សង្គមអន្តរជាតិ
អន្តរជាតិ
លោក ស៊ូហ្កា៖ ជប៉ុន-កូរ៉េខាងត្បូង ត្រូវស្ដារទំនាក់ទំនងឡើងវិញដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្ហា (ខាងឆ្វេង) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ EPA-EFE
× ជប៉ុន និងកូរ៉េខាងត្បូង ត្រូវតែស្ដារទំនាក់ទំនងរបស់ខ្លួនឡើងវិញ និងសហប្រតិបត្តិការជាមួយគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែកញ្ញា ក្រោយការជជែកតាមទូរសព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។
លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃទី២៤ ខែកញ្ញា។ មិនប្លែកឡើយសម្រាប់ការជជែកតាមទូរសព្ទពេលនេះ ព្រោះលោក ស៊ូហ្កា ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ត្រូវណែនាំខ្លួនដល់មេដឹកនាំក្បែរខាងរបស់ខ្លួន។
ក្រោយជំនួបនេះ លោក ស៊ូហ្ហា បានប្រាប់អ្នកសារព័ត៌មានថា ជប៉ុន និងកូរ៉េខាងត្បូង មិនអាចទុកស្ថានភាពទំនាក់ទំនងមិនល្អក្នុងពេលបច្ចុប្បន្ន ចោលបានទេ។ កូរ៉េខាងត្បូង និងជប៉ុនគួរតែគិតគូរពីបញ្ហានេះ។
«កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាទំនាក់ទំនងរវាងជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គឺសំខាន់ណាស់ ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត។ លោកស៊ូហ្កា បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ជប៉ុននឹងបន្តស្វែងរកសកម្មភាពដ៏សមស្របពីសំណាក់កូរ៉េខាងត្បូងជុំវិញការស្តារទំនាក់ទំនងប្រទេសជិតខាងទាំងពីរ។
ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងសេអ៊ូល បានរងភាពល្អក់កករតាំងពីឆ្នាំ២០១៩ មកម្លេះ បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានចេញសាលក្រមបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងថ្លៃជំងឺចិត្តដល់កម្មករកូរ៉េខាងត្បូងដែលត្រូវបង្ខំឲ្យធ្វើការសម័យសង្គ្រាម ចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ សាលក្រមនេះ បានធ្វើឲ្យជប៉ុនរឹតត្បិតធាតុកម្រចំនួនបីប្រភេទទៅកូរ៉េខាងត្បូង។ ក្រោមមក បញ្ហាខាងលើបានបណ្តាលឲ្យជប៉ុន និងកូរ៉េខាងត្បូង មានជម្លោះពាណិជ្ជកម្មជាមួយគ្នា។
ចំណែក អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ កន្លងមក ធ្លាប់បញ្ជាក់ថា សំណុំរឿងដែលជប៉ុនដាក់អាណានិគមលើកូរ៉េនេះ ត្រូវបានដោះស្រាយចប់សព្វគ្រប់ក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៦៥ អស់ហើយ៕
Tag:
ជប៉ុន
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com