អន្តរជាតិ
វៀតណាម ស្នើ​ឲ្យ​បង្កើត​ចារកិច្ច​យោធា​អាស៊ាន
25, Sep 2020 , 9:29 am        
រូបភាព
រូបភាព៖ qdnd.vn
រូបភាព៖ qdnd.vn
​វៀតណាម នៅ​ថ្ងៃទី​២២ ខែកញ្ញា បានស្នើ​ឲ្យ​បង្កើត​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន (AMIC) នា​កិច្ចប្រជុំ​ចារកិច្ច​យោធា​អាស៊ាន (AMIM) លើក​ទី​១៧​។ ការបង្កើត​សហគមន៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជាទី​ប្រឹក្សា​សម្រាប់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​រប​ស់ប​ណ្តា​ប្រទេស​អាស៊ាន ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​។

 
​នៅក្នុង​កិច្ចប្រជុំ​ចារកិច្ច​យោធា​អាស៊ាន​លើក​ទី​១៧ ឧ​ត្ត​ម​សេនីយ៍​ឯក Pham Ngoc Hung ប្រធាន​នាយកដ្ឋាន​ចារកិច្ច​យោធា​នៃ​ក្រសួងការពារជាតិ​វៀតណាម បាន​លើកឡើងថា សហគមន៍​ចារកិច្ច​យោធា​អាស៊ាន នឹង​ជួយ​បង្កើន​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គភាព​ចារកិច្ច​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។ 
 
​តាមរយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​មន្ត្រី​ចារកិច្ច​មកពី​ប្រទេស​អាស៊ាន​ផ្សេងទៀត លោក Pham បាន​បន្តទៀតថា សហគមន៍​ចារកិច្ច​យោធា​អាស៊ាន នឹង​ដើរតួរ​ជាទី​ប្រឹក្សារ​សម្រាប់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ ជាពិសេស​សហគមន៍​នេះ នឹង​ជួយ​ស្ថាបនា​សហគមន៍​អាស៊ាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Plus​។ 
 
​ក្នុង​វេទិកា​ដដែល​នេះ វៀតណាម ក៏បាន​លើកឡើង​ពី​បញ្ហា​ផ្សេងទៀត​ផងដែរ ដូចជា COVID-19, សន្តិសុខ​ទឹក​តាម​ដង​ទន្លេមេគង្គ និង​ស្ថានភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា សមុទ្រ​ខាងកើត​។ លើសពីនេះ កិច្ចប្រជុំ​ចារកិច្ច​ខាងលើ ក៏បាន​ផ្តោតលើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ធ្វើ​សេចក្តីព្រាង​លើ​ដំណោះស្រាយ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​ទៀតផង​។ 
 
​កិច្ចប្រជុំ​នេះ ក៏បាន​ពិនិត្យមើល​លើ​ឯកសារ​គម្រោង​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន និង​បញ្ចប់​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួមគ្នា​លើ​កិច្ចប្រជុំ​ប្រមុខ​កម្លាំង​ការពារជាតិ​អាស៊ាន​លើក​ទី​១៧ ដែរ​។ ចុងបញ្ចប់​កិច្ចប្រជុំ ឧ​ត្ត​ម​សេនីយ៍ Pham បានប្រគល់​តំណែង​ប្រធាន​កិច្ចប្រជុំ​ចារកិច្ច​អាស៊ាន​ឲ្យ​ព្រុយ​ណេ ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​នៅ​ឆ្នាំក្រោយ​៕

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com