ជាតិ
ក្រសួងសុខាភិបាល​៖ ទារក​មិន​បៅ​ទឹកដោះ​ម្តាយ នឹងធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​យឺត និង​បាត់បង់​ភាព​វៃឆ្លាត​
25, Sep 2020 , 7:59 am        
រូបភាព
ទារក​កំពុងបំបៅទឹកដោះម្តាយ
ទារក​កំពុងបំបៅទឹកដោះម្តាយ
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​មាតា ដែល​ទើបតែ​ឆ្លងទន្លេ​រួច គួរតែ​បំបៅ​ទឹកដោះ ទារក​ឲ្យ​បាន​៦​ខែ​ដំបូង ដើម្បី​ជួយ​បង្កើន​ភាព​ឆ្លាត​វ៉ៃ និង​ទប់ស្កាត់​មរណភាព​ទារក​បាន​២០​ភាគរយ ។ នេះ​បើតាម​ក្រសួងសុខាភិបាល ។

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការ​បំបៅកូន​ដោយ​ប្រើ​ម្សៅ​ទឹកដោះគោ​ជំនួស​ការ​បៅ​ទឹកដោះ​ម្តាយ នឹងធ្វើ​ឲ្យ​ទារក​ប្រឈម​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺរាគ ជំងឺ​សួត ជំងឺហឺត ភាព​ឆ្លាត​វៃ​ចុះខ្សោយ ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង បញ្ហា​លើស​ទម្ងន់​ជាដើម​។ បើតាម​ក្រសួងសុខាភិបាល ការ​បំបៅកូន ដោយ​ទឹកដោះ នឹង​ជួយ​ឲ្យ​ទារក​កាត់បន្ថយ​ជំងឺរាគ​រូស​បាន​១១​ដង ជំងឺ​រលោក​សួត​បាន​១៥​ដង​។​
 
​ក្រសួងសុខាភិបាល បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ទឹកដោះ​ម្តាយ​គឺជា​អាហារ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ទារក និង​កូន​។ គ្មាន​ផលិតផល​ណា​ល្អ​ជាង​ទឹកដោះ​ម្តាយ​ឡើយ ព្រោះ​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​រាល់​សារជាតិ​ចិញ្ចឹម​ដែល​ទារក​ត្រូវការ​។ សារធាតុចិញ្ចឹម​សំខាន់ៗ​ដែលមាន​នៅក្នុង​ទឹកដោះ​ម្តាយ រួមមាន​ប្រូតេអ៊ីន ដែលជា​អាហារ​សាងសង់​សម្រាប់​អភិវឌ្ឍ​ការលូតលាស់​របស់​រាង​កាយ​កុមារ ជាតិ​ស្ករ​ឡាក់​តូ​ស ដែល​ជួយផ្តល់​កម្លាំង​ដល់​កុមារ ជាតិ​ខ្លាញ់​ទ្រទ្រង់​កោសិកា​រាងកាយ​កុមារ ថែរក្សា​សីតុណ្ហភាព​។ ទឹកដោះ​ម្តាយ​សម្បូរ​ទៅដោយ​ជីវជាតិ​អា បេ សេ ដេ ជាតិ​ដែក ប៉ូ​តា​ស្យូ​ម កាល់ស្យូម និង​រ៉ែ​ខនិជ សម្រាប់​ការពារ​ពី​ជំងឺ​ផ្សេងៗ​»​។   
 
​ដើម្បី​ជៀសវាង​ឲ្យ​កុមារ​កាត់បន្ថយ​ជំងឺ​ផ្សេងៗ និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមារ ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​មាតា​បំបៅ​ទឹកដោះ​ដល់​ទារក និង​កុមារ​។ សម្រាប់​អ្នក​ភាគី​ពាក់ព័ន្ធ​ដែល​កំពុងធ្វើការ​ផ្នែក​គាំពារ​កុមារ និង​ទារក ក៏ត្រូវ​បង្កើត​យុទ្ធនាកា​រ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​ការ​បំបៅ​ទឹកដោះ​ម្តាយ និង​ហានិភ័យ​នៃ​ការមិន​បំបៅ​ទឹកដោះ​ម្តាយ​។ 
 
​កាលពីពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ចុះទៅ​ប្រមូល​ទឹកដោះគោ​ម៉ាក (Nutrilatt) ដែលមាន​លេខ​កូ​ជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ នៅតាម​ផ្សារ​ទំនើប និង​ផ្ទះ​លក់ទំនិញ​មួយចំនួន ក្រោយពី​ផលិតផល​ទាំងនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កុមារ​៕ 
 
 

Tag:
 មាតា​
 ​ទឹកដោះ​
 ​ជំងឺ​
 ​ទារក
© រក្សាសិទ្ធិដោយ thmeythmey.com