កីឡាអន្តរជាតិ
អន្តរជាតិ
Wolves ទិញ Semedo ពី Barca ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៤៧​លាន​ដុល្លារ
24, Sep 2020 , 2:51 pm        
រូបភាព
Wolverhampton Wanderers បាន​ចំណាយ​ប្រាក់​ជា​កំណត់ត្រា ដើម្បី​ទិញយក​ខ្សែការពារ Nelson Semedo ពី Barcelona ក្នុងតម្លៃ ៣៧ លាន​ផោន (៤៧​លាន​ដុល្លារ​អាមេរិក​)​។ បើតាម​ការផ្សាយ​របស់ BBC កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ នឹង​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។​


​លោក Nuno Espirito Santo អ្នកចាត់ការ​ទូទៅ Wolves នឹង​យក Semedo ទៅ​ជំនួស​កន្លែង Matt Doherty ដែល​បាន​ផ្លាស់​ទៅលេង​ឲ្យ Tottenham Hotspur ក្លិប​ក្នុង​ក្របខណ្ឌ Premier League ជាមួយគ្នា កាលពី​ខែសីហា​។​
 
​ក្រោយ​យកបាន​កីឡាករ​ដ៏​មាន​ទេពកោសល្យ​មក​រួម​ក្រុម លោក Jeff Shi ដែលជា​នាយក​ប្រតិបត្តិ​ក្លិប​រហស្សនាម​ចចក​ខ្មៅ​បាន​លើកឡើងថា​នេះ​ជា​ឱកាស​ដ៏​កម្រ និង​តិចតួច​បំផុត ដែល​ក្រុម​លោក​អាច​ទិញយក​កីឡាករ​លំដាប់​ពិភពលោក​ពី​ក្លិប​លំដាប់​ពិភពលោក​បែបនេះ​។​
 
​អាយុ ២៦​ឆ្នាំ Semedo ខ្សែការពារ​រូបនេះ ធ្លាប់បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ១២៤​លើក និង​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ចំនួន ១៣ ប្រកួត​ផងដែរ​។ ជុំវិញ​ការផ្ទេរ Semedo ក្រុម​រហ្សនាម​អ្នកមាន​បុណ្យ​បានបង្ហាញ​តម្លៃ​ទិញដូរ ៣៥​លាន​ដុល្លារ និង​បូក​បន្ថែម ១២​លាន​ដុល្លារ​ទៀត​។​
 
Semedo ដែល​យល់ព្រម​ចុះកិច្ចសន្យា​ជាមួយ Wolves ដល់​ឆ្នាំ ២០២៣ ជា​កីឡា​ករទី​៣ បន្ទាប់ពី​លោក Santo ទិញ​បាន Fabio Silva ពី FC Porto និង Ki-Jana Hoever មកពី Liverpool​។ អតីត​សមា​ជិ​ក្រុម Benfica រូបនេះ ក៏បាន​ក្លាយជា​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ទី​១០ និង​ជា​កីឡាករ​ថ្លៃ​បំផុត​របស់ Wolves ខណៈ Fabio Silva ដែល​ទិញ​ពី Porto តម្លៃ​៤៥​លាន​ដុល្លារ ឈរ​លេខ​ពីរ​។​
 
​មុន​ទិញ​ចូល​កីឡា​ករទាំង​៣ Wolves បាន​លក់​កីឡាករ​មួយចំនួន​ដូចជា​ខ្សែប្រយុទ្ធ Diogo Jota ទៅ​ឲ្យ Liverpool ក្នុងតម្លៃ ៥២​លាន​ដុល្លារ និង Doherty ទៅ Spurs ជាដើម​៕

Tag:
 Wolves
  Nelson Semedo
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com