊ាន​ផ្សេងទៀត មានដូចជា វៀតណាម នៅ​លំដាប់​ទី​៥, មី​យ៉ាន់​ម៉ា នៅ​លេខ​រៀង​ទី​៧, ម៉ាឡេស៊ី​ទី​៨, ឥណ្ឌូណេស៊ី​ទី​២៨, សិង្ហ​បុរី​ទី​៥៧ និង​ហ្វីលីពីន​ទី​៦៦ ក្នុងចំណោម​ប្រទេស​ចំនួន​៩១​។ 
 
​ការវាយតម្លៃ​នេះ គឺ​ផ្អែកលើ​ទិន្នន័យ​នៃ​ការធ្វើ​តេស្ត ករណី​ឆ្លង​ប្រចាំថ្ងៃ អត្រា​មរណភាព​ប្រចាំថ្ងៃ និង​វិធានការ​ផ្សេងៗ​ទៀត​។ 
 
​បើតាម​របាយការណ៍​ដ​ដែល​នេះ តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក គឺ​ទប់ស្កាត់​COVID-19 បាន​យ៉ាង​ល្អ បើ​ធៀប​នឹង​តំបន់​អឺរ៉ុប អាមេរិក និង​អាមេរិក​ឡាទីន ពោលគឺ​ទាំង​អត្រា​ឆ្លង និង​អត្រា​មរណភាព​។ Lancet បាន​បញ្ជាក់ថា ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ដែន​ប្រទេស​មួយចំនួន​បរាជ័យ​ក្នុងការ​ទប់ស្កាត់ COVID-19 គឺ​ការដឹកនាំ​នយោបាយ ដែលមាន​លក្ខណៈ​ប្រជា​និយម​វេជ្ជសាស្ត្រ (Medical Populism)​។ បានន័យថា មេដឹកនាំ​នយោបាយ​មួយចំនួន គឺ​មើលស្រាល​ផលប៉ះពាល់​របស់​COVID-19 ឬ​ប្រើប្រាស់​វិធានការ​ងាយស្រួល ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​COVID-19 ជាដើម​។ 
 
​ការសិក្សា​របស់​គណៈកម្មកា​រ Lancet លើ​COVID-19 នៅក្នុង​ប្រទេស​ចំនួន​៩១ នេះ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ដើម្បី​ជា​ជំនួយ​សម្រាប់​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ ក្នុងការ​បង្ក្រាប​COVID-19​។ ការសិក្សា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​របស់​សកលលោក ដែល​កំពុង​ជួបប្រទះ​ដោយសារ​COVID-19​។ 
 
​គិត​មក​ត្រឹម​ពេលនេះ កម្ពុ​ជាមាន​ករណី​COVID-19 សរុប​ចំនួន ២៧៥​ករណី មិនមាន​អ្នកស្លាប់ និង​អ្នកជា​សះស្បើយ​ចំនួន ២៧៤​នាក់​៕ 

Tag:
 កម្ពុជា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com