អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ដ្រាលី ផ្ដល់ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​ដល់​សហគ្រាស​ក្នុង​វិស័យ​កសិកម្ម​តាមរ​រយៈ​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើក​ទី​២
24, Sep 2020 , 3:06 pm        
រូបភាព
​សហគ្រិន​ខ្មែរ (​ស្ថាប័ន​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) និង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​អូស្ដ្រាលី ហៅ​កាត់​ថា CAVAC (​កម្មវិធី​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​លើកស្ទួយ​ការប្រកួតប្រជែង​និង​ភាពរឹងមាំ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​) នឹង​ផ្ដល់​ជា​ជំនួយ​ហិរញ្ញប្បទាន​ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ក្នុង​វិស័យ​កែច្នៃ​កសិផល ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម​ក្នុងស្រុក តាម រយៈ​កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើក​ទី ២​។​


 
​ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ជម្ងឺ​កូ​វីដ​១៩ ដែល​សហគ្រិន​កម្ពុជា​កំពុង​ជួបប្រទះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​សហគ្រិន​ខ្មែរ បានរៀបចំ​បង្កើត​កម្ម​វិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​នេះ​ឡើង​។ កម្មវិធី​នេះ គឺជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​មួយ​ដ៏​មុត​ស្រួច បង្កើតឡើង​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា ដែល​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​។ កម្មវិធី​នេះ​ក៏​ជា​មធ្យោបាយ​ចម្បង​មួយ ដែល​ជួយ​ឱ្យ​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ​មាន​ស្ថេរភាព​ឡើងវិញ ជាពិសេស​ជួយ​ទៅដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​បន្តទៀត ក្នុងកំឡុងពេល រួមទាំង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។ 


 
​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ត្រូវបាន​អនុវត្ត​ឡើងជា ៤ ដំណាក់កាល​ធំៗ​។ នៅ​ដំណាក់កាល​ទី​១ សហគ្រិន​ខ្មែរ ធ្វើការ​ប្រកាស​ពី​ការបើកទទួល​ពាក្យស្នើសុំ​តាមរយៈ​បណ្ដាញ​សង្គម​នានា តាមរយៈ​ដៃគូ​របស់​សហគ្រិន​ខ្មែរ និង​បណ្ដាញសារព័ត៌មាន​ផ្សេងៗ​។ ដំណាក់កាល​ទី​២ សហគ្រិន​ខ្មែរ ចាប់ផ្ដើម​ស​ម្រឹត​សម្រាំង និង​ដាក់ពិន្ទុ​ពាក្យស្នើសុំ​ទាំងអស់ ដោយ​ផ្អែកទៅលើ​គោលការណ៍​វាយតម្លៃ​ស្ដង់ដា​។ ក្នុង​ដំណាក់​ទី​៣ សហគ្រិន​ខ្មែរ អញ្ជើញ​សហគ្រិន​ជាប់​វគ្គ​ជម្រុះ​ទាំងអស់ មក​ធ្វើ​បទ​បង្ហាញ​ពី​គម្រូ​អាជីវកម្ម​របស់ខ្លួន នៅ​ចំពោះមុខ​គណៈកម្មការ​ដែល​សុទ្ធតែជា​បុគ្គល​មានបទពិសោធន៍ និង​ជំនាញ​ក្នុង​ការធ្វើ​អាជីវកម្ម (Business Experts) វិនិយោគិន (Investor) និង​មូលនិធិ​វិនិយោគឯកជន (Venture Capitalists)​។ នៅក្នុង​ដំណាក់កាល​ទី​៤ សហគ្រិន​ខ្មែរ ប្រកាស​ពី​បេក្ខភាព​ជ័យលាភី ដែល​បានទទួល​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ជូន​ដល់​សាធារណៈ និង​ជា​ឱកាស​ជួយ​ផ្សព្វផ្សាយ​ពី​គម្រូ​អាជីវកម្ម ផលិតផល និង​សេវាកម្ម​របស់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ​។ 


 
​នៅក្នុង​បេសកកម្ម​លើកស្ទួយ​វិស័យ​កែច្នៃ​កសិផល​ដើម្បី​ជំនួស​ឱ្យ​ការ​នាំចូល​នេះដែរ សហគ្រិន​ខ្មែរ បាន​បង្កើត​កិច្ចព្រមព្រៀង​ដៃគូ​សហការ​ជាមួយនឹង CAVAC​។ បន្ថែម​ពីនេះ​ដែរ នៅក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ CAVAC បាន​ចូលរួម​ជា​គណៈកម្មការ​វាយតម្លៃ នៅក្នុង​ដំណាក់កាល​ទី​៣​។ តាមរយៈ​ការរៀបចំ​បែបនេះ CAVAC មាន​សមាសភាព​ពេញលេញ ក្នុងការ​ផ្ដល់​ជា​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម ជូន​ទៅដល់​សហគ្រិន​ជម្រុះ​រូប​ណា ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ឆ្លើយតប​ទៅនឹង​គោលបំណងកម្មវិធី​របស់ CAVAC​។​
 
​លោក​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ នៃ​សហគ្រិន​ខ្មែរ មានប្រសាសន៍ថា​៖ <<​ក្នុងនាម​ជា  ស្ថាប័ន​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហគ្រិន​ខ្មែរ មាន​ចក្ខុវិស័យ ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​ការលើកកម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា​។ ការចូល​រួមសហការ​ផ្ដល់​សហ​ហិរញ្ញប្បទាន​តាមរយៈ​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើក​ទី​២​នេះ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ឆន្ទៈ និង​គោលបំណង​រួម​របស់​សហគ្រិន​ខ្មែរ និង​CAVAC ក្នុងការ​លើកស្ទួយ និង​លើកកម្ពស់​វិស័យ​កសិកម្ម ជាពិសេស​ការកែច្នៃ​កសិផល​ជំនួស​ឱ្យ​ការនាំ​ចូល​ឱ្យ​កាន់តែ​ប្រសើរឡើង​>>​។​


 
​លោក​បណ្ឌិត​ក៏បាន​បន្ថែមថា​៖ «​សហគ្រិន​ខ្មែរ មាន​សេចក្ដី​សោម​ន្ស ដែល​បានឃើញ​គំនិត​ផ្ដួចផ្ដើម​យ៉ាងសកម្ម​របស់ CAVAC ក្នុងការ​ចូលរួមចំណែក​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​តាមរយៈ​សហគ្រិន​ខ្មែរ ក្នុង​វេលា​ដែល​កម្ពុជា​កំពុងតែ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ   កូ​វីដ​-១៩​នេះ ។ សហគ្រិន​ខ្មែរ​សង្ឃឹម​ដោយ​សុទិដ្ឋិនិយម​ថា ស្ថាប័ន​ជាច្រើន​ផ្សេងទៀត នឹង​ជ្រើសរើស​កម្មវិធី​របស់​ស​ហ​គ្រិន​ខ្មែរ ជា​មធ្យោបាយ​ចម្បង​ក្នុងការ​សម្រេចបាន​នូវ​គោលបំណង​នៃ​កម្មវិធី​របស់ខ្លួន តាមរយៈ​ការ​ក្លាយជា​ដៃគូ​សហការ​របស់​សហ​គ្រិន​ខ្មែរ ក្នុងការ​អនុវត្ដ​ន៍​គម្រោង​ផ្សេងៗ​ទៀត នា​ថ្ងៃ​អនាគត​»​។​
 
​សហគ្រិន​ខ្មែរ ជឿជាក់ថា ជំនួយ​ហិរញ្ញប្បទាន ដែល​ផ្ដល់ជូន​តាមរយៈ កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ អាចជា​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ ក្នុង​ពេលនេះ​។ សហគ្រិន​ខ្មែរ ក៏​សង្ឃឹមថា​ដៃគូ​ជាច្រើន​ដទៃទៀត អាចចាប់ផ្ដើម​នូវ​សកម្មភាព​ផ្សេងៗ ក្នុងការ​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ជួយ​ជម្រុញ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com