ជាតិ
​ព្រះអង្គ ពិន សែម លើកឡើង​ពី​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ដើម​ព្នៅ ហើយ​លើកទឹកចិត្ត​ពុទ្ធបរិស័ទ​ឲ្យ​ដាំ​ឡើងវិញ​
24, Sep 2020 , 10:59 pm        
រូបភាព
ព្រះសង្ឃវត្តរាជបូណ៍ រូបភាពពីអជ្ញាធរជាតិអប្សរា
ព្រះសង្ឃវត្តរាជបូណ៍ រូបភាពពីអជ្ញាធរជាតិអប្សរា
ដោយ:
​ព្រះមហា​វិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម ព្រះចៅអធិការ​វត្ត រាជ​បូ​ណ៍ ក្នុង​ខេត្តសៀមរាប បាន​ដឹកនាំ​ព្រះសង្ឃ​ប្រមាណ​៦០​អង្គ​ចូលរួម​ដាំ​ដើម​ព្នៅ​នៅ​បរិវេណ​ក​សិន្ធុ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ដើម្បី​ចូលរួម​ថែ​ក្សា​រុក្ខជាតិ​នេះ​កុំ​ឲ្យ​បាត់បង់​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០២០​។

 
​បើតាម​ប្រភព​ដដែល ពូជ​ដើម​ព្នៅ​នេះ​មាន​ចំនួន ៨៤​ដើម ដែល​យក​មកពី​ស្រុក​ពួក នៃ​ខេត្តសៀមរាប និង​ស្រុក​ព្រះនេត្រព្រះ នៃ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​។ ព្រះមហា​វិមលធម្ម ពិន សែម មានបន្ទូលថា ដើម​ព្នៅ​មាន​សារប្រយោជន៍​ដ៏​អស្ចារ្យ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ដឹង និង​ចូលរួម​ដាំ​ឡើងវិញ​កុំឱ្យ​បាត់បង់​។ ពិសេស​ជាង​នេះ ដើម​ព្នៅ ជា​រុក្ខជាតិ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សាសនាព្រាហ្មណ៍ និង​ប្រើប្រាស់​សម្រាប់​ជា​ឱសថ​ព្យាបាល​រោគ​ផង​។​


 
​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៍ មាន​សង្ឃដីកា​បន្ថែមថា «​ព្នៅ​» គឺជា​រុក្ខជាតិ​ដែល​ប្រើ​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះមហាក្សត្រ​ផងដែរ​។ គេ​និយម​ប្រើ​ស្លឹក​របស់​វា​ក្នុង​ពិធី​ឡើងគ្រងរាជ្យសម្បត្តិ និង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ​ជាដើម​។ គេ​យក​ជ័រ​របស់​ផ្លែ​ព្នៅ ទុំ​ធ្វើជា​កាវ​បិត​ក្រដាស​សៀវភៅ​ជាដើម​។ ដោយឡែក ផ្លែ​ព្នៅ​ទុំ គេ​អាច​ទទួលទាន ព្រោះ​វា​មាន​រសជាតិ​ផ្អែម និង​មាន​ក្លិន​ឈ្ងុយ​។ រីឯ សំបក​ផ្លែ​ព្នៅ​ទុំ គេ​អាច​យកទៅ​ដាំទឹក​ពិសារ ព្រោះ​វា​មាន​រសជាតិ​ឆ្ញា​ញ់ និង​អាច​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ទៀតផង​។ 
 
​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សាទរ​ចំពោះ​សកម្មភាព​នេះ ដោយ​ត្រៀម​ដី​មួយកន្លែង​នៅ​ខាងជើង​ក្រុង​អង្គរធំ សម្រាប់​ធ្វើជា​ចម្ការ​ព្នៅ និង​ដាំ​ពូជ​ព្នៅ​ចម្រុះ​សម្រាប់​ជា​ប្រយោជន៍​ទៅ​ថ្ងៃក្រោយ និង​ជា​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ដើម​ព្នៅ​។ លោក​បន្តទៀតថា ក្នុង​រមណីយដ្ឋាន​អង្គរ គឺមាន​ដើមឈើ​រហូត ១៨៣​ប្រភេទ ហើយ​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា គឺ​ចង់​ថែរក្សា​តំបន់​នេះ​នៅតែ​សម្បូរ​ធនធានធម្មជាតិ​ចម្រុះ​ផងដែរ​៕ 
 






Tag:
 ដាំ​កូនឈើ​
 ​ដើម​ព្នៅ​
 ​សៀមរាប​
 ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com