ជាតិ
សម្ដេច ហ៊ុន សែន ស្នើសុំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​រុស្ស៊ី
24, Sep 2020 , 3:54 pm        
រូបភាព
ជំនួបពិភាក្សារវាង សម្ដេច ហ៊ុន សែន និង លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ថ្ងៃទី២៤កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ SPM)
ជំនួបពិភាក្សារវាង សម្ដេច ហ៊ុន សែន និង លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ថ្ងៃទី២៤កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ SPM)
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន បានស្នើ​សុំ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩​ពី​រុស្ស៊ី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កាច​សាហាវ​នេះ​។ ការស្នើសុំ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង សម្ដេច ហ៊ុន សែន និង លោក អាណា​ថូ​លី បូ​រូ​វី​ក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៤​កញ្ញា​។



​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក អាណា​ថូ​លី បូ​រូ​វី​ក គឺ​បាន​ជជែក​គ្នា​ពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដែលមាន​រយៈពេល​៦៤​ឆ្នាំ និង​ការរកឃើញ​វ៉ាក់សាំង​របស់​ប្រឆាំងនឹង​កូ​វីដ​-១៩ របស់​ប្រទេស​រុស្ស៊ី​។ 
 
​សម្ដេច ហ៊ុន សែន ចាត់ទុក​ការរកឃើញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​ពិភពលោក​។ «​ការរកឃើញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ អាចជួយ​ដល់​ពិភពលោក​យើង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាច្រើន​រួមទាំង​ញ្ហា​សេដ្ឋកិច្ច សង្គម និង​ការទំនាក់ទំនង​រវាង​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ។​
 
អត្ថបទទាក់ទង
 
 
​កាលពី​ថ្ងៃទី​១១​សីហា លោក វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតីរុស្សុី បានប្រកាសថា ប្រទេស​ខ្លួន​បាន​រកឃើញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ មុនគេ​លើ​ពិភពលោក​។ វ៉ាក់សាំង​ដែលមាន​ឈ្មោះ Sputnik V នេះ បានដាក់​ធ្វើតេស្ត​លើ​មនុស្ស ៤​ម៉ឺន​នាក់ ដោយ​គិត​ចាប់ពី​ខែកញ្ញា​នេះ​តទៅ​។ យ៉ាងណាក៏ដោយ វ៉ាក់សាំង​នេះ កំពុង​ចោទ​ពី​សំណួរ​ជាច្រើន​ជុំវិញ​បញ្ហា​ប្រសិទ្ធភាព ជាពិសេស​បណ្តា​ប្រទេស​អឺរ៉ុប និង​អង្គការ​WHO​។ 
 
​នៅ​ថ្ងៃទី​១៤​សីហា ទូរទស្សន៍​រដ្ឋ​វៀត​ណា​បានចេញ​ផ្សាយ​ថា ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​ខ្លួន​បានសម្រេច​ចុះឈ្មោះ​ទិញ​វ៉ាក់សាំង​របស់​រុស្ស៊ី​។ 
 
​សូមបញ្ជាក់ថា ចិន អាមេរិក និង​អាល្លឺម៉ង់​ជាដើម ក៏​កំពុង​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែរ​។ ចិន ត្រូវបាន​មើលឃើញថា នាំមុខគេ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ ដោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​កំពុង​ស្ថិតនៅ​ដំណាក់កាល​ទី​បី​នៃ​ការអភិវឌ្ឍ​។ 
 
​មិនតែប៉ុណ្ណោះ ចិន​ក៏បាន​សន្យា​ផ្ដល់​វ៉ាក់សាំង ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ផងដែរ ក្រោយ​បញ្ចប់​ការធ្វើ​តេស្ត​ជា​ស្ថាពរ​។ នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង បាន​សន្យា​បែបនេះ នៅក្នុង​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ពាក់ព័ន្ធ​នឹង​ការ​«​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៤ សីហា​នេះ​៕

Tag:
 កូ​វីដ​-១៩
  រុស្ស៊ី​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com