COVID-19
អន្តរជាតិ
លោក ពូ​ទីន ប្រកាស​ផ្តល់​វ៉ាក់សាំង COVID-19 ដោយ​ឥតគិតថ្លៃ​ដល់​បុគ្គលិក UN
24, Sep 2020 , 4:17 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀ ពូទីន ថ្លែងសារក្នុងវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថ្លែងសារក្នុងវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី  វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២២ ខែកញ្ញា​ថា រុស្ស៊ី​នឹង​ផ្តល់​វ៉ាក់សាំង COVID-19 ដោយ​មិន​គិតថ្លៃ​ដល់​បុគ្គលិក​អង្គការសហប្រជាជាតិ (UN) ទាំងអស់​។ កាលពី​ថ្ងៃទី​១៣ ខែសីហា​កន្លងទៅ​លោក ពូ​ទីន បានប្រកាសថា​រុស្ស៊ី​ជោគជ័យ​ក្នុង​ការបង្កើត​វ៉ាក់សាំង COVID-19 ដែលមាន​ឈ្មោះថា Sputnik V ។

 
​ប្រមុខរដ្ឋ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាសថា បុគ្គលិក​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញ៉ូ​វយ​ក និង​នៅ​ជុំវិញ​ពិភពលោក​នឹង​ទទួលបាន​វ៉ាក់សាំង COVID-19 មិន​គិតថ្លៃ​ពី​រុស្ស៊ី បើសិនជា​ពួកគេ​ចង់បាន​។ លោក ពូ​ទីន អះអាងថា មនុស្ស​គ្រប់រូប​អាច​ប្រឈម​នឹង​វីរុស​ដ៏​សាហាវ​នេះ ហើយ​វីរុស​បង្ក​ជា​ជំងឺ​COVID-19 នេះ ក៏​មិន​អត់អោន​ឲ្យ​បុគ្គលិក​អង្គការសហប្រជាជាតិ​នៅ​ទីស្នាក់ការ​កណ្តាល ឬ​នៅ​តំបន់​ដទៃ​ឯទៀត​ឡើយ​។​
 
«​រុស្ស៊ី ត្រៀម​រួចរាល់​ជាស្រេច​ដើម្បី​ផ្តល់​បុគ្គលិក​អង្គការសហប្រជាជាតិ នូវ​ជំនួយ​ចាំបាច់ និង​សព្វគ្រប់ ហើយ​ជាពិសេស ការផ្តល់​វ៉ាក់សាំង​មិន​គិតថ្លៃ​ដល់​បុគ្គលិក​អង្គការ​នេះ សម្រាប់​អ្នកស្ម័គ្រចិត្ត​ហ៊ាន​ចាក់​វ៉ាក់សាំង​»​។ លោក​អះអាងថា សំណើ​ផ្តល់​វ៉ាក់សាំង​នេះ ឆ្លើយតប​ទៅនឹង​ទាមទារ​ពី​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP ។​
 
​ចំពោះ​ការស្នើ​ផ្តល់​វ៉ាក់សាំង​ពី​សំណាក់​មេដឹកនាំ​រុស្ស៊ី​នេះ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric អរគុណ​ចំពោះ​ការផ្តល់ជូន​នេះ ហើយនឹង​បន្ត​សិក្សា​ពី​សំណើ​ខាងលើ​។ ចំណែក​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) លោកស្រី​វេជ្ជបណ្ឌិត Margaret Harris បដិសេធ​មិន​ផ្តល់យោបល់​អ្វី​ទាំងអស់​។​
 
​ជុំវិញ​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​នេះដែរ ព្រឹត្តិបត្រ​សុខភាព Lancet របស់​អង់គ្លេស បា​នស​សេរ​ដោយយោង​តាម​អ្នក​អភិវឌ្ឍ​វ៉ាក់សាំង​រុស្ស៊ី​ថា Sputnik V មាន​សុវត្ថិភាព និង​ព​ន្លឿ​ន​ការឆ្លើយតប​របស់​អង់​ទីករ​ក្នុងចំណោម​អ្នកធ្វើ​តេស្ត​ទាំងអស់​៤០​រូប នៅ​ដំណាក់កាល​ទី​២ ។ ទោះជា​យ៉ាងណាក្តី ព្រឹត្តិបត្រ​សុខភាព Lancet បាន​កត់សម្គាល់ថា អ្នកចូលរួម​ទាំង​៤០​រូប ត្រូវបាន​គេ​តាមដាន​តែ​រយៈពេល​៤២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ការធ្វើ​តេស្ត​មាន​ទ្រង់ទ្រាយ​តូច​។​
 
​កាលពី​ថ្ងៃទី​២១ ខែកញ្ញា​កន្លងទៅ​សារព័ត៌មាន​រុស្ស៊ី​បាន​ចុះផ្សាយ​ថា នាយក WHO តំបន់​អឺរ៉ុប លោក Hans Kluge បា​នស​សើរ​វ៉ាក់សាំង Sputnik V នេះ ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី Mikhail Murashko​។ សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ថែមទាំង​បាន​ចុះផ្សាយ​ថា លោក Kluge ថែមទាំង​បា​នស​សើរ​រុស្ស៊ី​ចំពោះ​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ថា វ៉ាក់សាំង Sputnik V នេះ មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។​
 
​ការអភិវឌ្ឍ​វ៉ាក់សាំង COVID-19 របស់​រុស្ស៊ី ត្រូវបាន​អ្នកជំនាញ​សុខាភិបាល​ចាត់ទុកថា​លឿន​ហើយក៏​ដូចជា​ប់​ការសង្ស័យ​ដែរ ដ្បិតអី​រុស្ស៊ី​ពុំបាន​បញ្ចេញ​លទ្ធផល និង​ទិន្ន័យ​នៃ​ការធ្វើ​តេស្ត​ជា​ផ្លូវការ និង​ពុំ​សូវ​ជា​បានធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​។ យ៉ាងណាក្តី ប្រធានាធិបតី​រុស្ស៊ី​អះអាងថា វ៉ាក់សាំង​នេះ​បាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព ដោយ​កូនស្រី​របស់លោក​ក៏​ទទួលបាន​វ៉ាក់សាំង​នេះដែរ​៕
 

Tag:
 រុស្ស៊ី​
  មហាសន្និបាត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com