COVID-19
អន្តរជាតិ
ប្រធានាធិបតី​លី​បង់ អំពាវនាវ​រក​ជំនួយ​កសាង​ប្រទេស​ឡើងវិញ ក្រោយ​ការផ្ទុះ​កំពង់ផែ​បេ​រូត​
24, Sep 2020 , 9:29 pm        
រូបភាព
ប្រធានាធិបតីលីបង់ Michael Aoun ថ្លែងសារក្នុងវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ប្រធានាធិបតីលីបង់ Michael Aoun ថ្លែងសារក្នុងវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ដោយ:
​នៅ​ចំពោះមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃទី​២៣ ខែកញ្ញា ប្រធានាធិបតី​លី​បង់ Michael Aoun បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ផ្តល់ជំនួយ​ដល់​លី​បង់​ដើម្បី​កសាង​ប្រទេស​ឡើងវិញ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​កំពង់ផែ​ទីក្រុង​បេ​រូត​ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង​២​រយ​នាក់ និង​ខូចខាត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ការអំពាវនាវ​នេះ ធ្វើឡើង​ចំពេល​ដែល លី​បង់​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច នយោបាយ មនុស្សធម៌ និង​ជំងឺឆ្លង COVID-19 ថែមទៀត​។​

 
​ថ្លែង​ក្នុង​វីដេអូ​ដែល​ថត​ទុកជាមុន ប្រមុខរដ្ឋ​លី​បង់ លោក Michael Aoun អះអាងថា ប្រទេស​របស់លោក ត្រូវការ​ជា​ចាំបាច់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​កសាង​ប្រទេស​សារជាថ្មី​នៅក្រោយ​ការផ្ទុះ​នៅ​កំពង់ផែ​ទីក្រុង​បេ​រូត​។ ប្រធានាធិបតី​លី​បង់ បាន​លើកឡើងថា ការផ្ទុះ​នេះ​បណ្តាល​ឲ្យ​ខាតបង់​តម្លៃ​សេដ្ឋកិច្ច​ចំនួន​៣,៥​ពាន់​លាន​ដុល្លារ ខូចខាត​ជា​សម្ភារៈ​៤,៥​ពាន់​លាន​ដុល្លារ និង​បណ្តាល​ឲ្យ​មនុស្ស​៣​សែន​នាក់​បាត់បង់​ផ្ទះសម្បែង គ្មាន​អគ្គីសនី និង​ទឹក​ប្រើប្រាស់​។ 
 
​បន្ថែម​ពីនេះ ករណី​ឆ្លង​ជំងឺ COVID-19 នៅ​លី​បង់​បាន​កើនឡើង​យ៉ាងច្រើន​ក្រោយ​ករណី​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​មួយ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Aoun ។​
 
​ក្នុង​ការកសាង​ទីក្រុង​បេ​រូត​ពី​គំនរ​បាក់បែក​វិញ ប្រធានាធិបតី​លី​បង់​បាន​លើក​ជា​ជម្រើស​ថា​៖«​គេ​អាចបែងចែក​តំបន់​ដែល​ខូចខាត​តាម​ភូមិសាស្ត្រ និង​អនុញ្ញាត​ឲ្យ​ប្រទេស​នីមួយៗ​ដែល​ចង់​ជួយ​តំបន់​នោះ ចាប់ផ្តើម​ការសាងសង់​ឡើងវិញ​ដោយផ្ទាល់​តែម្តង​»​។ យោងតាម​ធនាគារពិភពលោក ទីក្រុង​បេ​រូត ត្រូវការ​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ​ភ្លាមៗ​សម្រាប់​ការសាងសង់​។​
 
​ចំពោះ​ការស្តារ​ទីក្រុង​បេ​រូត​ឡើងវិញ​នេះ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​ធ្លាប់​ស្វះ​ស្វែងរក​ជំនួយ​ឲ្យ​លី​បង់ បាន​ព្រមាន​ថា អ្នកនយោបាយ​លី​បង់​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​បើសិនជា​ហ៊ាន​ពុករលួយ​លើ​លុយ​ជំនួយ​។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា បារាំង​នឹងមិន​ផ្តល់ជំនួយ​ដល់​លី​បង់​ឡើង បើសិនជា​អ្នកនយោបាយ​មិន​នាំគ្នា​ធ្វើកំណែទម្រង់ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​។​
 
​បន្ថែម​ពីនេះ​ទៅទៀត​ប្រទេស​ម្ចាស់ជំនួយ ដែល​ធ្លាប់​ផ្តល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ស​ន្នី​សិទ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៨ ក៏បាន​ប្តូរ​លក្ខខណ្ឌ​ក្នុងការ​ផ្តល់ជំនួយ​ក៏ដូចជា​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ​ជាដើម​។ ចំណែក​បារាំង​វិញ បានរៀបចំ​រួចរាល់​ហើយ​ស​ន្នី​សិទ​លើក​ទី​២​សម្រាប់​ផ្តល់ជំនួយ​ដល់​លី​បង់​នៅ​ពាក់កណ្តាល​ខែតុលា​។ ប៉ុន្តែ​រដ្ឋាភិបាល​លី​បង់​ត្រូវ​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា ពួកគេ​ពិតជា​មានបំណង់​ធ្វើ​កំណែរ​ទម្រង់ និង​បោសសម្អាត​អំពើ​ពុល​រលួយ​ទើប​ទទួលបាន​ជំនួយ​។​
 
​ក្រៅ​តែ​រឿង​កំពង់ផែ​ក្រុង​បេ​រូត លី​បង់​ក៏​ប្រឈម​នឹង​បញ្ហា​មនុស្សធម៌​ផងដែរ​។ លី​បង់ ដែលមាន​ប្រជាជន​ត្រឹម​៦​លាន ទទួល​ជនភៀសខ្លួន​ពី​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន​រហូតដល់​ទៅជិត​២​លាន​នាក់​។ បញ្ហា​ជនភៀសខ្លួន​នេះ បាន​ក្លាយជា​បន្ទុក​សេដ្ឋកិច្ច សង្គម សុខភាព និង​មនុស្សធម៌​ដល់​លី​បង់​ជា​ប្រទេស​ម្ចាស់ផ្ទះ​។​
 
​បន្ថែម​ពីនេះ ប្រធានាធិបតី​លី​បង់ ក៏​លើក​ពី​ផងដែរ​ពី​ការបំពាន​ដែនអាកាស ផ្លូវទឹក និង​ការទន្ទ្រាន​យក​ដី​ពី​អ៊ីស្រាអែល​។ លោក Aoun បានទាមទារ​អ៊ីស្រាអែល​ឲ្យ​គោរព​កាតព្វកិច្ច​អន្តរជាតិ​។​
 

Tag:
 លី​បង់​
 ​មហាសន្និបាត​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com